វិភាគ៖ ចាំបាច់ត្រូវមានច្បាប់​ ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍?

រាប់ពីថ្ងៃទី២៧ ខែឧសភា មកទល់នឹងពេលនេះ ការប្រកាសមួយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយ​ជាបច្ចុប្បន្នភាពយ៉ាងពិសេស សម្រាប់នយោបាយនៅកម្ពុជា ទាក់ទងនឹងសេចក្ដីស្នើច្បាប់មួយទៅរដ្ឋសភា ដើម្បីដាក់​ទោសទៅលើអ្នកដែល«មិន»ទទួលស្គាល់ថា «កម្ពុជាមានរបបខ្មែរក្រហម» ឬ«អំពើប្រល័យពូជសាសន៍ ក្នុងរបបខ្មែរ​ក្រហម»។ គេបានចោទជាសំនួរថា តើកម្ពុជាគួមាន ឬមិនគួមាន «ច្បាប់នេះ» ក្នុងបរិបទសព្វថ្ងៃ?
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាប់ពីថ្ងៃទី២៧ ខែឧសភា មកទល់នឹងពេលនេះ ការប្រកាសមួយរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយ​ជាបច្ចុប្បន្នភាពយ៉ាងពិសេស សម្រាប់នយោបាយនៅកម្ពុជា ទាក់ទងនឹងសេចក្ដីស្នើច្បាប់មួយទៅរដ្ឋសភា ដើម្បីដាក់​ទោសទៅលើអ្នកដែល«មិន»ទទួលស្គាល់ថា «កម្ពុជាមានរបបខ្មែរក្រហម» ឬ«អំពើប្រល័យពូជសាសន៍ ក្នុងរបបខ្មែរ​ក្រហម»។ គេបានចោទជាសំនួរថា តើកម្ពុជាគួមាន ឬមិនគួមាន «ច្បាប់នេះ» ក្នុងបរិបទសព្វថ្ងៃ?


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

បញ្ហាខាងលើ ត្រូវបានអ្នកតាមដានស្ថានការសង្គម និងនយោបាយខ្លះមិនគាំទ្រ និងខ្លះទៀតអបអរសាទរ។ តែដោយឡែក អ្នកគាំទ្រមួយចំនួនក៏បានឲ្យយោបល់ដែរថា ត្រូវរង់ចាំពេលវេលាមួយជាក់លាក់ ពិតប្រាកដក្នុងការបង្កើតច្បាប់នោះ ទើប​មានប្រសិទ្ធិភាពក្នុងការអនុវត្ត។

អ្នកវិភាគឯករាជ្យ ស្តីពីបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ បានពន្យល់ឡើងថា ការបង្កើតឲ្យមាន ច្បាប់ដើម្បីដាក់ទោសទណ្ឌ​លើអ្នកដែលនិយាយថា «កម្ពុជាមិនមានរបបខ្មែរក្រហម» ឬ«របបខ្មែរក្រហមមិនបានសម្លាប់មនុស្ស»នោះ មិនទាន់ជា​«អាទិភាព»នោះទេ ។ លោកបន្តថាបើចង់ឲ្យមានច្បាប់នេះ ត្រូវរង់ចាំដល់ការកាត់ទោសរបបខ្មែរក្រហម ចប់រួចរាល់ជា​ស្ថាពរ ទើបអាចស្វែងយល់បាន់ច្បាស់ ពីការពិត។ «បន្ទាប់ពីការកាត់ទោសរបបខ្មែរក្រហម ជាស្ថាពរហើយនោះ យើងនឹង​ដឹងថា តើច្បាប់នេះត្រូវបង្កើតឡើងយ៉ាងណា សម្រាប់អ្នកណាអនុវត្តខ្លះ និងត្រូវកំណត់អ្វីខ្លះឲ្យមានក្នុងច្បាប់នោះ?»

