ច្បាស់ឬព្រាល៖ សារនយោបាយរបស់ ហ៊ុន សែន នាដើមខែវិច្ឆិកា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 08, 2015
- ប្រធានបទ: វិភាគនយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រហើន ល្ងង់ខ្លៅ សុំទោស ឬវប្បធម៌សន្ទនា... សុទ្ធសឹងជាពាក្យម៉ាត់ៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារនយោបាយមួយ ដែលលោកបានថ្លែងជាសាធារណណៈ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្នុងពិធីបើកសម្ពោធគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ នៅទីតាំងសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ តើសារនយោបាយនោះ មានសច្ចៈភាពបានប៉ុន្មានចំណុច? ដើម្បីឆ្លើយនឹងសំនួរនេះ លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ មកពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងពន្យល់ជម្រាបជូន ដូចខាងក្រោម។
ការផ្អាកពីធីបុណ្យអុំទូក...
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មមុនគេ ទៅនឹង«ការធ្វើអត្ថាធិប្បាយរបស់អ្នកវិភាគ និងតំណាងរាស្រ្ត»មួយចំនួន មកពីគណបក្សប្រឆាំង ថាកំពុងម៉ាក់ងាយ និងប្រមាថដល់រដ្ឋាភិបាល របស់លោក។ លោក ហ៊ុន សែន បានហៅអ្នកវិភាគ និងតំណាងរាស្រ្តទាំងនោះថា ជាមនុស្ស«ល្ងង់ខ្លៅ» ដោយបានលើកឡើងថា ភាគច្រើននៃការររិះគន់នោះ ផ្តោតទៅលើការ«ផ្អាក» ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ។ លោកថា ក្រុមទាំងនោះបានលើកឡើងថា រដ្ឋាភិបាលផ្អាកពិធីបុណ្យនេះ ព្រោះតែខ្លាចមានបាតុកម្ម ប្រឆាំងរដ្ឋាភិបាលនៅថ្ងៃនោះ។ តែសម្រាប់លោកវិញ នៅតែបន្តអះអាងថា ការផ្អាកនេះ ព្រោះតែទឹកនៅខាងមុខ ព្រះបរមរាជវាំងមាន«កំពស់ទាប» មិនអាចឲ្យអុំទូកបាន។
លោក ហ៊ុន សែន បានថ្លែងព្រមានខ្លាំងៗថា៖ «សូមអ្នកវិភាគទាំងឡាយយល់ឲ្យច្បាស់ កុំព្រហើន។ លោកមានសិទ្ធិ តែមានសិទ្ធិ សេរីភាពបញ្ចេញមតិ តែបញ្ចេញមតិក្នុងភាពថ្លៃថ្នូរ មិនត្រូវបញ្ចេញមតិ ដោយខ្វះការទទួលខុសត្រូវ និងខ្វះវិចារណញាណនោះទេ។ (...) យើងមិនខ្លាចបាតុកម្មទេ។ បើចង់បាតុកម្ម ក៏សូមអញ្ជើញមក។ (...) នេះជាការមើលងាយរដ្ឋាភិបាល ហើយជាភាពព្រហើន ដែលមិនអាចទទួលយកបានឡើយ។»
ព្រហ្ម គិត៖ ការវិភាគ ឬការបញ្ចេញមតិណាក៏ដោយ បើទទួលយកបាន តោងលោក ហ៊ុន សែន យកវាទៅពិចារណា ដើម្បីធ្វើការកែលំអរទៅតាមនោះ។ តែបើមិនអាចទទួលយកបាន លោក ហ៊ុន សែន ពិតជាមានសិទ្ធិគ្រប់គ្រាន់ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់លោក ធ្វើការបដិសេធទៅវិញ ព្រោះរឿងវាមានតែពីរទេ បើលោក ហ៊ុន សែន និយាយជាការពិត មានតែក្រុមអ្នកវិភាគ និងអ្នកតំណាងរាស្ត្រនោះ និយាយកុហក។ អញ្ចឹងហើយ ហេតុអ្វីលោក ហ៊ុន សែន ត្រូវខ្លាច បើប្រព័ន្ធផ្សព្វផ្សាយរបស់លោក មានច្រើនយ៉ាងនេះ?
