សាលាក្ដីខ្មែរក្រហមទទួលបានប្រាក់កម្ចី ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិក
អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃពុធទី១៨ខែកញ្ញានេះ ទៅដល់ម្ចាស់ជំនួយទាំងឡាយ ស្ដីពីប្រាក់ដែលអង្គការនេះបានខ្ចី ដើម្បីបើកប្រាក់ខែឲ្យបុគ្គលិករបស់សាលាក្ដីមួយ ដែលទទួលបន្ទុកកាត់ក្ដីមេដឹកនាំខ្មែរក្រហម ជាប់ចោទពីបទប្រល័យពូជសាសន៍នៅកម្ពុជា។
លោក ឡាស អ័លសេន អ្នកនាំពាក្យ របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ (រូបថត សាលាក្ដី)
រាជធានីភ្នំពេញ - បើតាមអ្នកនាំពាក្យ របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ឡាស អ័លសេន (Lars Olsen) ប្រាក់កម្ចីដែលបានយល់ព្រមទៅឲ្យកញ្ចប់ថវិការជាតិ នៃសាលាក្ដីវិសមញ្ញ ជាប្រាក់កម្ចីដែលត្រូវតែសងវិញ ហើយប្រាក់នេះមានទិសដៅ ដើម្បីយកទៅបើកប្រាក់ខែ ដែលបានជំពាក់បុគ្គលិកជាតិទាំងប៉ុន្មានរបស់សាលាក្ដី។
លោក ឡាស អ័លសេន បានពន្យល់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «អង្គការសហប្រជាជាតិ បន្តធ្វើការជាមួយនឹងម្ចាស់ជំនួយសំខាន់ៗទាំងឡាយ ដើម្បីផ្ដល់ហិរញ្ញាវត្ថុក្នុងការបើកប្រាក់ខែទៅដល់បុគ្គលិកជាតិ ដែលនៅមិនទាន់បានបើកសម្រាប់ឆ្នាំ២០១៣នេះ។ (...) យើងសង្ឃឹមថា បុគ្គលិកជាតិខ្មែរទាំងអស់របស់សាលាក្ដី នឹងអាចចូលធ្វើការវិញដូចធម្មតា។»
បុគ្គលិកជាតិ ប្រមាណជាជាង ១០០នាក់ បានធ្វើកូដកម្មតាំងពីដើមខែកញ្ញានេះមក បន្ទាប់ពីការអាក់ខានមិនបានទទួលប្រាក់ខែរបស់ពួកគេ តាំងពីច្រើនខែមកហើយ។
លោកបានរំលឹកយ៉ាងដូច្នេះទៀតថា «អង្គការសហប្រជាជាតិ សូមបញ្ជាក់ថា ដំណោះស្រាយតែមួយគត់ ដែលមានលក្ខណៈយូរអង្វែង សម្រាប់បញ្ហាហិរញ្ញវត្ថុរបស់ក្រុមបុគ្គលិក គឺតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាគោរពកតព្វកិច្ចរបស់ខ្លួន ដែលត្រូវបើកប្រាក់ខែឲ្យបុគ្គលិកទាំងនេះ»។
សាលាក្ដីវិសមញ្ញាកូនកាត់ដែលកើតពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដើម្បីទទួលបន្ទុកកាត់ទោស អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ជាប់ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
អ្នកនាំពាក្យរបស់អង្គការកំពូលអន្តរជាតិ បានព្រមានបន្ថែមថា «ការធ្វើកូដកម្មថ្មីណាមួយទៀត នឹងអាចឲ្យពន្យឺតនូវរាល់និតិវិធីរបស់សាលាក្ដី និងបង្កឲ្យមានភាពលំបាកដល់ ដំណើរប្រព្រឹត្តទៅនៃ ការរកយុត្តិធម៌»របស់ស្ថាប័នពាក់កណ្ដាលអន្តរជាតិមួយនេះ៕
-----------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