ច្បាប់ដែលត្រូវបង្កើត គឺជាច្បាប់ដែលចាំបាច់

ចូលរួមបកស្រាយនូវបញ្ហាខាងលើ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្គេតសមាគមអាដហុក(Adhoc) បានបង្ហាញ​ទស្សនៈថា គ្មានអ្វីដែល«ចាំបាច់» ក្នុងការបង្កើតឲ្យមានច្បាប់នោះទេ។ លោកបានពន្យល់ថា យើងមានច្បាប់ព្រហ្មទណ្ឌ នីតិវិធីព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី គ្រប់គ្រាន់សម្រាប់ការអនុវត្តនោះហើយ ហើយលោកចាត់ទុកថា ការបកស្រាយជាទស្សនៈ ឬការបកស្រាយប្រវត្តិសាស្រ្តមិនមែនជា«បទល្មើស»ទេ។ លោកបន្តថា បើមានច្បាប់នោះ​មែន វាអាចប៉ះពាល់ដល់សេរីភាពក្នុងការគិត សេរីភាពក្នុងការពិចារណា និងការបញ្ចេញមតិ ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ​ស្រាប់។

ចំពោះការលើកឡើងរបស់លោក កឹម សុខា ដែលលោកហ៊ុន សែនចោទថា មិនទទួលស្គាល់របបខ្មែរក្រហម និងថា​គុក​ទួលស្លែងជាគុកសិប្បនិម្មិត្ត នោះ លោកប្រធានផ្នែកស៊ើបអង្គេតសមាគមអាដហុករូបនេះ បានបន្ថែមនិយាយាថា វាគ្រាន់​តែជាការថ្នាំងថ្នាក់ខាងនយោបាយប៉ុណ្ណោះ វាពុំមែនជា«ទឡ្ហីករណ៍» នៃការបង្កើតឲ្យមានច្បាប់ទាំងនោះទេ។ លោកចាត់​ទុកថា ការជម្រុញឲ្យមានច្បាប់នេះឡើង ជា«ចំនុចអវិជ្ជាមាន»មួយសម្រាប់កម្ពុជា ក្នុងការបង្ហាញទៅសហគមន៍អន្តរជាតិ ដែលពួកគេកំពុងមើលមកកម្ពុជា ថាមិនសូវមានការបើកទូលាយ ខាងផ្នែកបញ្ចេញមតិស្រាប់ផងនោះ ឲ្យរឹតតែមានការ​ទិតៀនថា កម្ពុជាកំពុងឈានទៅរក«របបមួយ» បិទបាំងខាងសេរីភាព។

ច្បាប់ដាក់លើបុគ្គល ឬត្រូវដាក់លើមនុស្សទូទៅ?

«ច្បាប់»ជាបន្ទាត់ដ្ឋានមួយ សម្រាប់តម្រង់ទិសដៅដល់«ជន»ទាំងអស់ដែលស្ថិត ក្រោមការគ្រប់គ្រងនៃប្រទេសមួយ ឲ្យ​ធ្វើតែអ្វីត្រឹមត្រូវ យុត្តិធម៌ និងគោរពសិទ្ធិអ្នកដទៃ។ សម្រាប់លោក ឡៅ ម៉ុងហៃ យល់ថា «ឆន្ទៈ និងវិសាលភាពនៃច្បាប់» គ្របដណ្តប់លើគ្រប់«បុគ្គល»ទាំងអស់ មិនថា ក្មេងចាស់ ប្រុសស្រី អ្នកមានអ្នកក្រ អ្នកធំឬអ្នកតូចនោះឡើយ។ ជាពិសេស​ច្បាប់ មិនបង្កើតឡើងសម្រាប់តែដៅឆ្ពោះ ទៅរកបុគ្គលណាម្នាក់ ឬតាមតែការនឹកឃើញនោះទេ។

