ពលដ្ឋពីខេត្ត ស្នើរដ្ឋាភិបាលដកដីសម្បទាន ពីក្រុមហ៊ុនវៀតណាមចំនួនបី
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 08, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងលក្ខណៈយុត្តិសាស្រ្ត និងទម្រង់មិនខុសគ្នា នៃសកម្មភាពឈូសឆាយដីដោយក្រុមហ៊ុន និងសកម្មភាពការពារក្រុមហ៊ុនពីសំណាក់អាជ្ញាធរ ទាំងក្នុងខេត្តរតនគីរី និងខេត្តព្រះវិហារ ដីស្រែ ដីចំការ ដីព្រៃកេរ្ត៍ដូនតា ទំនៀមទម្លាប់ វប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៃខេត្តទាំងពីរ នឹងត្រូវរលាយបាត់បង់ និងសាបសូន្យ បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ និងចាត់វិធានការជាបន្ទាន់ ទៅលើសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនវៀតណាមទាំងបីនេះទេ។
លោកតា អ៊ុក ពឿន តំណាងសហគមន៍ភូមិស្រែពាង ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា និងជាចាស់ព្រឹទ្ធាចារ្យ ប្រចាំភូមិផងនោះ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី៨ ខែមករានេះថា លោកស្តាយនូវកេរ្តិ៍មរតកពីដូនតា ដែលរូមមានព្រៃប្រពៃណី ព្រៃដូនតា ព្រៃជំនឿសាសនា ធនធានធម្មជាតិ និងវប្បធម៌ថ្នាំបែបបុរាណ ពិសេសប្រាសាទបុរាណក្រោមដី ត្រូវបានរលាយក្រោមការឈូសឆាយ ដីសមូហភាពនៃជនជាតិភាគតិច ក្រោមការចូលរួមបីអាជ្ញាធរថ្នាក់ឃុំ និងខេត្ត។ លោកបន្តថា ទាំងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានត្រូវរ៉ូវ និងការពារគ្នា សហការគ្នាល្មើសច្បាប់ មិនគិតពីប្រយោជន៍ជាតិ និងរាស្រ្តឡើយ។
«ពួកគេចាត់ទុកពួកយើងហាក់បីមិនដូចជាមនុស្សសោះ។»
អ្នកស្រី ខែវ ប៉ែន តំណាងសហគមន៍ភូមិប្រមេ បានថ្លែងថា ការឈូសឆាយនេះ ទាំងក្រុមហ៊ុន និងអាជ្ញាធរមិនបានជូនដំណឹងជាមុនឡើយ។ ឯការសម្រេចប្រគល់ដីនេះឲ្យក្រុមហ៊ុន ក៏គ្មានការជួបពិភាក្សាជាមួយប្រជារាស្រ្ត ដែលជាម្ចាស់ស្រុកដែរ។ អ្នកស្រីបន្តថា ដោយគ្មានការអន្តរាគន៍ឃាត់សកម្មភាពក្រុមហ៊ុន ពលរដ្ឋបានសម្រេចចិត្តទៅឃាត់ដើម្បីផ្អាកការឈូសឆាយ ដើម្បីស្វែងរកដំណោះស្រាយ។ អ្នកស្រីបញ្ជាក់ថា៖ «ដេញក្រុមហ៊ុន ដូចដេញមាន់ហាលស្រូវចឹង។ ដេញពេលថ្ងៃមកលបឈូសឆាយពេលយប់។»
លោក ថាង សុខ មកពីខេត្តរតនគីរីបានបន្តថា ក្រុមហ៊ុនត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានការពារ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះ បានចិត្ត និងបន្តការឈូសឆាយព្រៃឈើដោយគ្មានខ្លាចរអារ។ ជាងនេះទៅទៀត អាជ្ញាធរគួតែជាអ្នកការពារប្រជារាស្រ្ត បែរជាមកដាក់កំហុងលើប្រជាបលរដ្ឋថា កំពុងមានចេតនាបង្កើតនូវអប្បគមន៍ទៅវិញ។ ក្រុមទាំងនោះមានគ្នាមិនតិចជាងមួយរយនាក់ឡើយ ប្រដាប់ដោយដំបង កាំភ្លើង និងដំបងឆក់គ្រប់ដៃ។
លោក ពៅ អាន តំណាងសហគមន៍មកពីមណ្ឌលគីរី បានបន្តថា កន្លងមកប្រជាពលរដ្ឋកាប់កូនឈើរូចៗ ប្រកបរបរចិញ្ចឹមជីវិត អាជ្ញាធរហាមឃាត់មិនឲ្យកាប់ទេ។ តែមកដល់ពេលនេះ បែរជាអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម រំលើង គាស់រំលំទាំងដើមឈើតូច និងធំ ក្លាយជាវាលហោរដ្ឋានទៅវិញ។ លោកបានថ្លែងឡើងថា អាជ្ញាធរត្រូវរ៉ូវជាមួយក្រុមហ៊ុន ហើយធ្ចើការបោកបញ្ឆោតប្រជាពលរដ្ឋ ថាក្រុមហ៊ុនមិនត្រូវការដី និងស្រែចំការប្រជាពលរដ្ឋនោះទេ គ្រាន់តែគេមកធ្វើផ្លូវ ថ្នល់ និងស្ពានសម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់ប៉ុណ្ណោះ។ តែការពិត គេកំពង់ឈូសឆាយយកដីនោះជាបណ្តើរៗ ដោយគ្មានការហាមឃាត់ពីបលរដ្ឋ។ តំណាងរូបនេះ បានថ្លែងឲ្យដឹងទៀតថា៖ «មិនសង្ឃឹម អស់ហើយក្តីសង្ឃឹម ថានឹងមានដីសម្រាប់ការចិញ្ចឹមជីវិត និងសម្រាប់កូនចៅជំនាន់ក្រោយ។»