សូមរំលឹកជូនដែរថា ទាក់ទងនឹងទឹកទន្លេ មានកំពស់ទាបនេះ លោក ហ៊ុន សែន ខ្លួនលោក ទំនងជាបានភ្លេចសំដី ដែលធ្លាប់បានលើកឡើង កាលពីពេលថ្មីៗនេះថា បើទោះជាកំរិតទឹកទាបក៏ដោយ ក៏រដ្ឋាភិបាលរៀបចំ ឲ្យមានពិធីអុំទូកនេះ មិនឲ្យខានដែរ។ តែផ្ទុយមកវិញ ក្រោយពេលមានបាតុកម្ម ឬក្រោយពីបានទម្លាក់ អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ស្រាប់តែលោក ហ៊ុន សែន ក្នុងនាមរដ្ឋាភិបាល បានចុះហត្ថលេខា នៅលើសារាចណ៍មួយ ឲ្យផ្អាកពីធីបុណ្យអុំទូកនេះទៅវិញ។
ដក កឹម សុខា បន្ទាប់ពីមានការសុំទោសពី សម រង្ស៊ី...
លោក ហ៊ុន សែន បានលើកឡើងថា មុនពេលបោះឆ្នោតទម្លាក់លោក កឹម សុខា ពីអនុប្រធានទីមួយនៃរដ្ឋសភា មួយថ្ងៃ គឺនៅយប់ថ្ងៃទី២៩ ខែតុលា លោក សម រង្ស៊ី បានសរសេរសារ មកសុំទោសលោក។ ហើយលោកព្រមានថា នឹងបង្ហោះសារនោះ តាមហ្វេសប៊ូក បើសិនជាលោក សម រង្ស៊ី ហ៊ានប្រថុយប្រថាន ចំពោះការសុំទោសនោះ។ លោក ហ៊ុន សែន បាននិយាយទៀតថា៖ «បើសិនជាបំពានលើខ្ញុំ ខ្ញុំអត់មានជម្រើសទេ។ សង្ឃឹមថា យើងនៅមានការនិយាយគ្នា យើងអាចនិយាយគ្នាតទៅទៀត។»
ព្រហ្ម គិត៖ ការព្រមានថា នឹងបង្ហាញនេះ ឬបង្ហាញនោះ ពីដៃគូបដិបក្ខនយោបាយ មិនមែនទើបនឹងត្រូវលោក ហ៊ុន សែន យកមកថ្លែងព្រមាន ជាលើកទីមួយនោះទេ។ សារព្រមានខ្លះ មិនដែលត្រូវបានលោកយកមកនិយាយ ឡើងវិញផង។
ជំនួបរវាងស ខេង និងសម រង្ស៊ី ដើម្បីពង្រឹងវប្បធម៌សន្ទនា...
លោកនាយករដ្ឋមន្ត្រី បានបន្តលើកឡើងទៀតថា ក្រោយការចូលមកដល់ទឹកដីកម្ពុជា របស់ក្រុមមេដឹកនាំប្រឆាំងនោះ លោក ស ខេង ប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើននៃរដ្ឋសភា និងលោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្រ្ត មតិភាគតិចនៃរដ្ឋសភា បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងវប្បធម៌សន្ទនា។ លោក ហ៊ុន សែន បានអះអាងថា ជំនួបអ្នកទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងវិមានរដ្ឋសភា កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកាកន្លងមកនេះ។ លោកបានអះអាងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែអនុវត្តនូវ«វប្បធម៌សន្ទនា»នេះ តាំងពីលើដល់ថ្នាក់ក្រោម។
ព្រហ្ម គិត៖ តាមពិតទៅ វប្បធម៌សន្ទនានេះ គួតែជាវប្បធម៌ទូទៅ ដែលត្រូវចាក់ឬស នៅក្នុងសណ្ដានចិត្តកូនខ្មែរ ឬបណ្ដាជនគ្រប់រូប គ្រប់និន្នាការនយោបាយ មិនចាំបាច់សម្រាប់តែ គណបក្សទាំងពីរនេះទេ។ ហើយពាក្យថា «វប្បធម៌សន្ទនា» ក៏មិនត្រូវយកមកប្រើប្រាស់ ជាចំណាប់ខ្មាំង របស់ក្រុមបក្សណាមួយនោះដែរ ដូចជា«បើឯងព្រហើនដាក់ខ្ញុំ នោះខ្ញុំនឹងឈប់និយាយ រកឯង» ដែលជាភាសាមួយ មានលក្ខណៈអត្មានិយម ឬឯងអញ និងគ្មានផលប្រយោជន៍អ្វី ដល់ជាតិ ឬប្រជាជនទាល់តែសោះ។
តំណាងរាស្ត្រជេរគេ... បានជាគេវាយ...
