ខ្ចីឡានមិនសង កាត់យកដី ម្ចាស់ដីប្រកែក ម្ចាស់ឡានប្រើអំណាច
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 06, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាករណីមួយ ក្នុងចំណោមករណី ប្រហាក់ប្រហែលនេះជាច្រើន ដែលកើតមាន នៅកម្ពុជា។ ពលរដ្ឋម្នាក់រស់នៅ ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងនូវការគម្រាមកំហែង ជាបន្តបន្ទាប់ ពីម្ចាស់លុយ ក្នុងការបង្កើត ឲ្យមានលិខិត ឬកិច្ចសន្យានានាជាច្រើន ព្រោះតែឲ្យទទួលស្គាល់ថា ខ្លួនបានខ្ចីប្រាក់ ចំនួនបីម៉ឺនដុល្លា ជាថ្នូនឹងរថយន្តមួយគ្រឿង។
អ្នកស្រី ហ៊ីង យ៉ាង អាយុ៦៤ឆ្នាំ ដែលជាភាគីរងការគម្រាមនោះ បានរៀបរាប់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាអ្នកស្រីកំពុងរងទុក្ខវេទនា ព្រោះនាយទាហារ ថានៈផ្កាយពីរមួយរូប រួមជាមួយមន្ត្រីមួយចំនួន នៃអាជ្ញាធរមូលដ្ឋាន បានមកធ្វើការកំទេចផលដំណាំ និងធ្វើរបងព័ទ្ធយកដី ដែលគាត់កំពុងរស់នៅសព្វថ្ងៃ។ អ្នកស្រី បានថ្លែងទាំងទឹកភ្នែកថា ដីរបស់អ្នកស្រីនេះ មិនត្រូវបានអ្នកស្រីលក់ ឬប្រគល់ទៅឲ្យឈ្មោះ អ៊ូ បុប្ផា (ប្រពន្ធ លោក ឡេង កឿន នាយរងសេនាធិការបញ្ជាការ អង្គរក្ស (ផ្កាយពីរ) នោះទេ។
ពីរឿងខ្ចីឡាន រហូតយកកម្មសិទ្ធិដីធ្លី មកពាក់ព័ន្ធ
អ្នកស្រី បានយករឿងដើម មករំលឹកឡើងវិញថា ដើមឡើយកូនប្រុសអ្នកស្រី ឈ្មោះ ហ៊ីង សុវណ្ណ ដែលជាទាហានធ្វើការជាមួយឈ្មោះ ឡេង កឿន និងជាមិត្តភ័ក្រនឹងគ្នាដែរនោះ បានយកឡានរបស់គេ មកប្រើប្រាស់ តែមិនដឹងឡានអ្វីនោះទេ។ ឯម្ចាស់ឡានថា មិនឃើញប្រគល់ឡានឲ្យគេវិញ ទើបបង្ខំឲ្យធ្វើកិច្ចសន្យាខ្ចីប្រាក់ ចំនួនបីម៉ឺនដុល្លាអាមេរិក ពីឈ្មោះ អ៊ូ បុប្ផា។
ស្រ្តីវ័យចំណាស់រូបនេះ បានលើកឡើងថា ដោយកូនអ្នកស្រី គ្មានប្រាក់សង ឈ្មោះ ឡេង កឿន និងឈ្មោះ អ៊ូ បុប្ផា ក៏បានមកនិយាយ ជាមួយអ្នកស្រី ដោយឲ្យអ្នកស្រី ធ្វើកិច្ចសន្យាមួយ លក់ដីទៅឲ្យគេ។ អ្នកស្រីថា ការធ្វើកិច្ចសន្យានេះ អ្នកស្រីបានត្រឹមតែដឹងថា ជាកិច្ចសន្យាទទួលស្គាល់ថា កូនបានជំពាក់លុយ ចំនួនបីម៉ឺនដុល្លាប៉ណ្ណោះ មិនមែនជាកិច្ចសន្យា ប្រគល់ដី ឬផ្ទេសិទ្ធិដីនោះឡើយ។ អ្នកស្រីមិនមានចេតនា ក្នុងការលក់ដូរដីនេះឡើយ ព្រោះជាដីពីដូនតា។ ប៉ុន្តែ ដោយសារការភ័យខ្លាច ព្រោះគេគម្រាម ចង់សម្លាប់កូនផងនោះ អ្នកស្រីក៏ព្រមផ្តិតមេដៃទៅ។
