«ខ្មែរត្រូវដឹងនិងចងចាំ ពីការបាត់បង់ទឹកដីខ្មែរ នៅកម្ពុជាក្រោម»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 06, 2015
- ប្រធានបទ: កម្ពុជាក្រោម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះបី ទឹកដីកម្ពុជាក្រោមសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម ក៏ពិតមែន តែអ្វីដែលជាការចងចាំ គឺស្ថិតនៅត្រង់ថា ទឹកដីនោះជារបស់ខ្មែរ ដែលបានបាត់បង់ទៅ ដោយខ្មែរមិនបានដឹងខ្លួន និងក៏ជាការរំលឹក ដល់យុវជនជំនាន់ក្រោយ ឲ្យបានដឹងពីប្រវត្តិសាស្រ្តកម្ពុជា ព្រមទាំងជាការរំលឹកដឹងគុណ នូវបុព្វបុរសខ្មែរ ដែលបានពលីជីវិត ក្នុងការទាមទារទឹកដីខ្មែរកម្ពុជាក្រោម។ នេះជារការថ្លែង របស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្នុងពិធីរំលឹកខួបលើកទី៦៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជា។
នៅចំពោះវត្តមាន ប្រជាពលរដ្ឋរាប់ពាន់នាក់ តំណាងរាស្ត្រ (ពីគណបក្សសង្គ្រោះជាតិ) និងព្រះសង្គរាប់រយអង្គ ដែលបានមកចូលរួម ក្នុងពិធីរំលឹកខួប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ នាវត្តពោធិយារាម (វត្តចាស់) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះ លោក ថាច់ សេដ្ឋា បានថ្លែងឡើងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក្នុងអំឡុងពេល ដែលបារាំងគ្រប់គ្រងកម្ពុជា ប្រទេសអាណានិគមមួយនេះ បានកាត់ដែនដីបាសាក់ (រាប់ពីដែនដីសណ្ដ នៃទន្លេមេគង្គក្រោម រហូតដល់សមុទ្រចិនខាងត្បូង) របស់ខ្មែរ ដែលមាន២១ខេត្ត ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម។ ហើយការកាត់ទឹកដីនេះ បានធ្វើឡើងដោយសម្ងាត់ មិនឲ្យខ្មែរណាដឹងឡើយ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះ នៅបានបញ្ជាក់ទៀតថា ការបាត់បង់ទឹកដីខ្មែរដ៏ធំនេះ ព្រោះបារាំងចាញ់នយោបាយហូជីម៉ិញ ដោយហូជីម៉ិញ បានធ្វើជាបែកបាក់គ្នា ជាមួយបៅដាយ តែបន្ទាប់មក ក៏បានបង្កើតក្រុមមួយ ដើម្បីដេញបារាំងចេញពីឥណ្ឌូចិន។ ដោយសកម្មភាពនេះខ្លាំងក្លា បៅដាយបានស្នើទៅបារាំងថា ឲ្យប្រគល់ដីកម្ពុជាក្រោម មកខ្លួនកាន់កាប់ ដើម្បីខ្លួនការពារ មិនឲ្យហូជីម៉ិញដេញឡើយ។
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាង របស់ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលមានព្រះវត្តមាន នៅក្នុងពិធីនោះដែរ មិនបានមានព្រះបន្ទូលអ្វី ពាក់ព័ន្ធនឹងការរំលឹកខួប នៃការបាត់បង់ទឹកដីកម្ពុជានេះឡើយ។ សម្ដេច មុនីពង្ស គ្រាន់តែបានផ្តាំផ្ញើរសួរសុខទុក្ខ និងនាំយកថវិការ ចំនួន១០០០ដុល្លា ពីអង្គព្រះមហាក្សត្រ ចូលរួមក្នុងកម្មវិធីប៉ុណ្ណោះ។
សម្រាប់លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុកវិញ បានបង្ហាញការយល់ឃើញ របស់លោក ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ថា បញ្ហាទឹកដី មិនមែនជាបញ្ហារបស់ខ្មែរណាម្នាក់ ឬក៏ជាបញ្ហារបស់ខ្មែរក្រោមតែមួយដែរ វាជាបញ្ហារួម របស់ខ្មែរទាំងអាស់គ្នា។ លោក បានថ្លែងបញ្ជាក់ថា៖ «ជាតិសាសន៍មួយ ដែលមិនបានគិតគូពីប្រវត្តិសាស្រ្តរបស់ខ្លួន មិនរៀនសូត្រ ពីបទពិសោធន៍នៃការបាត់បង់ទឹកដី មិនគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួន ជាតិសាសន៍នោះឯង ឈានទៅរកការបាត់បង់ ឈានទៅរកការរលំរលាយ ក្នុងថ្ងៃណាមួយ។ (…) ទឹកដីមិនមែនជាការសម្រេច ក្រោមការដឹកនាំរបស់បុគ្គលណាម្នាក់ ទៅឲ្យជាតិសាសន៍ណាមួយ បានឡើយ។»
អ្នកស្រី មូរ សុខហួ តំណាងរាស្រ្តខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងនាមជាពលរដ្ឋខ្មែរក្រោមម្នាក់ថា ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល និងខ្មែរឥស្លាម ត្រូវរួមគ្នា គិតគូរ និងរំលឹកជាប្រវត្តិសាស្រ្ត នូវការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងរយៈពេល៦៦ឆ្នាំមកនេះ។ អ្នកស្រីក៏បានបន្តថា ការរំលឹកខួបលើកទី៦៦ឆ្នាំនេះ ថ្វីបើកម្ពុជាក្រោម កំពុងស្ថិតក្រោមការគ្រប់គ្រង របស់វៀតណាមក៏ពិតមែន តែប្រជាជនខ្មែរ ក៏ដូចជាកូនខ្មែរជំនាន់ក្រោយ នឹងបានដឹងយ៉ាងច្បាស់ថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់ខ្មែរ៕