កែម ឡី៖ បើបក្សសង្គ្រោះជាតិចូលប្រជុំសភា ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកតាមដានស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺពលរដ្ឋដែលជាអ្នកបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិតែម្តង កំពុងតែមានមន្ទិលសង្ស័យ ចំពោះមេដឹកនាំរបស់គណបក្សខ្លួនថា តើនៅថ្ងៃ២៣ ខែកញ្ញាខាងមុន តំណាងរាស្រ្តរបស់បក្សប្រឆាំង នឹងយល់ព្រមចូលប្រជុំសភាដំបូង ជាមួយនឹងគណបក្សប្រជាជនដែរឬយ៉ាងណា? អ្នកគាំទ្រគណបក្សប្រឆាំងជាច្រើន បានបង្ហាញនូវជំហររបស់ពួកគេថា បើបក្សសង្រ្គោះជាតិចូលរួមប្រជុំមែននោះ ពួកគេនឹងលែងគាំទ្រគណបក្សនេះតទៅទៀត។ ជាមួយគ្នា លោក កែម ឡី បានអះអាងថា បើបក្សសង្គ្រោះជាតិចូលប្រជុំសភា តាមការកំណត់របស់ព្រះមហាក្សត្រមែននោះ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង។
លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានចម្ញល់ជាច្រើនបានកើតឡើង ចំពោះអ្នកចូលចិត្តតាមដានស្ថានការណ៍នយោបាយ និងអ្នកដែលនិយមគាំទ្រស្មោះស្ម័គ្រ ចំពោះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា។ ពួកគេបានឆ្ញល់ថា តើនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ គណបក្សសង្គ្រោះជាតិនឹងចូលរួមប្រជុំសភាដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រដែរឬទេ? ប្រសិនបើយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលគណបក្សប្រឆាំងមួយនេះ តែងតែនិយាយមិនដាច់ពីមាត់ថា នឹងត្រូវតែរកយុត្តិធម៌ជូនពលរដ្ឋ ឲ្យបានមុននឹងធ្វើកិច្ចការផ្សេងទៀតនោះ។
ខណៈដែលការទាមទារ ឲ្យបង្កើតគណៈកម្មការពិសេសស៊ើបអង្កេត ភាពមិនប្រក្រតីពេលបោះឆ្នោត នៅមិនទាន់លេចចេញជារូបរាងនេះ ចម្ញល់របស់អ្នកតាមដាននយោបាយកម្ពុជា បានកើតឡើងកាន់តែខ្លាំងទៅៗ។ ក្រោយពីមានជំនួបចរចាទ្វេភាគី រវាងមេដឹកនាំគណបក្សកាន់អំណាច ជាមួយមេដឹកនាំបក្សប្រឆាំង ក្រុមអ្នកតាមដាននយោបាយលើកឡើងថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា កំពុងតែរកយុទ្ធសាស្រ្ត ដើម្បីបញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមប្រជុំសភាដំបូងនៅថ្ងៃទី ២៣ ខែកញ្ញាខាងមុខ។
អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវឯករាជ្យនៅកម្ពុជាលោក បណ្ឌិត កែម ឡី បាននិយាយថា នៅក្នុងដំណាក់កាលនេះ គណបក្សសង្គ្រោះជាតិ កំពុងជួបនឹងស្ថានការណ៍អាក្រក់ហើយ។ អាក្រក់ដោយហេតុថា នៅក្នុងពេលតែមួយគណបក្សនេះ ត្រូវគិតដល់បញ្ហាពីរយ៉ាង៖
បញ្ហាទី១ ប្រសិនបើគណបក្សសង្គ្រោះជាតិចូលរួមប្រជុំសភាលើកដំបូងតាមការកោះហៅរបស់ព្រះមហាក្សត្រមែននោះ គឺមានន័យស្មើនឹងឲ្យតម្លៃគោរពតាមព្រះរាជតម្រិះព្រះមហាក្សត្រ។ ក៏ប៉ុន្តែគណបក្សនេះ នឹងក្បត់ឆន្ទៈរបស់ពលរដ្ឋអ្នកគាំទ្រខ្លួន ដោយសារថាយុត្តិធម៌ដែលខ្លួន តែងតែប្រកាសក្តែងៗទៅកាន់អ្នកគាំទ្រ ក្នុងការទាមទារឲ្យបង្កើតគណកម្មការពិសេសនោះ នៅមិនទាន់បានសម្រេចសោះឡើយ។
