សម្ភាស​ កែម ឡី៖ ៦​ចំណុច​ ដើម្បីកែ​ទម្រង់​បញ្ហា​អន្តោ​ប្រវេសន៍

បញ្ហាជនអន្តោប្រវេសន៍ គឺជាចំណុចដ៏រស៊ើបមួយ សម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នាពេល​កន្លង​មក។ ជន​អន្តោប្រវេសន៍​ទាំង​នោះ ភាគច្រើនគឺជាជនជាតិវៀតណាម ដែលពលរដ្ឋខ្មែរ មិនសូវពេញចិត្តចំពោះ​ការ​​ហូរ​​ចូល​នៃ​ជនជាតិ​នេះ មក​រស់នៅ​ក្នុងទឹកដីកម្ពុជានោះទេ បើទោះជាស្របឬខុសច្បាប់ក៏ដោយ ដោយ​សារតែនៅ​ក្នុង​ផ្នត់​គំនិត​​របស់​ពលរដ្ឋ​ខ្មែរ​ជាទូទៅ បានមើលឃើញថា ជន​ជាតិវៀតណាម​ជាសត្រូវ​ប្រវត្តិសាស្រ្ត ដែល​តែង​តែ​លាក់​នូវមហិច្ឆតា ចង់​លេបត្របាក់យកទឹកដីខ្មែរ។
សម្ភាស​ កែម ឡី៖ ៦​ចំណុច​ ដើម្បីកែ​ទម្រង់​បញ្ហា​អន្តោ​ប្រវេសន៍
បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។
Loading...
  • ដោយ: ជា ធីរិទ្ធ ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: October 02, 2013
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជុំវិញបញ្ហាអន្តោប្រវេសន៍ ដ៏ចម្រូងចម្រាសនេះ អ្នកវិភាគនយោបាយឯករាជ្យ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត កែម ឡី បានផ្តល់នូវគំនិតចំនួន ៦ចំណុច ផ្ញើជូនរដ្ឋាភិបាលអាណត្តិថ្មី តាមរយៈបទសម្ភាសន៍ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម៖

សូមជម្រាបសួរលោក កែម ឡី! បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេស គឹបញ្ហាជនអន្តោប្រវេសន៍​​វៀតណាម​តែម្តង បានក្លាយគឺជាផ្ទាំងស៊ីបមួយ បាញ់ចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ បញ្ហា​ជនជាតិវៀតណាមនេះ ក៏ត្រូវបានគេ​មើលឃើញថា គឺជាមួលហេតុចម្បង ដែលធ្វើឲ្យគណបក្ស​លោក​ ហ៊ុន សែន ធ្លាក់សំឡេងគាំទ្រ​ផង​ដែរ។ តើលោក បណ្ឌិតមានគំនិត ឬអនុសាសន៍​យ៉ាង​ណា​ដែរ សម្រាប់រដ្ឋភិាបាលអាណត្តិថ្មីនេះ ឲ្យធ្វើការ​កែទម្រង់ បាទ?

កែម ឡី៖ ខ្ញុំមាន៦ ចំណុចសំខាន់ៗ ដែលផ្ញើជូនទៅរដ្ឋាភិបាលថ្មី សម្រាប់ធ្វើការកែទម្រង់ដូចតទៅៈ

ទី១ រដ្ឋាភិបាល​ត្រូវធ្វើការអង្កេត ថាតើជនអន្តោប្រវេសន៍ ដែលបានមកស្រុកខ្មែរនោះ មានប៉ុន្មាននាក់? ហើយមកពី​ពេល​ណា? ទសវត្សរិ៍ឆ្នាំ ៨០ ប៉ុន្មាន? ទសវត្សរិ៍ឆ្នាំ ៩០ ប៉ុន្មាន? ឆ្នាំ ២០០០ និង ២០១៣ ហ្នឹងប៉ុន្មាន? យើងត្រូវធ្វើការ​អង្កេត​ធំ​ណាស់​ ជាថ្នាក់ជាតិ ដោយធ្វើអង្កេតទៅលើប្រព័ន្ធស្ថិតិ ភូមិ ឃុំ ប្រព័ន្ធស្ថិតិនគរបាល ទាក់ទងនឹងអត្តសញ្ញាណប័ណ្ណ និងប័ណ្ណកម្មសិទ្ធិផ្សេងៗ ។

ទី២ បន្ទាប់ពីទទួលបានស្ថិតិហើយ រដ្ឋាភិបាលក្រឡេកទៅមើល​ច្បាប់យើង មានច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងច្បាប់​សញ្ជាតិ។ ច្បាប់ទាំងពីនេះ ខ្វះគោលការណ៍ណែនាំ ក្នុងការអនុវត្តច្បាប់ ខ្វះកម្មវិធីបណ្តុះបណ្តាល ក្នុងការផ្សព្វផ្សាយច្បាប់ ខ្វះកម្មវិធីផ្សព្វផ្សាយច្បាប់ ខ្វះគម្រោង ក្នុងការតាមដានការអនុវត្តច្បាប់ ឲ្យបានច្បាស់លាស់។

