សុខ ឥសាន ថា សម រង្ស៊ី កំពុង​«ដេក​យល់សប្ដិ»

នៅចំពោះលក្ខខណ្ឌទាំងឡាយ ដែលមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងពីក្រៅប្រទេសមកនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបនៅថ្ងៃនេះ ថាវាគ្រាន់តែជាការស្រមើស្រមៃ និងដេកយល់សប្ដិប៉ុណ្ណោះ។
សុខ ឥសាន ថា សម រង្ស៊ី កំពុង​«ដេក​យល់សប្ដិ»
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 29, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលើកឡើង របស់លោក សម រង្ស៊ី គ្រាន់តែជា«ការស្រមើស្រមៃ ដេកយល់សប្តិ» ប៉ុណ្ណោះ។ នេះ ជាការថ្លែងឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីប្រតិកម្មទៅនឹងលក្ខខណ្ឌទាំងឡាយ ដែលលោក សម រង្ស៊ី បានលើកឡើង ដើម្បីជាថ្នូរ ឲ្យសហគមន៍អន្តរជាតិ និយាយរកលោក ហ៊ុន សែន។

ការអះអាងរបស់លោក សម រង្ស៊ី នោះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រ ឲ្យព្រះរាជទានលើកលែងទោស ដល់ជនជាប់ឃុំជាច្រើននាក់ ដែលអនុញ្ញាតឲ្យពួកគេ មានសេរីភាពជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ សម្រាប់ប្រធានចលនាសង្គ្រោះជាតិ ការដោះលែងអ្នកជាប់ឃុំទាំងនោះ មិនទាន់គ្រប់គ្រាន់ទេ តែលោក ហ៊ុន សែន ត្រូវបំពេញតាមលក្ខខណ្ឌទាំងអស់ ដូចខាងក្រោម៖

១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ។

នៅលើប្រព័ន្ធតេឡេហ្គ្រាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រតិកម្មតបវិញថា គណបក្សសង្រ្គោះជាតិ ដែលបានស្លាប់បាត់ទៅហើយ តាមសាលដីកាស្ថាពរ របស់តុលាការកំពូលនោះ មិនអាចរស់មកវិញ ជាដាច់ខាត។ ចំណែកមន្ត្រី ១១៨រូប របស់គណបក្សប្រឆាំងនេះ ដែលទទួលរងទណ្ឌកម្ម ដោយសាលក្រមតុលាការខាងលើ ក៏មិនអាច​មកធ្វើ​សកម្មភាព​នយោបាយ​បាន​ដែរ ក្នុងរយៈពេលតិចជាង ៥ឆ្នាំ បើគ្មានពិរុទ្ធភាពថ្មីទៀតទេ។ លុះត្រាតែដល់ឆ្នាំ២០២៣ ទើបក្រុមមន្ត្រីទាំងនោះ អាចធ្វើសកម្មភាពនយោបាយ ដូចដើមវិញបាន។

លោកថា៖ «សម្រាប់អ្នកដែលបាន ប្រព្រឹត្តល្មើសច្បាប់ និងលទ្ធិប្រជាធិបតេយ្យ នឹងនៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ដដែល»។

សម្រាប់តួនាទី និងតំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង ៥០០៧ នាក់នោះ ក៏មិនអាចរស់ឡើងវិញបានដែរ ដោយលោក សុខ ឥសាន លើកឡើងថា តួនាទី និងតំណែងទាំងនោះ ត្រូវបានបែងចែក តាមគោលការណ៍ច្បាប់ អស់ហើយ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖ «ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចត្រឡប់ក្រោយវិញ ជាដាច់ខាត ទោះក្នុងករណីណាក៏ដោយ»។

លោកចំអក ឲ្យមេដឹកនាំប្រឆាំងថា៖ «ដូច្នេះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី វាគ្រាន់តែជាការស្រមើស្រមៃ ដេកយល់សប្តិ ដែលមិនអាចក្លាយ ជាការពិតឡើយ និងជាដាច់ខាត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...