ប៉ុន្តែ តាំងពីតម្លៃដីឡើងថ្លៃ (ក្នុងទីផ្សារ) ក៏ស្រាប់តែឈ្មោះនេះ បាននាំកម្លាំង និងក្រុមអង្គរក្សរបស់ខ្លួន មកធ្វើការកាប់បំផ្លាញដំណាំ និងធ្វើរបងព័ទ្ធលើដីនេះ ដោយពុំមានឲ្យដំណឹងជាមុនឡើយ។ នេះជាការអះអាង របស់អ្នកស្រី ហ៊ីង យ៉ាង ជាមួយនឹងទឹកភ្នែក រមៀលធ្លាក់ជោគថ្ពាល់។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំការបញ្ជាក់ ជុំវិញសំនុំរឿងដ៏ចម្រូងចម្រាស់ ពីលោក ទូច ឈុំ ដែលជាមេភូមិកោះក្របី១ ក្នុងពេលបច្ចុប្បន្ន។ លោកមេភូមិ បានអះអាងថា កាលលោកនៅជាពលរដ្ឋសមញ្ញ លោកបានដឹងថា ដីនេះពិតជារបស់អ្នកស្រី ហ៊ីង យ៉ាង ប្រាកដមែន។ តែលោកបានបដិសេធថា ចំពោះការលក់ដូរយ៉ាងណានោះ លោកមិនបានដឹងឮទេ ព្រោះលោកទើបនឹងឡើង ជាមេភូមិក្នុងឆ្នាំ២០១២ បន្ទាប់ពីមានការបំបែកឃុំជាពីរប៉ុណ្ណោះ។ លោកបន្តថា កាលនោះ ភូមិ កោះក្របី ទាំងមូល ស្ថិតក្នុងការគ្រប់គ្រង របស់លោក ប៉េ ប៉ាក់។
លោក ទូច ឈុំ បាននាំពាក្យរបស់លោក ឈឹម សាំង ចៅសង្កាត់ព្រែកថ្មី មកថ្លែងអះអាងថា កន្លងមក មានពាក្យបណ្តឹងពីភាគីម្ខាងទៀត (ឈ្មោះ អ៊ូ បុប្ផា) ហើយអាជ្ញាធរមូលដ្ឋាន ក៏បានកោះហៅអ្នកស្រី ហ៊ីង យ៉ាង ចំនួនបីលើកមកហើយ ដើម្បីបំភ្លឺរឿងដីនេះនៅសង្កាត់ តែអ្នកស្រីមិនបានចូលរួមរួម។ លោកបានអះអាងដដែលៗថា លោកមិនដែលស្គាល់ ឈ្មោះ អ៊ូ បុប្ផា និង ឡេង កឿន នោះឡើយ។ លោកថា ឈ្មោះអ្នកទាំងពីរ លោកទើបតែស្គាល់ នៅពេលដែល ក្រុមនេះ បានចុះមកធ្វើរបង ក្នុងថ្ងៃទី៣ ខែឧសភានេះប៉ុណ្ណោះ។
ដោយឡែក អ្នកស្រី អ៊ូ បុប្ផា ដែលមានវត្តមាននៅទីនោះ មិនបានផ្តល់កិច្ចសម្ភាសណាមួយ ជាមួយទស្សនាវដ្ដីទេ ទោះអ្នកសារព័ត៌មាន ព្យាយាមសុំឲ្យអ្នកស្រី បកស្រាយយ៉ាងណាក៏ដោយ។
