ចៅ​អធិការ​វត្ត​អង្គ​តា​ម៉ិញ៖ សង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ គ្មាន​ឆាយា​ល័ក្ខ​ត្រឹម​ត្រូវ

បន្ទាប់ពីការចាប់ខ្លូន របស់អាជ្ញាធររដ្ឋាភិបាល ធ្វើទៅលើព្រះសង្ឃខ្មែរក្រោម ពីរអង្គ កាលពីម៉ោង១១ និង​៣០នាទី ថ្ងៃទី០១ ខែ​សីហានោះ គ្រូចៅអធិការវត្តអង្គតាម៉ិញ បានថ្លែងបញ្ជាក់ថា សង្ឃខាងលើគ្មាន ព្រះ​ឆាយា​ល័ក្ខ​ត្រឹមត្រូវ។ បច្ចុប្បន្នសង្ឃទាំងពីរ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសរ ជាបណ្ដោះអាសន្ន បន្ទាប់ពីសាលាដំបូង រាជធានីភ្នំពេញ សាកសួររួច។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 04, 2015
  • ប្រធានបទ: ច្បាប់និងសាសនា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ចឃាត់ព្រះកាយ និងផ្សឹកចេញពីវត្តនោះ ត្រូវបានព្រះគ្រូចៅអធិការ វត្ត​អង្គតាម៉ិញ ព្រះនាម យ៉ាន ថាត ព្រះជន្ម ៦៤ព្រះវស្សា បញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ មិនមាន​ឆាយា​ល័ក្ខ (មានន័យថា ប័ណ្ណសម្គាល់ជាសង្ឃ) សំគាល់ជាសង្ឃនោះទេ ហើយកាលដំបូង មកសុំចៅអធិការស្នាក់ តែរយៈពេល២ខែប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន មករស់នៅ បានដល់ទៅ២ឆ្នាំ ដោយគ្មានត្រា ពីចៅអធិការ​សំគាល់ច្បាស់លាស់ឡើយ។

ចៅអធិការខាងលើ បានថ្លែងសង្ឃដីកា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ការពារការចុះធ្វើរដ្ឋបាល របស់​អាជ្ញាធរ នៅពេលចុះឆែកឆេរនោះថា សមត្ថកិច្ចមានដីកាឆែកឆេរ ដោយក្នុងនោះអាជ្ញាធរដឹង តារយៈពាក្យ​បណ្តឹង របស់គ្រួសារសិស្សម្នាក់ ដែលស្នាក់នៅក្នុងកុដិ លេខ០៤ជាមួយគ្នា។ ព្រះចៅអធិការអង្គនេះ បាន​បញ្ជាក់​បន្ថែមថា កាលពីមុន ធ្លាប់មានសិស្សទូលពិតថា សង្ឃទាំងពីធ្លាប់បានច្របាច់ក និងប្រើអំពើហិង្សា ជា​មួយ​ឧបាសក ទើបគេប្តឹង។

លោកមានសង្ឃដីកាទៀតថា កាលនោះ (ពេលឃាត់ខ្លូន) ព្រះសង្ឃទាំងពីរអង្គ បានឆ្លើយប្រាប់សមត្ថកិច្ចថា សម្ភារៈប្លែកៗ ដែលមាននៅក្នុងកុដិនោះ (កាំបិត... ពូថៅ) ទុកសម្រាប់ការពារចោរ នៅពេលយប់ព្រលប់។ តែ​ការការពារបែបនេះ ត្រូវបានគ្រូចៅអធិកាមានពុទ្ធដីកាថា ជារឿងខុសវិន័យសង្ឃ ព្រោះតាមធម៏ព្រះពុទ្ធ ការ​បួស​ជាព្រះសង្ឃ ត្រូវលះបង់ឲ្យអស់ ពីរឿងកិសេស ក្នុងលោកិយ៍ ឬនយោបាយ។