ដោយឡែក ពាក់ព័ន្ធនឹងហេតុការណ៍ វាយអ្នកតំណាងរាស្រ្តពីររូប មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលានោះវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ព្រោះតែតំណាងរាស្រ្តទាំងពីររូបនោះ ទៅជេរក្រុមបាតុករ ដែលជាអ្នកវាយទាំងនោះ។ លោកបន្តថា មូលហេតុនេះហើយ បានជាក្រុមបាតុករទាំងនោះ ទ្រាំមិនបាន ក៏នាំគ្នាព្រួតវាយតែម្តងទៅ។
ព្រហ្ម គិត៖ លោក ហ៊ុន សែន អាចដឹងរឿងនេះ ដោយសារមានអ្នកនិយាយប្រាប់គាត់ តែគាត់មិនបានស្ដាប់នៅផ្ទាល់ត្រជៀកទេ។ ហើយចំណុចនេះ ពិបាកនឹងឲ្យអ្នកផងយល់ស្រប ជាមួយលោក ហ៊ុន សែន ណាស់។ ព្រោះបើគ្រាន់តែមើលនឹងភ្នែក ក៏គេឃើញដែរថា តំណាងរាស្ត្រទាំងពីររូប ត្រូវបានក្រុមបាតុករទាំងនោះ អូសចេញពីក្នុងរថយន្ដ យកមកវាយនៅលើថ្នល់ មិនមែនតំណាងរាស្ត្រទាំងពីររូប ចេញមកឈរស្រែកតទល់ ជាមួយបាតុករ នៅខាងក្រៅរថយន្ដនោះឡើយ។ ម្យ៉ាងទៀត វីដេអូចាប់រូបភាព នៅពេលដែលមានការវាយតប់នោះ មិនបានឮការជជែកគ្នា រវាងក្រុមដៃដល់ និងតំណាងរាស្ត្រ ដូចដែលលោក ហ៊ុន សែន លើកឡើងនោះដែរ។ ហើយបើពិតជាដូចលោក ហ៊ុន សែន និយាយមែន ម្លេះប្រព័ន្ធផ្សព្វផ្សាយរបស់លោក ប្រាកដជាធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំងក្លា មិនទុកឲ្យលោកនិយាយ តែម្នាក់ឯងដូច្នេះទេ។
អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា... កុំប្រើហិង្សា...
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីផង លោក ហ៊ុន សែន បានធ្វើការអំពាវនាវដល់ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ គប្បីមិនត្រូវប្រើប្រាស់ នូវហិង្សាហើយ បើទោះបីមានការជេរប្រមាថ ម៉ាក់ងាយយ៉ាងណាក៏ដោយ ត្រូវតែខាំមាត់ដើរចេញ។
ទំនងជាចង់និយាយ ពីការប្រើប្រាស់អំពើហិង្សា ទៅលើតំណាងរាស្ត្រទាំងពីររូបនោះ លោក ហ៊ុន សែន បានបន្តរៀបរាប់ថា ការមិនប្រើប្រាស់នូវហិង្សា អាចគេចផុតពីការបំផ្លាញសម្បត្តិឯកជន និងសាធារណៈ មិនប៉ះពាល់រូបរាងកាយ និងអាយុជីវិតបុគ្គលជាដើម។ លោកបន្តថា លោកគាំទ្រ ចំពោះការប្រើប្រាស់នូវសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ តែលោកក៏មិនគាំទ្រ នូវរាល់ការតវ៉ាណា ដែលបង្កជា«ហិង្សា»នោះដែរ។
ព្រហ្ម គិត៖ លោក ហ៊ុន សែន គួរបែងចែកឲ្យច្បាស់ ពីតួនាទីរាជការ និងតួនាទីនៅក្នុងគណបក្ស។ នៅទីនេះ ជាកម្មវិធីសម្ពោធមួយ របស់រដ្ឋ លោក ហ៊ុន សែន មិនត្រូវឆ្លៀតកេងចំណេញ យកឱកាសនេះ ដើម្បីធ្វើការផ្ដាំផ្ញើរ ទៅកាន់សមាជិក នៃគណបក្សនយោបាយឡើយ។ លោកគប្បីនិយាយ ពីការអនុវត្តច្បាប់ សឲ្យដឹងស ខ្មៅឲ្យដឹងខ្មៅ ក្នុងនាមលោកជាមេដឹកនាំ នៃអង្គការនិតិប្រតិបត្តិ។ តែបើលោកចង់និយាយ ទៅកាន់សមាជិកគណបក្សរបស់លោក លោកអាចធ្វើបាន នៅថ្ងៃឈប់សម្រាក និងនៅក្នុងទីស្នាក់ការគណបក្សរបស់លោក។
ហួសទៅរកព្រឹត្តិការណ៍ នៅផ្លូវវេងស្រេង...
