សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីមិនរង្គើខ្លួន តាំងពីជាង៣ទសវត្សន៍ កំពុងស្លន់ស្លោ។ គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ កំពុង​ជ្រួល​ច្របល់។ នេះ ជាខ្លឹមសារមួយចំនួន​ នៅក្នុង​សេចក្ដីថ្លែងការណ៍ របស់​ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ប្រតិកម្ម​ទៅ​នឹង​ការ​ព្រមានថ្មីៗ និងចុងក្រោយ​បង្អស់ របស់​លោក ហ៊ុន សែន ក្នុង​ថ្ងៃ​ទី៣១ ខែ​មករា​នេះ។
សម រង្ស៊ី ថា ហ៊ុន សែន រក​រឿង​កាន់​តែ​«សាហាវ»
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ មករា ២០១៧
  • កែប្រែចុងក្រោយ: February 01, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការព្រមានខ្លាំង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា តាម​រយៈ​ឧគ្ឃោសនា​សព្ទ នៃ​រដ្ឋសភា​ជាតិ កាលពី​ព្រឹក​ថ្ងៃ​អង្គារនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ចាត់ទុកការព្រមាមនោះ ថាជាការគម្រាមកំហែង ដែល​បង្ហាញ​ពីភាពស្លន់ស្លោ របស់លោក ហ៊ុន សែន និងពី​ភាព​ជ្រួលច្របល់ របស់គណបក្ស​កាន់​អំណាច​សព្វថ្ងៃ ដោយខ្លាច​ការ​ចាញ់​ឆ្នោត នា​ពេល​ខាង​មុខ។

ពីរដ្ឋធានី​ប៉ារីស ប្រទេសបារាំង កន្លែងដែល​លោក កំពុងរស់នៅ​និរទេសខ្លួន ដើម្បី​គេច​ចេញ ពី​ការ​ចាប់​ខ្លួន របស់​អាជ្ញាធរ​កម្ពុជា ទាក់​ទងនឹង​សាល​ក្រម​​ចូល​​ជាស្ថាពរ​មួយ របស់តុលាការកម្ពុជា ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅកម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ដោយ​បាន​ផ្ញើរ​​ទៅ​​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកផង។

លោក សម រង្ស៊ី បានសរសេរថា៖ «ការគំរាមកំហែងទាំងនេះ បង្ហាញពីភាព​ស្លន់ស្លោ របស់​លោក ហ៊ុន សែន នៅ​ពេល ដែល​ការ​បោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ឆ្នាំ ២០១៧ និង​ការ​បោះ​ឆ្នោត​រដ្ឋសភា ក្នុង​ខែ​កក្កដា ឆ្នាំ​ ២០១៨ កាន់តែឈានចូលមកជិត។ ដោយសារតែគាត់​​យល់ច្បាស់ថា គាត់មិនអាច​រារាំង​ឆន្ទៈ ប្រជា​រាស្ត្រ​ខ្មែរ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ គាត់បែរជាមករករឿង កាន់តែសាហាវឡើង មកលើរូបខ្ញុំ ពីព្រោះ​ខ្ញុំ​ជា​និមិត្ត​រូប នៃ​ការ​តស៊ូ​ប្រឆាំង​អំណាច​ផ្តាច់​ការ និង​ពុករលួយ របស់គាត់ និងក្រុមគ្រួសារគាត់។»

ក្នុងកិច្ចប្រជុំរដ្ឋសភា ដែលមានការចូលរួម តែពីសំណាក់សមាជិកសភា ពីគណបក្សប្រជាជនកម្ពុជា ដើម្បី​លប់​ចេញ​វិញ នូវ​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច នៃរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារនេះ បុរសខ្លាំង​កម្ពុជា ដែល​បាន​កាន់​អំណាច តាំង​ពី​ឆ្នាំ១៩៨៥ បាន​ព្រមាន​ថា ប្រសិនជាលោកឈ្នះក្ដី​នៅ​ឯ​តុលាការ លោកនឹង​ស្នើ​សុំ ឲ្យ​មាន​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ របស់លោក សម រង្ស៊ី ទាំងប៉ុន្មាន ដែលមាននៅក្នុងប្រទេសកម្ពុជា បូករួម​ទាំង​អាគារ​ ដីធ្លី ទី​ស្នាក់​ការ​​គណបក្ស​​ប្រឆាំង ដែលមានដាក់ឈ្មោះ​លោក សម រង្ស៊ី ដើម្បីលក់«ឡៃឡុង» និង​យក​ទៅ​ជួយ​ជន​ពិការ។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន​ សែន​ ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ សម រង្ស៊ី បើ​លោក​ឈ្នះក្ដី