ការអះអាង របស់ព្រះគ្រូចៅអធិការវត្តអង្គតាម៉ិញ មិនត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនស្និត នឹងព្រះសង្ឃខ្មែរក្រោមទាំងពីរ យល់ស្របឡើយ ដោយពួកគេបានឲ្យដឹងថា ការចូលចាប់ព្រះកាយ របស់ក្រុម​អាជ្ញាធរ កាលពីព្រឹកថ្ងៃទី២ ខែសីហានោះ មិនមានដីការឆែកឆេរអ្វីឡើយ ហើយជាការឆែកឆេរកុដិ ដោយ​គ្មាន​វត្តមាន ព្រះសង្ឃខ្មែរក្រោយទាំងពីរអង្គ។

សកម្មជនខ្មែរក្រោមមួយរូប លោក ស៊ន សង្វាត បានប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វួឲ្យដឹងថា សកម្មភាព​ទាំង​នេះ ជាការចាប់ចង និង សឹកព្រះសង្ឃ ដោយគ្មានហេតុផលច្បាស់លាស់។ ដោយអះអាងថា លោកជា​មិត្តភក្កិ របស់ព្រះសង្ឃទាំងពីរអង្គខាងលើ លោក សង្វាត បានបញ្ជាក់ ទាក់ទងនឹងកាំបិត-ពូថៅ ដែលត្រូវបាន​រកឃើញ ដោយអាជ្ញាធរថា ទោះជាព្រះសង្ឃ ឬឧបាសក ក៏ត្រូវមានអ្វីការពារខ្លូនដែរ ជាពិសេស គឺនៅតាម​លំនៅដ្ឋាន​រៀងៗខ្លូន។ ម្យ៉ាងទៀត លោកបន្ថែមថា ព្រះសង្ឃទាំងពីរ ជាអតីតសង្ឃខ្មែរក្រោម ដែលត្រូវ​វៀតណាម​ធ្វើបាប បានសម្រេច មកសុំស្នាក់អាស្រ័យ នៅវត្តខាងលើ។

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋ មកពីសហគមន៍ទំនាស់ដីធ្លី និងបណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ជាច្រើននាក់/អង្គ បានប្រមូលផ្តុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យតុលាការ ធ្វើការ​ដោះលែងព្រះសង្គ ទាំងពីរអង្គ ដែលក្នុងពេលនេះ ត្រូវបានផ្សឹក ដោយអនុគុណខណ្ឌ នៅរសៀលថ្ងៃដែលត្រូវ​ឃាត់ខ្លួន។ ក្រុមអ្នកទាមទារ បានហៅការចាប់ខ្លួននេះ ថាជាការរើសអើង ផ្នែកនយោបាយ ដោយហេតុថា ព្រះសង្ឃទាំងពីរអង្គ ធ្លាប់ចូលរួមក្នុងការទាមទារនានា នាពេលកន្លងមក។

យ៉ាងណាក៏ដោយ ក៏សកម្មភាពចូលរួមក្នុងការតវ៉ា នាពេលកន្លងមក របស់ព្រះសង្ឃទាំងពីរអង្គ ត្រូវបាន​ព្រះគ្រូ​ចៅអធិការ ចាត់ទុកថាជារឿង«បុគ្គល» ហើយព្រះគ្រូពុំមានសិទ្ធិ ហាមឃាត់នរណាឡើយ។ ព្រះសង្ឃ ដែល​ត្រូវ​បានចាប់ផ្សឹកទាំងពីរអង្គ មានព្រះនាម ដាវ ទេព្យ ព្រះជន្ម ២៨ព្រះវស្សា និងព្រះនាម ជា វណ្ណដា ព្រះជន្ម ៣០​ព្រះ​វស្សា។ ព្រះសង្ឃទាំងពីរ ជាអតីតសង្ឃខ្មែរក្រោម បានមករស់នៅទឹកដីកម្ពុជា អស់រយៈពេលជាង២ឆ្នាំ ហើយ​តែងតែចូលរួមយ៉ាងសកម្ម ពីបញ្ហាសង្គមជាច្រើន នៅក្នុងជាមួយប្រជាពលរដ្ឋ អ្នករងគ្រោះ។

តែនៅទីបំផុតទៅ  តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​បញ្ជូនព្រះសង្ឃ​ទាំងពីរ​អង្គខាងលើ ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ជាបណ្ដោះអាសន្ន បន្ទាប់​ពី​បើក​ការ​ស៊ើបសួរ​ជា​លើក​ដំបូង​រួចរាល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...