ឡោក ខេង សុំឲ្យពលរដ្ឋនៅឡពាង បង្ហាញជំហរច្បាស់ក្នុងការទារសំណង
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជំលោះដីធ្លី នៅសហគមន៍ឡពាង នៅតែមានបញ្ហារកដំណោះស្រាយមិនចេញ។ នោះដោយសារតែក្រុមគ្រួសារដែលនៅសេសសល់ទាំង ១៦គ្រួសារ មិនមានគោលជំហរច្បាស់លាស់នោះទេ ក្នុងការទាមទារសំណង។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឡោក ខេង សមាជិកគណៈកម្មការទី ១ នៃរដ្ឋសភា ក្នុងការថ្លែងមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកស្រីចេញពីអង្គប្រជុំពិភាក្សា រវាងសហគមន៍ឡពាង និងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា (ឬហៅថាគណៈកម្មការទី១) នៃរដ្ឋសភា នាព្រឹកម៉ិញនេះ។
តំណាងរាស្ត្រមកពីគណបក្សប្រជាជនរូបនេះ បាននិយាយថា សុំឲ្យពលរដ្ឋទាំងនោះបញ្ជាក់ជំហរ «ថាតើគាត់ចង់បានដី ឫចង់បានលុយ ពីក្រុមហ៊ុន KDC» ដើម្បីងាយស្រួលដល់គណៈកម្មការ ជជែកជាមួយនឹងក្រុមហ៊ុន ដែលកំពុងធ្វើការវិនិយោគលើដី របស់សហគមន៍ឡពាងនេះ។
ជំលោះដីធ្លីនៅក្នុងសហគមន៍ខាងលើនេះ ជាមួយនឹងក្រុមហ៊ុន KDC មានចំនួន ៥២គ្រួសារ ដែលទទួលរងផលប៉ះពាល់ពីក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្នគណៈកម្មការទី ១នៃរដ្ឋសភា បានធ្វើការដោះស្រាយរួចរាល់ចំនួន ៣៦ គ្រួសារហើយ ដោយឡែកនៅចំនួន ១៦គ្រួសារទៀត នៅមិនទាន់បានដោះស្រាយ និងទទួលសំណងនៅឡើយ។
លោកស្រី ឡោក ខេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះទៀតថា គណៈកម្មការទី១ នៃរដ្ឋសភាកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះខ្លាំងណាស់ ប៉ុន្តែប្រជាពលរដ្ឋទៅវិញទេ ដែលមិនទាន់មានជំហរច្បាស់លាស់ណាមួយ ដើម្បីឲ្យគណៈកម្មការជួយជួយសម្របសម្រួលជូនដល់ពួកគាត់។ រីឯក្រុមហ៊ុន KDC វិញ លោកស្រីនិយាយថា ក្រុមហ៊ុននៅតែរងចាំទទួលនៅការចរចា ដើម្បីដោះស្រាយជំលោះនេះផងដែរ ប៉ុន្តែពលរដ្ឋទាំង ១៦គ្រួសារនេះ មិនមានគោលជំហរមួយច្បាស់លាស់នោះទេ នៅពេលនេះ។ លោកស្រីនិយាយទៀតថា៖ «អ្នកខ្លះចង់ឲ្យក្រុមហ៊ុនផ្តល់សំណងជាប្រាក់ ហើយអ្នកខ្លះទៀតចង់បានដីរស់នៅវិញ»។
តាមការបញ្ជាក់របស់លោក អេង ឆៃអៀង ប្រធានគណៈកម្មការទី ១ និងជាតំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ បានស្នើនៅក្នុងកិច្ចប្រជុំខាងលើនេះ ទៅអ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ឲ្យធ្វើការបញ្ជាក់ពីក្រុមគ្រួសារ ដែលមិនទាន់ទទួលបានសំណងថា តើពួកគាត់ចង់បានសំណងអ្វីពីក្រុមហ៊ុនពិតប្រាកដ។ លោកថា ក្រោយពីមានបញ្ជាក់ពីក្រុមគ្រួសារទាំងនោះ បានច្បាស់លាស់ហើយនោះ ទើបគណៈកម្មការ ធ្វើការចរចាជាមួយក្រុមហ៊ុនរកដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។
រីឯអ្នកស្រី អ៊ុំ សុភី វិញ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទថា នៅពេលដែលអ្នកស្រីធ្វើដំណើរទៅដល់ផ្ទះនៅល្ងាចនេះ អ្នកស្រីនឹងប្រមូលសហគមន៍ឡពាងទាំងអស់ មកប្រជុំពិភ្សាគ្នា អំពីអ្វីដែលពួកគាត់ត្រូវឲ្យក្រុមហ៊ុន KDC ផ្តល់សំណងដល់ពួកគាត់។
សូមរំលឹកថា ក្រុមហ៊ុនខេប៊ីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរងការចោទប្រកានថា បានរំលោភដីធ្លី និងឈូសឆាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ អស់១៤ខ្នង នៃប្រជាពលរដ្ឋសរុប៨៩គ្រួសារតាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៨មក។ តាំងពីពេលនោះមក រហូតដល់មានការព័ទ្ធរបងនាពេលកន្លងមក អាជ្ញាធរ ក៏ដូចជាអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន មិនទាន់បានរកដំណោះស្រាយឲ្យនោះឡើយ រហូតជំរុញឲ្យពលរដ្ឋស្វែងរកជំនួយពីរដ្ឋសភា៕