ទី៣ រដ្ឋាភិបាលខ្វះផែនការយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ដើម្បីគ្រប់គ្រងជនអន្តោប្រវេសន៍ ឲ្យបានជោគ​ជ័យ ដោយ​ត្រូវផ្តោតទៅលើសកម្មភាពចំនួន ៣ គឺ ខមួយ ថាតើជនជាតិ ដែលត្រូវចូលសញ្ជាតិហ្នឹង ដោយរបៀប​ណា? យើងមាន​ច្បាប់​សញ្ជាតិ បើសិនជាគាត់ចង់ចូលសញ្ជាតិ យើងត្រូវឲ្យគាត់ប្រឡង។ ក្រសួងមហាផ្ទៃ ត្រូវពង្រីកការិយាល័យ​អន្តោប្រវេសន៍ ​ឲ្យ​គាត់ងាយស្រួល ដាក់ពាក្យសុំសញ្ជាតិ និងតាមនីតិវិធីនានា។ ខទីពីរ យើងត្រូវគ្រប់គ្រងជនអន្តោប្រវេសន៍ ដែល​ចូល​មក​កម្ពុជា ដោយសារតែបញ្ហានយោបាយ គាត់ចង់ទៅប្រទេស​ទី៣ យើងត្រូវរៀបចំ ឲ្យមានការស្នាក់នៅក្នុងប្រទេស ជា​បណ្ដោះអាសន្នសិន ទម្រាំតែជនទាំងនោះអាចរកប្រទេស​ទី ៣ ដែលខ្លួនចង់ទៅ ដើម្បីគេចពីបញ្ហានយោបាយ។ ខបី យើងត្រូវ​គ្រប់​គ្រងជនអន្តោប្រវេសន៍ ដែលចូល​មកកម្ពុជាដោយខុសច្បាប់ ថាតើគួរឲ្យគាត់រស់នៅ ក្នុងជំរុំបណ្ណោះអាសន្ន ឬត្រូវធ្វើ​ទិដ្ឋការ​បញ្ជូនគាត់ ទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ទី៤ រដ្ឋាភិបាលត្រូវគ្រប់គ្រង ប្រព័ន្ធទិន្នន័យភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនា នៅក្នុងប្រទេសកម្ពុជា គ្រប់ជនជាតិ​​ទាំង​អស់ ត្រូវដឹងឲ្យច្បាស់ថា តើគាត់ចូលពេលណា? ទៅវិញពេលណា? គាត់បាត់ទៅណា? ឬគាត់អត់ទៅវិញ? ដែលយើងត្រូវ​គ្រប់​គ្រង ប្រព័ន្ធទិន្នន័យហ្នឹង ពីព្រោះយើងបារម្ភខ្លាចភ្ញៀវទេសចរណ៍ វៀតណាម ចិន មកច្រើន តែគាត់មិនបានត្រឡប់ទៅវិញ គាត់​ធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ រស់នៅស្រុកខ្មែរ ទាំងអាជ្ញាធរមិនបានដឹង។

ទី៥ រដ្ឋាភិបាលត្រូវពង្រឹង​ការគ្រប់គ្រង នៅតាមព្រំដែនឲ្យបានល្អ មិនអាចអនុញ្ញាតឲ្យបរទេស​ចូលបានទេ ប្រសិន​​បើចូល​ដោយខុសច្បាប់។ ចំណុចនេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តអាជ្ញាធរ នៅតាមព្រំដែន ឲ្យគាត់មានទឹក​ចិត្ត​ធ្វើការ។

ទី៦ ប្រសិនបើអ្នកមកកម្ពុជា ចង់រកការងារធ្វើ រដ្ឋាភិបាលត្រូវរៀបចំ ឲ្យមានទិដ្ឋការការងារ សម្រាប់ក្រុមគាត់ ដោយឲ្យ​ទាក់​ទងស្ថានទូត ដើម្បីធ្វើទិដ្ឋាការការងារ ដែលមានរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ទាំងអស់នេះ ទើបអាច​ឲ្យ​រដ្ឋាភិបាលអាចគ្រប់គ្រងបានល្អ។

ប្រសិនបើរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ មិនធ្វើការកែទម្រង់​បញ្ហា​អន្តោ​ប្រវេសន៍​នេះទេ អ្វីជាគ្រោះថ្នាក់សម្រាប់ជនជាតិខ្មែរ និងរដ្ឋាភិបាលបច្ចុប្បន្ន?

កែម ឡី៖ ទី១ មហន្តរាយនៅស្រុកខ្មែរ នៅពេលដែលជនអន្កោប្រវេសន៍ មានកាន់តែច្រើនឡើងៗ ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ការងារ ធ្វើឲ្យមានឧក្រិដ្ឋកម្មកើតឡើងច្រើន ក្នុងស្រុកខ្មែរ ពីព្រោះគាត់មកខុសច្បាប់ យើងមិនដឹង​ថា គាត់បាន​ប្រព្រឹត្ត​អ្វីខ្លះ​នៅស្រុកគាត់។ ទី២ បើជនអន្តោប្រវេសន៍ទាំងនោះ មានកាន់តែច្រើននោះ វាធ្វើឲ្យមានបណ្តាញ​ជាគ្រូសារ បក្ខពួកអាច​បោះ​ឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ដែលអាចក្លាយជាមន្រ្តីរដ្ឋាភិបាល មានមុខមាត់នៅក្នុងសង្គម មានអំណាចខ្លាំង រហូត​ដល់អាចក្តោបក្តាប់យន្តការជាតិ សំខាន់ៗ ធ្វើឲ្យជាតិរបស់យើង ជួបមហន្តរាយ។ ចំណែកបញ្ហាសម្រាប់​រដ្ឋាភិបាល គណបក្ស​កាន់​អំណាចវិញ ត្រូវប្រឈមនឹងការបាត់បង់ ការគាំទ្រជាបន្តបន្ទាប់ នឹងឈានទៅរកការបរាជ័យ ក្នុងការបោះឆ្នោត ដោយ​គ្មានឱកាស នឹងអាចស្តារកិត្តិយសវិញបានឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...