មេដឹកនាំបក្សប្រឆាំង៖ បើទោះយកតុលាការមកគម្រាម ក៏មិនខ្លាចដែរ
បន្ទាប់ពីត្រូវបានកោះហៅអោយចូលទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញរួចមក ហើយមិនត្រូវបានចោទប្រកាន់នោះ លោក សម រង្សី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងប្រកាសជំហរថា នឹងនៅតែបន្តទាមទាររកយុត្តិធម៌ជូនប្រជាជន ដើម្បីអោយមានការបោះឆ្នោតឡើងវិញ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - «ខ្ញុំសូមប្រាប់ទៅអ្នកដែលចង់ធ្វើបាប សម រង្សី កឹម សុខាអោយដឹងថា បើចង់ធ្វើបាបគឺមិនអាចធ្វើរួចបានទេ» នេះជាការថ្លែងរបស់លោកកឹម សុខា ទៅកាន់អ្នកចួលរួមជាច្រើនរយនាក់ នៅទីស្នាក់ការរបស់ខ្លួន ក្រោយពីចេញពីការចូលទៅបំភ្លឺរួច នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ ម្សិលម៉ិញនេះ។
លោកបន្តថា បើទោះបីជាមានគេចាំតែចោតប្រកាន់ មូលបង្កាត់យ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកាន់គោលជំហរការពារប្រជាជនខ្មែរ «យើងខ្ញុំ អត់រុញរាទេ នឹងនូវតែបន្តបំរើបងប្អូនតទៅមុខទៀត»។
លោក កឹម សុខា បានបន្តទៀតថា «យើងមិនខ្លាចចំពោះច្បាប់ទេ តែយើងខ្លាចចំពោះច្បាប់ណាដែលមិនត្រឹមត្រូវ»។ ការលើកឡើងរបស់លោក ទំនងជាចង់សំដៅដល់ភាពមិនឯករាជ្យរបស់ប្រព័ន្ធតុលាការកម្ពុជា ដែលលោកយល់ថាស្ថានប័នតុលាការ ដែលស្ថិតនៅក្រោមអ្នកនយោបាយ។ ទាក់ទងនិងបញ្ហានេះ លោកក៏បានបញ្ជាក់ពីបញ្ហា ដែលអ្នកនយោបាយបង្គាប់ ទៅកាន់តុលាការកម្ពុជាដែរថា «បើអត់មានសម្ពាធនយោបាយពីលើ មកកាន់ព្រះរាជអាជ្ញាតុលាការអោយធ្វើអីទេនោះ រឿងហ្នឹងវាចប់ហើយអត់មានអីទេ។ ហើយបើគេចង់ធ្វើអីទៀត គេនឹងបញ្ជាមកតុលាការទៀតហើយ។ សូមបងប្អូនតាមឃ្លាំងមើល តើគេចង់ធ្វើអីយើងទៀត។»
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូមិនអាចទទួលបានប្រតិកម្ម ឬការបកស្រាយពន្យល់ណាមួយ ពីសាលាដំបូងរាជធានីជុំវិញការកោះហៅទៅសាកសួរ នូវមេដឹកនាំប្រឆាំង រួមទាំងមេដឹកនាំសហជីពមួយរូបទៀត កាលពីថ្ងៃទី១៤ ខែមករា នោះនៅឡើយ។ តែសូមបញ្ជាក់ថា អយ្យការអមសាលាដំបូង លោក ហៀង សុភក្ត្រ បានចេញដីការកោះហៅ ក្រុមមេដឹកនាំប្រឆាំងទាំងបីរូបនេះ អោយទៅបំភ្លឺកាលពីថ្ងៃទី០៤ ខែមករា ពីបទញុះញង់អោយមានអំពើហិង្សា ក្នុងអំឡុងពេលកម្មករធ្វើបាតុកម្ម-កូដកម្ម កាលពីពេលថ្មីៗនេះ។
ដោយឡែក លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលឈរនៅក្បែរអនុប្រធានរបស់លោក បានថ្លែងចាត់ទុកថា នោះជាជោគជ័យដ៏ធំមួយ ដែលប្រព័ន្ធតុលាការកម្ពុជាពោរពេញទៅដោយភាពមន្ទិល «មិនអាចធ្វើអ្វី សម រង្ស៊ី កឹម សុខា បាន»។ លោកបានចោទសួរសំនួរ បកត្រឡប់ទៅស្ថាប័នតុលាការវិញយ៉ាងខ្លីថា «បើយើងទៅបំភ្លឺ ម៉េចគេមិនហៅអ្នកបាញ់មកផង»។
ក្នុងទឹកមុខញញឹមពព្រាយ ខណៈដែលតុលាការមិនបានធ្វើការចោទប្រកាន់នោះ ប្រធានគណបក្សប្រឆាំង បានថ្លែងអោយដឹងទៀតថា «ព្រឹកនេះយើងទៅបំភ្លឺនៅតុលាការ ដើម្បីអោយពិភពលោកគេដឹងការពិត ថាយើងមានធ្វើអ្វីខុសទេ យើងគ្រាន់តែការពារឆន្ទៈប្រជាពលរដ្ឋដោយអហិង្សា និងសន្តិវិធី ឃើញថាហើយពិភពលោក គេការពារកម្មករមិនមែនបាញ់សំលាប់កម្មករនោះទេ»។ ការថ្លែងរបស់មេដឹកនាំក្រុមប្រឆាំងបែបនេះ ត្រូវបានអ្នកគាំទ្រនៅទីនោះ ទះដៃអបអរយ៉ាងខ្លាំង ដែលធ្វើឲ្យគេគិតថា ប្រជាប្រិយភាពរបស់លោក កាន់តែកើនខ្លាំងឡើង។ មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី បានសន្យានឹងក្រុមអ្នកគាំទ្រទៀតថា បាតុកម្មតវ៉ា អោយមានការបោះឆ្នោតឡើងវិញ នឹងនៅតែកើតមាន បើទោះបីជាធ្លាប់មានការបង្រ្កាបម្តងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤កន្លងទៅថ្មីនេះក៏ដោយ។
មេដឹកនាំគណបក្សប្រឆាំង បានចោទជាសំណួរទៅ ក្រុមអ្នកគាំទ្រថា «តើនៅពេលណា ដែលគណបក្សសង្រ្គោះជាតិធ្វើបាតុកម្ម បងប្អូនមករួមទៀតដែរឬទេ? (...) អញ្ចឹងចាំជួបគ្នាពេលខាងមុខនេះ៕»
-----------------------------------------------
ដោយ៖ក. ចាន់នីតា (ទំនាក់ទំនង៖[email protected])-ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