អ្នកវិភាគរូបនេះបានបន្តថា កម្ពុជាត្រូវការច្បាប់ជាច្រើន សម្រាប់ការពារប្រយោជន៍ជាតិ និងសិទ្ធិពលរដ្ឋ។ លោកបង្ហាញ​ជាឧទាហរណ៍ នូវច្បាប់មួយចំនួនដូចជា ច្បាប់លក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ វិសោធនកម្ម​ច្បាប់ ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ដទៃទៀត ដែលមានកំណត់ក្នុង​រដ្ឋធ្មនុញ្ញដែលជាច្បាប់កំពូលស្រាប់។ ប៉ុន្តែច្បាប់ទាំងនោះ ដែល«ចាំបាច់»សម្រាប់សង្គមកម្ពុជា មិនដែលត្រូវបាន​លើកស្នើ​ឡើង ដោយលោកនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ននោះឡើយ។

លោក នី ចរិយា បានបញ្ជាក់បន្ថែមពីលើថា អ្វីដែលកម្ពុជាខ្វះខាត ក្នុងពេលបច្ចុប្បន្ននោះ ជាប្រពន្ធ័នៃ«ការអនុវត្ត និង​គ្រប់គ្រង»ទៅលើបុគ្គល ដែលអនុវត្តច្បាប់ខ្លួនឯង។

អំណាចច្បាប់នៃច្បាប់

លោកប្រធានផ្នែកស៊ើបអង្គេតសមាគមអាដហុកដដែល យល់ថា សម្រាប់ប្រពន្ធ័យុត្តតិធម៌នៅកម្ពុជា កង្វះច្បាប់គ្រប់គ្រង​ចៅក្រម ព្រះរាជអាជ្ញា ជារឿងសំខាន់។ លោកបន្តថាមួយទៀតទាក់ទងនឹងឯករាជ្យភាពខាងនយោបាយ ព្រោះមានការ​លូកលាន់ខាងនយោបាយច្រើន ដែលនាំឲ្យរាល់ការសម្រេចសេចក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា ពាក់ពន្ធ័នឹងមន្ត្រី​នយោបាយទាំងនោះ មានការលំអៀងច្រើន។

គួរម្លឹកថាកន្លងមកមានសេចក្ដីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់មួយចំនួន មានគោលបំណងបម្រើឲ្យបក្សពួកនិយម ឬ​សម្រាប់ចាប់កំហុសបុគ្គលនៃបក្សដ៏ទៃតែប៉ុណ្ណោះ។ ក្នុងឆ្នាំ២០០៦ គេបានមើលឃើញថា ច្បាប់ឯកពន្ធនភាព (ប្ដីមួយ​ប្រពន្ធមួយ បើនិយាយឲ្យស្រួលយល់) ត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់ជាមធ្យោបាយសម្រាប់កាត់បន្ថយ «កំលាំង​នយោបាយ» របស់គណបក្សហ្វុនស៊ីនប៉ិច ដែលកាលនោះសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់គង់ជាប្រធាន។

ឯសេចក្ដីស្នើច្បាប់របស់នាយករដ្ឋមន្ត្រី ដាក់ទោសទៅលើអ្នកដែលនិយាយថា «កម្ពុជាមិនមានរបបខ្មែរក្រហម» ឬ«របប​ខ្មែរក្រហមមិនបានសម្លាប់មនុស្ស»នេះ វាបានកើតឡើងក្រោយពីការចោទប្រកាន់ ទៅលើមេដឹកនាំគណបក្សប្រឆាំង នៅ​មុនការបោះឆ្នោតសកល តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ដូច្នេះវាកាន់តែឲ្យគេមើលឃើញថា ច្បាប់ដែលបង្កើតឡើងក្នុង​បិរបទនេះ វាគ្រាន់តែជាឧបករណ៍បំបាត់សំឡេងរបស់គណបក្សប្រឆាំង ហើយក៏អាចជាអាវុធសម្រាប់បំពាក់បន្ថែម ទៅ​អ្នកកាន់អំណាចឲ្យកាន់តែមានកម្លាំងខ្លាំងឡើងៗ តែប៉ុណ្ណោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...