ឯលោក ប៊ូ ប៊ូរិទ្ធិ ជានគរបាលមួយរូប នៅក្រសួងមហាផ្ទៃ ដែលស្និតនឹងម្ចាស់ឡាន បានបញ្ជាក់ប្រាប់ទស្សនាវដ្តី ប្រហាក់ប្រហែលនឹង អ្នកស្រី ហ៊ីង យ៉ាង ដែរថាឈ្មោះ ហ៊ីង សុវណ្ណ បានខ្ចីឡាន«មេ»របស់ខ្លួន ដើម្បីមកដឹកភ្ញៀវ។ ក្រោយមក «មេ»របស់ ហ៊ីង សុវណ្ណ បានហៅសួររកឡាន តែឈ្មោះ ហ៊ី សុវណ្ណ នេះ ចេះតែលើកឡើងថា ម្តងនៅទីនេះ ម្តងនៅទីនោះ រហូតដល់ពេលជិតមួយឆ្នាំ។
មន្ត្រីនគរបាល បានបន្តថា «មេ»បានហៅ ឈ្មោះ ហ៊ីង សុវណ្ណ មកដោះស្រាយរឿងនេះ តែឈ្មោះនេះមិនបានមកទេ បែរជាឈ្មោះ ហ៊ីង យ៉ាង ដែលជាម្តាយ បានមកជួប«មេ»នៅផ្ទះ ដោយអង្វរថា កុំឲ្យប្តឹងកូនគាត់ដាក់គុកអី។ លោក ប៊ូ ប៊ូរិទ្ធិ បានបន្តថា ឈ្មោះ ហ៊ីង យ៉ាង បានអង្វរ ដោយឲ្យកាត់ដីគាត់នេះយកទៅ។ ចំពោះសំនួរដែលសួរថា តើឡានម៉ាកអ្វី ក្នុងតម្លៃប៉ុន្មាននោះ លោក ប៊ូរិទ្ធិ មិនបានឆ្លើយ ឲ្យច្បាស់លាស់ទេ ដោយគ្រាន់តែ និយាយថា បើចង់ដឹងច្បាស់ ទាល់តែសួរម្ចាស់ឡានផ្ទាល់។
សំនុំរឿង ជាក្រដាសស្នាម
យោងតាមកិច្ចសន្យាខ្ចីប្រាក់ ដែលមានស្នាមមេដៃ អ្នកទទួលឈ្មោះ ហ៊ីង យ៉ាង និង ហ៊ីង សុវណ្ណ និងអ្នកប្រគល់ឈ្មោះ អ៊ូ បុប្ផា ចុះថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១០ ដោយមានលោកមេភូមិកោះក្របី ប៉េ ប៉ាក់ បានដឹងលឺ រួមទាំងហត្ថលេខា របស់លោកចៅសង្កាត់ព្រែកថ្មី ឈឹម សាំង ទទួលស្គាល់ហត្ថលេខា លោកមេភូមិកោះក្របីផង។ ក្នុងថ្ងៃដដែលនេះ (ថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១០) ក៏មានកិច្ចសន្យាលក់ដី មួយច្បាប់ទៀត បានសរសេរថា ឈ្មោះ ហ៊ីង យ៉ាង បានព្រមព្រៀងលក់ដីលំនៅដ្ឋានរបស់ខ្លួន ទៅឲ្យឈ្មោះ អ៊ូ បុប្ផា និងចុះហត្ថលេខាដឹងឮ ដោយមេភូមិកោះក្របី លោក ប៉េ ប៉ាក់ និងទទួលស្គាល់ហត្ថលេខា មេភូមិកោះក្របី ដោយលោកចៅសង្កាត់ព្រែកថ្មី ឈឹម សាំង។
លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ឈ្មោះ ហ៊ីង យ៉ាង និងឈ្មោះ ហ៊ីងសុវណ្ណ ព្រមប្រគល់ដីទំហំ១៤១៦ ម៉ែត្រការេ (ដីលំនៅដ្ឋាន) ឲ្យទៅឈ្មោះ អ៊ូ បុប្ផា ជាកម្មសិទ្ធិ ដើម្បីទូទាត់នឹងប្រាក់ជំពាក់ ចំនួនបីម៉ឺនដុល្លាអាមេរិក បើសិនជាដីនោះ មិនត្រូវបានលក់ចេញ ក្នុងរយៈពេលបួនខែ បន្ទាប់ពីថ្ងៃផ្តិតមេដៃទេ។ កិច្ចសន្យាប្រគល់សិទ្ធិខាងលើនេះ ក៏មានចុះហត្ថលេខា ដោយលោក អ៊ុន សុន ជំទប់ទី១ សង្កាត់ព្រែកថ្មីដែរ។
តែនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ឈ្មោះ ហ៊ីង យ៉ាង នៅតែមិនមានប្រាក់សង ក៏បានធ្វើការសន្យាជាថ្មី ដោយសុំពន្យាពេល៧ខែទៀត (ថ្ងៃទី១០ ខែ១១ ឆ្នាំ២០១៤) ដើម្បីរកលុយមកសង។ តែបើរកមិនបានទេ ព្រមប្រគល់ដីនោះ ទៅឲ្យឈ្មោះ អ៊ូ បុប្ផា ជាកម្មសិទ្ធិ។ នេះបើយោងតាមកំណត់ហេតុ ដែលមានចុះហត្ថលេខា ដោយលោកចៅសង្កាត់ព្រែកថ្មី លឹម វណ្ណថេង។
ការតតាំងតាមផ្លូវច្បាប់ បានចាប់ផ្ដើមហើយ!
យ៉ាងណា ចំពោះកំណត់ហេតុ សម្រុះសម្រួលនេះ ត្រូវបានបដិសេធដោយអ្នកស្រី ងួន មករា មេធាវីការពារក្ដី អោយអ្នកស្រី ហ៊ីង យ៉ាង តាមលិខិតជូនដំណឹង ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។ ក្នុងលិខិតនេះ អ្នកស្រីមេធាវីបានស្នើ ឲ្យលោកចៅសង្កាត់ ដោយប្រគល់លិខិតជូនដំណឹងនេះ ទៅឲ្យអ្នកស្រី អ៊ូ បុប្ផា ដោយស្នើសុំឲ្យធ្វើការរំលាយ កំណត់ហេតុសម្រុះសម្រួល ចុះថ្ងៃទី១០ ខេមេសា ឆ្នាំ២០១៤ ចោលទាំងស្រុង។
មេធាវីការពារអ្នកស្រី ហ៊ីង យ៉ាង បានសំអាងហេតុផលថា៖ «តាមផ្លូវច្បាប់ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី គ្មានម្ចាស់បំណុលណាម្នាក់ មានសិទ្ធិ យកទ្រព្យសម្បត្តិរបស់កូនបំណុល មកធ្វើជាកម្មសិទ្ធិបានឡើយ។ ហេតុដូចនេះ ទាក់ទងនឹងការទាមទារនេះ យើងសូមបដិសេធចោល និងរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ជាធរមាន ដើម្បីការពារនូវផលប្រយោជន៍ស្របច្បាប់។»
សូមបញ្ជាក់ថា ដីនេះសព្វថ្ងៃកំពុងគ្រប់គ្រង ដោយឈ្មោះ ហ៊ីង យ៉ាង តែការរៀបចំទីធ្លាខាងក្នុង និងការធ្វើរបងព័ទ្ធជុំវិញដីនោះ កំពុងធ្វើឡើងដោយអ្នកស្រី អ៊ូ បុប្ផា។ ទំនាស់ក៏កំពុងកើតមាន ឯអាជ្ញាធរកំពុងស្វែងរកវិធីសម្របសម្រួល និងដោះស្រាយ។ ករណីរឿងនេះ អ្នកសារព័ត៌មានរបស់ទស្សនាវដ្តី បានចុះទៅផ្តិត យករូបភាពជាក់ស្តែងនៃទំនាស់ តែត្រូវបានហាមឃាត់ ដោយក្រុមអង្គរក្សរបស់អ្នកស្រី អ៊ូ បុប្ផា។ ចំពោះដំណើររឿងបែបណា ទៅពេលខាងមុខទៀត ទស្សនាវដ្ដីនឹងត្រឡប់មកជូនដំណឹងបន្ថែម នៅពេលក្រោយ៕