Britain's Got Talent៖ មើលចាស់ៗរាំ Hip Hop
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 06, 2015
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលបុរសចំណាស់ ដែលមានវ័យមិនតិចជាង៤០ឆ្នាំ (ចាស់ជាងគេ មានអាយុ៦០ឆ្នាំ) ទាំងប្រាំរូប បានចូលមកដល់ក្នុងឆាក នៃកម្មវិធី Britain's Got Talent ដំបូង ពួកគេមិនបានធ្វើឲ្យមេប្រយោគ ទាំងបួននាក់ ចាប់អារម្មណ៍ប៉ុន្មាននោះទេ ជាពិសេសលោក ស៊ីមុន ខូវែល (Simon Cowell) តែម្ដង។ ក្រសែរភ្នែក របស់លោក ក៏ដូចជារបស់ទស្សនិកជនភាគច្រើន បានសម្ដែងចេញមក ដោយមិនបានគិតថា បុរសទាំងប្រាំ អាចមានទេពកោសល្យអ្វី មកពញ៉ាក់អារម្មណ៍ខ្លួនឡើយ។
ប៉ុន្តែ បរិយាកាសនៅក្នុងសាលទាំងមូល បានផ្លាស់ប្ដូរភ្លាមៗ បន្ទាប់ពីបុរសម្នាក់ បាននិយាយបង្ហាញខ្លួនថា ពួកគេទាំងប្រាំនាក់ មានឈ្មោះ «Groovin' Old Men» និងថ្លែងម្នាក់ម្ដងថា ពួកគេមានជំនាញ ជាអាជីពខុសៗគ្នា។ បន្ទាប់មក ចូលដល់ឈុតឆាក សម្ដែងទេពកោសល្យ... ទាំងមេប្រយោគបួនរូប រួមនឹងទស្សនិកជនទាំងអស់ បានបើកមាត់ស្ងើច មិននឹកស្មាននឹងការធ្វើឲ្យភ្ញាក់ផ្អើល របស់បុរសវ័យចំណាស់ទាំងប្រាំ ដែលកំពុងកាច់ក្បាច់ Hip Hop នៅលើឆាក។
មិនមែនត្រឹមតែ Hip Hop ទេ តែពួកគាត់យកមកចង្វាក់រាំ break-dancing និង hip-gyrating មកដាក់លាយបញ្ចូលគ្នា ជាមួយនឹងការចម្រៀងល្បីៗ ជាច្រើនបទ ដូចជា Sex Machine និង Jump On It បង្កជាចង្វាក់ កន្ត្រាក់ទាំងអារម្មណ៍ អស់ទាំងមនុស្សនៅជុំវិញ។
ការសម្ដែងបានបញ្ចប់ទៅ បង្កភាពសោកស្ដាយ ដល់ទស្សនិកជនមួយចំនួន ដែលគិតថា «ដូចជាខ្លីពេក» តែបានជំរុញមេប្រយោគ ស៊ីមុន ខូវែល ឲ្យអត់ទ្រាំមិនងើបឈរ ទះដៃអបអរបុរសទាំងប្រាំនាក់នេះ មិនបាន។ «អស្ចារ្យៗ! ក្រុមលោក ពិតជាអស្ចារ្យ!» នេះជាការឧទ្ទានឡើង នៅក្នុងកម្មវិធី របស់លោក ខូវែល ទៅកាន់អ្នករាំវ័យចំណាស់ទាំងប្រាំរូប៕