វិភាគៈ តើការសម្លាប់បាតុករអហិង្សា ជាវិធានការអ្វីរបស់អាជ្ញាធរ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើសិទ្ធិប្រជាពលរដ្ឋមានកំរិតណា ក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវបានការពារដោយច្បាប់អ្វីខ្លះ? តើប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នាឬទេ ក្នុងការស្វែងរកការការពារ ឬរកយុត្តិធម៌សម្រាប់ខ្លួននោះ? តើបុគ្គលគ្រប់រូបដែលរស់ក្នុងប្រទេសកម្ពុជា មានសិទ្ធិយ៉ាងណាខ្លះ ហើយសិទ្ធនោះត្រូវអនុវត្តយ៉ាងដូចម្តេច?
ខ្សែត្រៀមរបស់អាជ្ញាធរ ត្រៀមទប់ទល់ក្រុមបាតុករ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៣១បានចែងថា «(…) ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ»។
ជាងនេះទៅទៀត រដ្ឋធម្មនុញ្ញនេះ ក៏បានចែងយ៉ាងច្បាស់ ដើម្បីការពារដល់អាយុ«ជីវិត»ប្រជាពលរដ្ឋ ដែលពុំអាចមានអ្នកណាម្នាក់ ប៉ះពាល់បាននោះឡើយ។ ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ឯទោសប្រហារជីវិត សម្រាប់អនុវត្តលើបុគ្គលទូទៅនៅកម្ពុជា ក៏ត្រូវបានហាមឃាត់ដែរ។ នេះបើយោងតាមមាត្រា៣២ នៃរដ្ឋធម្មនុញ្ញ។
សំនូរសួរថាតើការបិទរបាំងផ្លូវ និងការរាយបន្លាលួស ពីសំណាក់រារដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ លើផ្លូវសាធារណៈ ដែលប្រទេសកំពុងស្ថិតក្នុងសន្តិភាព ដោយមិនបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ អាចចាត់ទុកថាជាការរំលោភលើសិទ្ធិពលរដ្ឋ និងច្បាប់ឬទេ? ព្រោះថាតាមច្បាប់កុំថាឡើយដល់អាយុជីវិត សូម្បីតែទ្រព្យសម្បតិ្តបុគ្គល ក៏ត្រូវបានការពាដោយច្បាប់នោះដែរ។ តាមមាត្រា៤០នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ចែងថា «សេរីភាពក្នុងការដើរឆ្ងាយ ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់ របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅនៅប្រទេសក្រៅ ឬ វិលត្រឡប់មកវិញបាន។ ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមន៍ និងតាមទូរស័ព្ទ ត្រូវបានធានា។ ការឆែកឆេរលំនៅឋាន សម្ភារៈ វត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។»
ការសម្រេចឲ្យប្រើប្រាស់អាវុធ និងគ្រាប់ពិត បាញ់លើជនស៊ីវិល ជាបញ្ជាអ្នកណា?
ជាមួយគ្នានេះច្បាប់ច្បាប់ធម្មនុញ្ញ ដដែលត្រង់មាត្រា៣៨ បានរ៉ាប់រងមិនឱ្យមានការរំលោភបំពាន លើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារ ជីវិត កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនជនណាមួយនឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។ ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារត្រូវហាមឃាត់មិនឱ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។
ដូច្នេះ ករណីនៃក្រុមសមត្ថកិច្ចចម្រុះ របស់រដ្ឋាភិបាលចាំផ្ទះ ដែលបានបាញ់រះសំដៅទៅក្រុមបាតុករ និងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញានៅស្ពានអាកាសក្បាលថ្នល់នេះ មានគោរពតាមច្បាប់«ធម្មនុញ្ញ»នេះដែរឬទេ? ឬមួយថា ការ«បាញ់ប្រហារយកអាយុជីវិតអ្នកដ៏ទៃ» ចាត់ទុកថាជាវិធានការការពារសន្តិសុខ របស់សមត្ថកិច្ច ស្របតាម«រដ្ឋធម្មនុញ្ញ»នោះ?
តើករណីខាងលើ អ្នកណាជាអ្នកទទួលខុសត្រូវ? បើយោងតាមមាត្រ៣៩នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ទៀតថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើ«ខុសច្បាប់»របស់«អង្គការរដ្ឋ» របស់«អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការ»ទាំងនោះ។ ឯការដោះស្រាយបណ្ដឹងតវ៉ា និងសំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ។
សរុបមកទាំងសហគមជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល ដែលតែងតែឃ្លាំមើលការអនុវត្តសិទ្ធិមនុស្ស បានចាត់ទុកការ«ប្រើអំពើហិង្សា»របស់សមត្ថកិច្ចទៅលើ បាតុករជាការរំលោភ«សិទ្ធិមនុស្ស» ដែលបានការពារដោយច្បាប់យ៉ាងធ្ងន់ធ្ងរ។
អ្នកបង្ករបួសស្នាមជាប់ពន្ធនាគារ ឯអ្នកបាញ់មនុស្ស រួចខ្លួនរហូត?
មតិរិះគន់ខាងលើបានបន្តរថា ការអនុវត្តច្បាប់នៃមន្រ្តីច្បាប់ គេតែងតែសង្កេតឃើញថា «អ្នកដែលរងការចោទប្រកាន់ថាបង្ករបួសស្នាម» រមែងទទួលទោសដោយការចាប់ដាក់«ពន្ធនាគារ»។ ឯអ្នកដែលប្រហារ«ជីវិត»អ្នកដទៃដែលមានបុណ្យសក្ត័ និងអំណាចតែងតែត្រូវបានរួចខ្លួន តួយ៉ាងដូចជាជនដៃដល់ដែលជាសម្ថកិច្ចបាញ់សម្លាប់បុរសម្នាក់ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ នៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញានេះ មិនត្រូវបានរដ្ឋាភិបាលមាន«វិធាន»ការចាប់ខ្លួននោះឡើយមកដល់នឹងពេលនេះ។ មួយវិញទៀតដូចករណីការស្លាប់របស់លោកឈុត វុទ្ធី ក៏មិនទាន់មានភាពយុត្តិធម៌ដែរ។ រីឯលោកឈូក បណ្ឌិត ប្រើប្រាស់អាវុធ ដោយចេតនា ប៉ងយកជីវិតកម្មការនីបីនាក់នៅនៅខេត្តស្វាយរៀងនោះក៏កំពុងតែមានសេរីភាពនៅឡើយ។
សូមរម្លឹកថាមនុស្សប្រាំមួយអ្នកដែលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតសម្បត្តិសាធារណៈដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា ២១៨ និងមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារកាលពីថ្ងៃទី១៦ ខែកញ្ញា ចោទ ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចហិង្សារវាងសមត្ថកិច្ច និងកងកម្លាំងរាជអាវុធហត្ថនៅលើស្ពានអាកាសក្បាលថ្នល់។ ជនជាប់ចោទនោះរួមមានឈ្មោះ ឯក ចាន់នឿន, តាំង ជុងសែ, សុង និស្ស័យ, ឡុង សាមឿន, វ៉ាន់ និនជាជនជាតិខ្មែរ និងឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាម ។ ពួកគេអាចជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យប្រាក់ពីបួនលានរៀល ទៅដប់លានរៀល។ តែតាមមាត្រា៣៨នៃរដ្ឋធម្មនុញ្ញបានចែងថា «វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ និងជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។»
--------------------------------------------
ដោយៈ អ៊ុម វ៉ារី - ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