កាល​ពី​ដើម​ខែមករា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានដាក់ពាក្យ​បណ្ដឹង​មួយ ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍ ទៅ​កាន់​តុលាការ ទាក់ទងនឹងការថ្លែងជា​សាធារណៈមួយ ទៅកាន់អ្នកគាំទ្រ ពីសំណាក់​ប្រធាន​​គណបក្ស​ប្រឆាំង នៅ​ក្នុង​តំបន់ជាយក្រុង នៃរដ្ឋធានី​ប៉ារីស ដែល​អះអាង​ថា លោក ហ៊ុន សែន ធ្លាប់​​បាន​រៀបចំ​ផែនការ ជា​មួយ​កញ្ញា ធី សុវណ្ណថា ដើម្បី​បំផ្លាញ​​គណបក្ស​​សង្គ្រោះ​ជាតិ​​របស់​លោក។

មិនមែនមានត្រឹម តែការព្រមាន​ខាងលើប៉ុណ្ណឹង​ទេ តែលោក ហ៊ុន សែន នៅបាន​ថ្លែង​ខ្លាំងៗ​បន្ថែម​ថា លោក​នឹង​ស្នើ​សុំ ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពីគណបក្ស​នយោបាយ ដើម្បីខារខាំង​ឥស្សរជន​ណា​ក៏​ដោយ ដែល​មាន​ទោស​ជាប់​ខ្លួន មិនឲ្យឡើង​​មក​ដឹកនាំ​​គណបក្ស​នយោបាយ។ ទោះជាក្នុងការថ្លែងនោះ លោក​នាយក​រដ្ឋមន្ត្រី ​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ក៏ដោយ ក៏ការលើក​ឡើង​នេះ ត្រូវបានគេ​គិតថា បានសំដៅ​ទៅ​រក​មេដឹកនាំ​ប្រឆាំង ដែល​កំពុង​រង​ក្ដីក្ដាំ និង​ការ​ផ្តន្ទាទោស ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ឲ្យស៊ើរើច្បាប់​ហាម សម រង្ស៊ី-កឹម សុខា ដឹកនាំ​គណបក្ស

តែលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានសរសេរតបវិញថា ការគំរាម​កំហែង​ខាង​លើនេះ របស់​លោក ហ៊ុន សែន នឹងមិនមានប្រសិទ្ធភាពទេ ហើយលោក រង្ស៊ី បានគ្រោងវិលត្រឡប់ មកប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​«មិន​យូរ​ប៉ុន្មាន»​ខាងមុខ។

មេដឹកនាំ​គណបក្ស​ប្រឆាំងរូបនេះ បានពន្យល់នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោកថា៖ «តាំងពី​យូរ​ឆ្នាំ​មក​ហើយ លោក ហ៊ុន សែន បាន​ប្រើប្រាស់តុលាការ ក្រោមបញ្ជា​របស់គាត់ ឲ្យផាត់ខ្ញុំចេញ ពីឆាក​​នយោបាយ​ នៅ​​ប្រទេស​​កម្ពុជា ហើយគាត់ក៏បាន​​ប៉ុនប៉ងកម្ចាត់ ឬបំបែក​គណបក្ស​សង្គ្​រោះជាតិ បន្ទាប់ពី​​គណបក្ស សម រង្ស៊ី។ ដូច្នេះ វាគ្មានអ្វីប្លែកទេ ក្នុងការប៉ុនប៉ង​​ដ៏ថោកទាប របស់លោក ហ៊ុន សែន នេះ។ គាត់នឹង​​ទទួល​បរាជ័យ​​​យ៉ាង​អាម៉ាស នឹងជាស្ថាពរ ក្នុងពេលឆាប់ៗ​ខាង​មុខនេះ ពីព្រោះគណបក្ស​សង្គ្​រោះជាតិ នៅតែ​រួបរួម​​គ្នា ហើយ​​កាន់​​តែ​​រឹងមាំ​​ឡើង រហូតដល់​ទទួលជ័យជំនះ យ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោត​​នៅឆ្នាំ ២០១៧ និង ២០១៨។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...