លោក ប្រ៉ប់ ជីប មកពីភូមិ ចក់ចារ បានលើកពាក្យសំដីនៃមន្រ្តីសុរិយោដីខេត្ត មកនិយាយថា កុំឲ្យប្រជាពលរដ្ឋភ័យ បើអស់ព្រៃ ក៏នៅដីដែរ។ ការតវ៉ារបស់ប្រជាពលរដ្ឋគ្មានប្រសិទ្ធិភាពសោះ ជាមួយអាជ្ញាធរ និងក្រុមហ៊ុននោះ។ ទីបំផុតព្រៃក៏អស់ ដីក៏គេយកទៀត ស្រែចំការពីដូនតាក៏គ្មានសេសសល់ឡើយពេលនេះ។ តំណាងសហគមន៍ម្នាក់ទៀត លោក ព្រំ សុខា បានស្រង់ពាក្យមន្រ្តីសុរិយោដីម្នាក់ ដែលស្តិតក្នុងហេតុការណ៍នៃការឈូសឆាយនោះដូច្នេះថា «កាលណាខិតខំតែតវ៉ា ដីមានគេឲ្យមិនព្រមយក ច្បាស់ជាអត់ហើយ កុំភ្លើ! បើហ៊ានតវ៉ា ហានប្រឆាំង និងបាញ់សម្លាប់ចោល ឬចាប់ដាក់គុកគ្មានឲ្យសល់ឡើយ។»
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ តំណាងប្រជាពលរដ្ឋ ក៏បានស្នើសុំដល់អាជ្ញាធរខេត្តមណ្ឌលគីរី ឲ្យជួយដោះស្រាយបញ្ឈប់ការឈូសឆាយ របស់ក្រុមហ៊ុនវៀតណាមប៊ិញភឿក១ នោះដែរ តែត្រូវបានបរាជ័យ ដោយគ្មានអ្នកណាមកអន្តរាគមន៍ឡើយ។ ប្រជាពលរដ្ឋទាំងពីខេត្តនេះ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ឡានហ្វេង និងក្រុមហ៊ុន រ៉ូយហ្វេង នៅខេត្តព្រះវិហារ និងក្រុមហ៊ុន ប៊ិញភឿក១ នៅខេត្តមណ្ឌលគីរី ជាបន្ទាន់ និងដាច់ខាត។
ឯលោក សុក រដ្ឋា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា អាជ្ញាធរខេត្ត ហាក់មិនអើពើនឹងការបញ្ឈប់ការឈូសឆាយនោះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយឡើយ។ លោកបន្ថែមថាភាពភ័យក្លាយ បាត់បង់ដីស្រែ ចំការ និងព្រៃវិលជុំរបស់ប្រជាពលរដ្ឋ ក៏កាន់តែកើនឡើងទៅតាមនោះដែរ។ យ៉ាងណាលោកសង្ឃឹមថា អាជ្ញាធរខេត្តនឹងធ្វើការដោះស្រាយ ដោយចេតនាល្អជូនប្រជាពលរដ្ឋ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ក្រុមហ៊ុនទទួលដីសម្បទាននៅស្រុកខ្មែរ តាមគោលការណ៍ច្បាប់ ត្រូវអនុវត្តកាតព្វកិច្ចច្បាប់ខ្មែរ។ ត្រូវអនុវត្តទៅលើក្រុមហ៊ុន ដែលបានឈូសឆាយទៅលើដីព្រៃ ដោយគ្មានច្បាប់ទម្លាប់ទាំងអស់។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទំនាក់ទំនងមន្រ្តីពាក់ព័ន្ធក្នុងខេត្តព្រះវិហារ និងមណ្ឌលគីរីបានឡើយ។ កន្លងមក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថាសម្បទានដីសេដ្ឋកិច្ចចំនួន២៣ ក្នុងចំណោម១១៣ក្រុមហ៊ុន ក្រសួងបរិស្ថានបានសម្រេចធ្វើនិរាករណ៍ ដែលមានមានទំហំដីសរុប៩០៦៨២ហិចតា។ ប៉ុន្តែក្នុងនោះ មិនមានឈ្មោះក្រុមហ៊ុនទាំងបីខាងលើ ដែលត្រៀមនឹងធ្វើការដកហូតឡើយ។
បញ្ជាក់ កាលពីថ្ងៃទី១ ខែមករានេះ គ្រឿងចក្រក្រុមហ៊ុន ប៊ិញភឿក១ ដែលកំពុងឈូសឆាយដី ចម្ការវិលជុំត្រូវបានអ្នកភូមិប្រមាណជាង៧០នាក់ រឹបអូសដើម្បីបញ្ឈប់ការឈូសឆាយ។ បន្ទាប់មក ពលរដ្ឋស្វែងរកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ឲ្យមានបញ្ឈប់ការឈូសឆាយនោះ។ ផ្ទុយមកវិញអាជ្ញាធរមូលដ្ឋាន បាននាំកងកម្លាំងប្រដាប់អាវុធចម្រុះ មកយកគ្រឿងចាក់នោះឲ្យក្រុមហ៊ុនវិញ និងគំរាមអ្នកភូមិឲ្យចាកចេញពីដីមានទំនាស់។ បើរឹងទទឹង និងចាកចេញទេ អាជ្ញាធរបានព្រមានថា នឹងប្រើវិធានការក្តៅបណ្ដេញចេញ និងចាប់ខ្លួនព្រោះប្រឆាំងនឹងអាជ្ញាធរសាធារណៈ៕