ទូរទស្សន៍​ថៃ​អង្កេត​ពី​វិទ្យុ ABC របស់​អាចារ្យ A នាំ​ចូល​ផលិត​ផល​«ខុស​ច្បាប់»

តាមការបង្ហោះមួយ របស់អ្នកប្រើប្រាស់បណ្ដាញសង្គម បានទម្លាយឲ្យដឹងថា វិទ្យុផ្សាយសម្លេង «ABC» របស់​លោក សេង ប៊ុនវ៉េង ហៅ​អាចារ្យ «A» បាននាំចូលដោយខុសច្បាប់ មកក្នុងប្រទេសកម្ពុជា នូវ​ផលិត​ផល​ទឹក​ដោះ​គោ​ម្យ៉ាង ដែល​ទទួល​បាន​ការ​អនុគ្រោះ ឲ្យ​ផលិត និង​ចែកជូន ដោយមិនគិតកម្រៃ នៅក្នុង​ប្រទេស​ថៃ។ ជា​ការ​អះអាង ដោយ​មាន​បង្ហោះ​វីដេអូ នៃ​បទ​យក​ការណ៍អង្កេតមួយ របស់​ទូរទស្សន៍​ថៃ ឈ្មោះ «THAI PBS» ភ្ជាប់​មក​ជា​មួយ​ផង។
ទូរទស្សន៍​ថៃ​អង្កេត​ពី​វិទ្យុ ABC របស់​អាចារ្យ A នាំ​ចូល​ផលិត​ផល​«ខុស​ច្បាប់»
ពីឆ្វេងទៅស្ដាំ៖ លោក សេង ប៊ុនវ៉េង ហៅអាចារ្យ អេ ប្រធានវិទ្យុ «ABC» និងផលិតផលទឹកដោះគោ ដែលត្រូវបាន​យក​មក​បង្ហាញ នៅក្នុង​សាខាលក់​ចែកចាយ​មួយ ​របស់វិទ្យុ។ (រូបថតលើហ្វេសប៊ុក និងផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 31, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវថ្មីមួយទៀត របស់វិទ្យុសម្លេង «ABC» របស់លោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» ត្រូវបាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយរូប ទម្លាយឲ្យដឹង កាលពីប៉ុន្មានម៉ោងមុន តាមរយៈ​​ការបង្ហោះ នៅលើបណ្ដាញ​សង្គម នូវ​​វីដេអូ​នៃ​បទ​​យក​​ការណ៍​​អង្កេត​​មួយ របស់ទូរទស្សន៍ថៃ ឈ្មោះ «Thai PBS (Thai Public Broadcasting Service)» ស្ដី​ពី​ការ​នាំ​ចូលផលិតផល «ទឹកដោះគោ» ម្យ៉ាង ចូលមក​ធ្វើ​ចរាចរណ៍​លក់ដូរ នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលដាក់​ឈ្មោះ​ខ្លួន ជាភាសាថៃ «คุณชาย โอ้» បាន​សរសេរ អមនឹង​ការបង្ហោះ​វីដេអូ​នោះ​ថា៖ «ក្រុមការងារ​របស់ "Thai PBS" ប្រចាំប្រទេសថៃ បានចុះទៅ​ស្រាវជ្រាវ គ្រប់​ប៉ុស្ដិ៍​វិទ្យុ "ABC" ក្នុង​ខេត្ត​ក្រុង​នានា នៅទូទាំងប្រទេសកម្ពុជា»។

លោក «คุณชาย โอ้» បានសរសរ​ពីការរកឃើញ របស់ក្រុមការងារ​របស់ទូរទស្សន៍ថៃថា ទឹក​ដោះ​គោ​ម្យ៉ាង ​(ហៅ​ជា​ភាសា​ថៃ "นมโรงเรียน") របស់​ប្រទេស​ថៃ ដែលត្រូវបានរដ្ឋាភិបាលថៃ អនុញ្ញាត​ឲ្យផលិត ដើម្បី​ទុក​ចែក​ចាយ ដោយ​មិន​គិតកម្រៃ ទៅឲ្យសិស្សសាលា ឬ ក្មេងរៀនតូចៗនោះ ត្រូវបានវិទ្យុ «ABC» របស់​លោក​ ​អាចារ្យ «A» នាំ​ចូល​ដោយ​ខុសច្បាប់ ដើម្បី​លក់​យក​កម្រៃ មកក្នុងប្រទេសកម្ពុជា។