បញ្ហាទី២ លោក កែម ឡី បានអះអាងថា ប្រសិនបើតំណាងរាស្រ្តគណបក្សប្រឆាំងមិនចូលរួមប្រជុំសភា តាមការកោះហៅរបស់ព្រះមហាក្សត្រទេនោះ គឺមានន័យស្មើនឹងមិនឲ្យតម្លៃមិនគោរពព្រះមហាក្សត្រ។ ក៏ប៉ុន្តែគណបក្សប្រឆាំងនឹងទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារតែបានគោរពឆន្ទៈរបស់ពលរដ្ឋ ដែលបោះឆ្នោតឲ្យខ្លួនប្រមាណជាង ៣ លាននាក់។ លោក កែម ឡី បានបញ្ជាក់ថា អ្នកដែលរុញច្រានស្ថានការនយបាយកម្ពុជា ឲ្យធ្លាក់នៅក្នុងសភាពអាក្រក់បែបនេះ គឺដើមចមមកពី គជប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកបង្កើតឡើង។
អ្នកវិភាគរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនណាបើនៅថ្ងៃខាងមុខ តំណាងរាស្រ្តគណបក្សប្រឆាំង យល់ព្រមចូលប្រជុំសភាជាមួយនឹងគណប្រជាជនកម្ពុជាមែននោះ គឺគណបក្សនេះ នឹងបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន អ្នកគាំទ្រអស់ជំនឿ ដោយសារតែក្បត់នឹងឆន្ទៈម្ចាស់ឆ្នោត នឹងអាចបញ្ចប់ជីវិតនយោបាយរបស់ខ្លួន នៅត្រឹមហ្នឹងជាក់ជាមិនខាន ។ យ៉ាងណាក៏ដោយលោក កែម ឡី បានឲ្យដំណោះស្រាយថា យុទ្ធសាស្រ្តដែលល្អអាចទប់ទល់ នឹងស្ថានការណ៍នយោបាយនេះបាន មានជម្រើសតែពីរប៉ុណ្ណោះ៖ ជម្រើសទី១ គឺបង្កើតគណៈកម្មការពិសេស និងជម្រើសទី២ ពន្យារពេលប្រជុំសភាលើកដំបូង ដោយបន្តជជែកគ្នាចំណាយពេលមួយខែ ពីរខែ បីខែ យូរៗទៅស្ថានការណ៍នេះនឹងអាចដោះស្រាយបាន។
ប៉ុន្តែចំពោះការបង្កើតគណកម្មការពិសេសនោះ អ្នកវិភាគនយោបាយក៏ដូចជាអ្នកច្បាប់មួយចំនួនទៀត បានលើកឡើងថា មកដល់ពេលនេះហើយ គណបក្សប្រឆាំងមិនគួរនិយាយ ពីការទាមទារឲ្យបង្កើតនោះទេ ព្រោះវាហួសពេលទៅហើយ ដោយពួកគេចង់ឲ្យគណបក្សនេះ ធ្វើយន្តការកែទម្រង់ស្ថាប័នជាតិសំខាន់ៗ ដែលនៅមានភាពខ្វះខាត ដើម្បីជជែកជាមួយនឹងគណបក្សកាន់អំណាច ក្នុងគោលដៅឆ្ពោះទៅរកផលប្រយោជន៍ជាតិ។
នៅចំពោះស្ថានការណ៍បែបនេះ បានជម្រុញឲ្យពលរដ្ឋខ្មែរ តាមដានស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ ខុសពីពេលធម្មតា ជាពិសេសគឺពលរដ្ឋអ្នកគាំទ្របក្សប្រឆំាងតែម្តង។ អ្នកគាំទ្រខ្លះ ភ័យព្រួយដោយខ្លាចមេដឹកនាំបក្សខ្លួន ចូលរូមប្រជុំសភាលើកដំបូង និងចួលរូមបង្កើតរដ្ឋាភិបាលជាមួយបក្សប្រជាជនកម្ពុជា ទាំងមិនទាន់បានរកយុត្តិធម៌ជូនពួកគេនៅឡើយ។ ពលរដ្ឋទាំងនោះ បានទាញការចាប់អារម្មណ៍របស់មេដឹកបក្សខ្លួនថា គ្រប់វិនាទីដែលគណបក្សសង្គ្រោះជាតិដើរ ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមិនដូច្នោះទេ លទ្ធផលចុងក្រោយ គឺនឹងអាចដោយសម្តេចក្រុមព្រះ នរោត្តម ឬណរិទ្ធ ដែលជាអតីតប្រធានគណបក្សហ្វុន ស៊ិនប៉ិច ជាក់ជាមិនខាន៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