យ៉ាងណា បញ្ហាពាក់ព័ន្ធ នឹងការវាយតប់លើតំណាងរាស្រ្តនោះ លោក ហ៊ុន សែន ហាក់ដូចជាចង់គម្រាម ដល់គណបក្សប្រឆាំងវិញ តាមរយៈការរំលឹក ដល់សំណុំរឿងបាតុកម្មតវ៉ា ដែលឈានដល់ការវាយកម្ទេច មន្ទីរពេទ្យឯកជន និងទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនឯកជនមួយចំនួន កាលពីដើមឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវវ៉េងស្រេង។ កាលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ការសង្ស័យ ជាមួយនឹងការចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិនៅពីក្រោយខ្នង ការវាយបំផ្លាញទាំងនេះ។ លោកបានអះអាងថា៖ «បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ»។
ព្រហ្ម គិត៖ នេះអាចជាការឆ្លើយដាក់គ្នា រវាងពីរគណបក្សនេះ ទៅវិញទៅមក។ ប៉ូន្តែការវាយតប់លើតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិ នៅក្បែរស្ថាប័នជាតិដ៏កំពូលនេះ បានធ្វើឲ្យរូបភាពរបស់លោក ហ៊ុន សែន អាប់អោនមិនតិចទេ ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស ហេតុការណ៍នេះកើតឡើង នៅចំពេលដែលលោក ហ៊ុន សែន កំពុងអួតអាង ពីនីតិរដ្ឋនៅកម្ពុជា ប្រាប់ក្រុមមេដឹកនាំ និងអ្នកវិនិយោគទុនបារាំង ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅសាធារណរដ្ឋបារាំង។ ដូច្នេះលោកត្រូវស្វែងរក ការលុបលាងណាមួយ មកសំអាតខ្លួនលោក បើមិនបានទាំងអស់ ក៏បានបំបែរចំណាប់អារម្មណ៍ របស់អ្នកផងមួយចំនួនដែរ។ បើនិយាយថា គណបក្សសង្គ្រោះជាតិ នៅពីក្រោយការវាយបំផ្លាញ របស់ក្រុមបាតុករ នាដើមឆ្នាំ២០១៤នោះ សំនួរសួរថា ហេតុអ្វីក៏លោក ហ៊ុន សែន ក្នុងនាមលោកជានាយករដ្ឋមន្ត្រី មិនចាត់ការរឿងនេះ ទៅតាមច្បាប់? ឬមួយលោកមិនចាត់ការរឿងនេះ ព្រោះដើម្បីការសម្របសម្រួលនយោបាយមួយ នាពេលនោះ? អញ្ចឹងនៅថ្ងៃនេះ លោកមិនត្រូវ លេបសំដីខ្លួនលោកទេ។ ឬមួយ លោកមិនបានចាត់វិធានការ ព្រោះការស៊ើបអង្កេត របស់មន្ត្រីក្រោមបង្គាប់ មិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ដោយបង្កើតតែរបាយការណ៍ប្រហោងក្នុង និងចាប់បាន តែជនល្មើសសិប្បនិម្មិតមក?