«វិទ្យាស្ថានស្លឹករិត» ស្ថាបត្យកម្មទំនើបមួយទៀតនៅភ្នំពេញ (vdo)
- ដោយ: ដ. កែវ ដោយ ដ. កែវ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១០ តុលា ២០១៤
- កែប្រែចុងក្រោយ: October 11, 2014
- ប្រធានបទ: បូជនីយដ្ឋាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកម្ពុជា នឹងមានសារមន្ទីរដ៏ធំមួយ ក្រោមឈ្មោះថា«វិទ្យាស្ថានស្លឹករិត» ដើម្បីទទួលយកទៅទុក នូវឯកសារភស្ដុតាងទាំងឡាយ ដែលបានសេសសល់ ហើយត្រូវបានសិក្សាស្រាវជ្រាវរកបានមកវិញ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសនេះ មានឈ្មោះថា«កម្ពុជាប្រជាធិបតេយ្យ» ឬ«របប៣ឆ្នាំ៨ខែ២០ថ្ងៃ»។ ប៉ុន្តែមិនមែនគ្រាន់តែជាសារមន្ទីរប៉ុណ្ណោះទេ តែវិទ្យាស្ថានមួយនេះ ក៏នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ជាគ្រឹះស្ថានសិក្សាថ្នាក់បណ្ឌិត និងជាបណ្ណាល័យដ៏ធំមួយ ទាក់ទងទៅនឹងរបបអាវខ្មៅខ្មែរក្រហម។
បង្កើតរចនាបទស្ថាបត្យកម្ម ដោយស្ថាបត្យករដ៏ល្បីឈ្មោះជាតិអង់គ្លេស លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) និងក្រោមការផ្ដួចផ្ដើមគំនិតដោយលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា អាគារដ៏ទំនើបនៃវិទ្យាស្ថានស្លឹករិតនេះ នឹងត្រូវសាងសង់ នៅក្នុងទីតាំងមួយនៃវិទ្យាល័យបឹងត្របែក ផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ។ ទីតាំងនេះ ត្រូវបានផ្ដល់ដោយរដ្ឋាភិបាលកម្ពុជា ខណៈឯការចំណាយទៅលើសំណង់អាគារ ត្រូវបានប៉ាន់ប្រមាណជាជាង៣៥លានដុល្លារ ដែលជាប្រាក់ឧបត្ថម្ភបានមកពីជំនួយរបស់ប្រទេសធំៗ (ដូចយ៉ាង USAID របស់អាមេរិកជាដើម) និងសប្បុរសជននានា។
មានអាយុ៥៣ឆ្នាំ លោក ឆាំង យុ ដែលមានសមាជិកគ្រួសារជាច្រើននាក់ បានស្លាប់នៅក្នុងរបបអាវខ្មៅនោះ បានថ្លែងប្រាប់សារព័ត៌មាន The Guardian របស់អង់គ្លេសថា៖ «យើងត្រូវរស់ជាមួយស្រមោលអតីតកាលមួយដ៏ធ្ងន់ធ្ងរ។ យើងមិនអាចបំភ្លេចរឿងទាំងនេះបានទេ តែយើងក៏មិនត្រូវទុកឲ្យវា ឲ្យមកសង្កត់យើងដែរ។» លោកបានថ្លែងរៀបរាប់បន្ត ទាក់ទងនឹងវិទ្យាស្ថាន ដែលនឹងត្រូវរៀបចំសាងសង់ថ្មីនេះថា លោកចង់ឲ្យវិទ្យាស្ថានអាចនាំមកនូវក្ដីសង្ឃឹមថ្មី ជាពិសេសនាំកម្ពុជាឲ្យចេញផុត ពីអារម្មណ៍ញាំញ៉ីក្នុងនាមជាជនរងគ្រោះ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំចង់ឲ្យវិទ្យាស្ថានបំបែកនូវភាពស្ងាត់ស្ងៀម តែត្រូវពង្រឹកជំហរ ដើម្បីដើរទៅរកអនាគត។ អញ្ចឹង បូជនីយដ្ឋានជាច្រើនកន្លងមក បានបង្ហាញនូវភាពសោកសៅ ហើយវាធ្វើឲ្យមានអារម្មណ៍ក្ដៅក្រហាយ និងមិនអាចអត់អោនឲ្យបានឡើយ។ ស្ដូបអនុស្សាវរីយ៍ទាំងនោះ ភាគច្រើនសាងសង់ដោយបុរស ដូច្នេះខ្ញុំគិតថា ប្រហែលជាស្ត្រី អាចធ្វើអ្វីបានប្រសើរជាង។»
ស្ថាបត្យករអង់គ្លេស លោកស្រី ហ្សាហា ហាឌីដ បានបង្កើតរចនាបថអាគារនេះ មានលក្ខណៈ«ប្លែក»និង«សម្បើម»យកតែមែនទែន។ ប៉ុន្តែរចនាបថទាំងនេះ មិនបានទៅណាឆ្ងាយ ពីគំនិតដើមរបស់គម្រោងនោះឡើយ។ ផ្នែកទាំងប្រាំ ត្រូវបានចែកដាក់ពីគ្នា នៅក្នុងអាគារផ្សេងៗពីគ្នា ដែលធ្វើឲ្យគេនឹងឃើញដល់កំពូលទាំងប្រាំនៃប្រាសាទអង្គរវត្ត ខណៈប្រព័ន្ធទ្រទ្រង់ (សសរ) របស់អាគារ នឹងត្រូវសាងសង់ពីឈើ។
លោកស្រីស្ថាបត្យករ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសដដែលថា៖ «គម្រោងនេះ ខុសពីគម្រោងមុនៗរបស់យើង។ ជាលើកទីមួយហើយ ដែលយើងបានប្រើប្រព័ន្ធទ្រទង់អាគារ ជាឈើ។ ហើយគំនិតនេះ ដើម្បីបង្កើតនូវបរិយាកាសកក់ក្ដៅ និងត្រជាក់ត្រជុំ។ ក្នុងរយៈពេលទៅមុខ ប្រព័ន្ធទ្រទ្រង់នេះ នឹងចាស់ ធ្វើឲ្យមានសភាពធម្មជាតិ មានកាន់តែច្រើនឡើង។»៕
វីដេអូបង្ហាញពីគម្រោងអាគារវិទ្យាស្ថានស្លឹករិត៖