លោក «คุณชาย โอ้» បានសរសេរថា៖ «វិទ្យុ "ABC" ដែលមានអាចារ្យ អេ ជាបងធំ បានលួច​នាំ​យក​ទឹក​ដោះ​គោ ដោយ​គ្មាន​ការអនុញាត និង​ខុសច្បាប់ មកចែកចាយលក់ ឲ្យពលរដ្ធខ្មែរ និងនៅតាម​បណ្តា​ខេត្ត​ក្រុង​នានា ​ក្នុង​ប្រទេស​កម្ពុជា»។ ប្រិយមិត្តអ្នក​ប្រើប្រាស់ បណ្ដាញសង្គម រូបនេះ បានសរសេរ​បន្ត​ទៀត​ថា៖ «ចំណែក​កូន​ខ្មែរ​យើង អត់​មាន​នរណា​ដឹង​ម្នាក់​សោះ អញ្ចឹង​តើ (ទើប)ក្រុម​របស់​វិទ្យុ "ABC" បោក​ប្រាស់​បាន»។

ភ្លាមៗនេះ គេមិនឃើញមានប្រតិកម្មពីវិទ្យុ «ABC» ឬពីក្រុមការងារ របស់វិទ្យុនេះនៅឡើយ ហើយ​ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ ក៏មិនអាច​ទាក់ទង​សុំប្រតិកម្មបានដែរ ដោយសារ​វេលានេះ ជា​ពេល​យប់ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ទស្សនាវដ្ដី នឹង​ត្រឡប់​មក​ជម្រាប ប្រិយមិត្តអ្នកអាន​វិញ នៅក្នុងអត្ថបទ​លើក​ក្រោយ​របស់​ខ្លួន បើសិន​ណា​ជា​មាន​ដំណឹង​ថ្មី។​

រឿងរ៉ាវនេះ បានបន្ថែម​ករណីដ៏រសើបមួយទៀត សម្រាប់វិទ្យុផ្សាយ​សម្លេង «ABC» របស់​លោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» បន្ទាប់ពី​ហេតុការណ៍ រថយន្ដសង្គ្រោះដឹកទឹកត្របែក ទៅដាក់ឲ្យ«ម៉ូយ» កាលពី​ប៉ុន្មាន​ខែ​កន្លង​មក និង​ហេតុការណ៍ ហក់​រំលងតុ សំដីសំដៅ​កាយ​វិការ មិនសម​ប្រកប ពីសំណាក់​ធីការិនីម្នាក់ របស់​វិទ្យុ​នេះ កាល​ពី​ពីរ​សប្ដាហ៍​មុន។

រឿងរ៉ាវ «ដឹកទឹកត្របែក» ដ៏ចម្រូងចម្រាស់នោះ មិនបានធ្វើឲ្យវិទ្យុនេះ រួមនឹងថ្នាក់ដឹកនាំវិទ្យុផង រងការពិន័យអ្វីឡើយ ដោយ​សារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ មកចូលជួយ​អន្តរាគមន៍។ ផ្ទុយ​ទៅ​វិញ រឿងរ៉ាវ «ហក់​រំលង​តុ របស់​ពិធីការិនី» បាន​ធ្វើ​ឲ្យ​វិទ្យុ​មួយ​នេះ «សើច​លែង​សម» ដោយ​សារ​​រដ្ឋមន្ត្រី​​ក្រសួង​​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ចេញ​សេចក្ដី​សម្រេច កាលពីសប្ដាហ៍មុន ហាមវិទ្យ​នេះ មិនឲ្យធ្វើ​កម្មវិធី «ABC 3 SPRING» របស់​ខ្លួន​ត​ទៅ​ទៀត៕

» វីដេអូបទយកការណ៍ របស់ទូរទស្សន៍ថៃ បង្ហោះដោយប្រិយមិត្តហ្វេសប៊ុក៖


» វីដេអូបទយកការណ៍ពេញ របស់ទូរទស្សន៍ថៃ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...