អ៊ុំ សំអាន ស្នើ ហ៊ុន សែន ស្វែង​យល់​អ្វី​ជា​«លិទ្ធិ​ប្រជាធិបតេយ្យ»

អ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានថ្លែងថា «វប្បធម៌សន្ទនា» មិន​មែន​ជា​ដំណោះ​ស្រាយ ដើម្បី​បញ្ចប់​នូវ​ការ​ជជែក បែបលិទ្ធិប្រជាធិបតេយ្យទេ ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​«វប្បធម៌​សន្ទនា» ក៏​មិន​មែន​ជា​ដំណោះ​ស្រាយ សម្រាប់​បញ្ចប់​រឿង ព្រហ្មទណ្ឌនោះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី សីហា ២០១៥
  • កែប្រែចុងក្រោយ: August 04, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយថ្ងៃបន្ទាប់ពីការថ្លែងព្រមាន របស់លោក ហ៊ុន សែន ទៅលើគណបក្សប្រឆាំង ទាក់ទងនឹងបញ្ហាព្រំដែននោះ នៅថ្ងៃនេះ លោក អ៊ុំ សំអាន តំណាងរាស្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងប្រតិកម្ម តបទៅវិញ ដោយចាត់ទុក ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ថាមានចេតនា ចង់បញ្ចប់បញ្ហា​ព្រំដែន តាមរយៈការគម្រាម ចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមដែលពាក់ព័ន្ធ នឹងការតាមដាន បញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សំអាន បានហៅការលើកឡើង របស់លោក ហ៊ុន សែន នាពេលនេះ មានន័យស្មើនឹង ការមិនទាន់យល់ដឹង ពីសង្គមប្រជាធិបតេយ្យនៅឡើយ។ លោកបាន​ពន្យល់​ថា៖ «មកពីគាត់អត់យល់ ពីសង្គមប្រជាធិបតេយ្យ។ គាត់យល់ថាវប្បធម៌សន្ទនា មិនបាច់រិះគន់គ្នាទេ ធ្វើការជាមួយគ្នាទៅ បើទោះបីធ្វើខុសក៏គាំទ្រទៅ ចេះតែហៃអើរ!ៗទៅ។»

យ៉ាងណា អ្នកតំណាងរាស្ត្រ មកពីគណបក្សប្រឆាំងរូបនេះ បានថ្លែងទាក់ទង នឹងវប្បធម៌សន្ទានា រវាងថ្នាក់​ដឹកនាំកំពូល នៃគណបក្សទាំងពីរថា វប្បធម៌សន្ទនា មិនអាចរំលោភលើយន្តការ នៃលិទ្ធិប្រជាធិបតេយ្យ​បាននោះឡើយ។ លោកបានបញ្ជាក់ទៀតថា​៖ «ពេលមានបញ្ហា មេដឹកនាំទាំងពីរ ប្រើវប្បធម៌សន្ទនា ដើម្បី​ដោះស្រាយបញ្ហា។ ប៉ុន្តែតួនាទី និងភារកិច្ចរបស់អ្នកតំណាងរាស្រ្ត នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងនាម​ជា​អ្នកតំណាងរាស្រ្ត ដូចករណីដើរជួយប្រជាពលរដ្ឋ បញ្ហាដីធ្លី បញ្ហាអយុត្តិធម៌សង្គម បញ្ហាព្រំដែន តំណាងរាស្រ្ត​ត្រូវធ្វើអាហ្នឹង។ ចុះបើមិនឲ្យតំណាងរាស្រ្តធ្វើអាហ្នឹង ចាំតែហៃអើលើកដៃក្នុងរដ្ឋសភា ហៃអើ!ៗ ចឹងទៅ! អាជ័យ​ធ្លាក់ទឹក អស់ដីអ្នកណាគេ? អស់ដីខ្មែរ។»

ក្នុងព្រឹត្តិការណ៍ចុងក្រោយនៅកម្ពុជា បន្ទាប់ពីបញ្ហាព្រំដែន ដែលបានកើតឡើង ដ៏ចម្រូង​ចម្រាស​នោះ ក្រុម​សកម្ម​ជន​គណបក្សប្រឆាំង១១នាក់ ត្រូវបានតុលាការកម្ពុជា សម្រេចឲ្យជាប់ពន្ធនាគារ រវាង​ពី៧ ទៅ២០ឆ្នាំ ពីបទ​បង្កកុប្បកម្ម ឲ្យមានហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤កន្លងមក។ នៅក្នុង​ការ​ថ្លែង​របស់លោក ហ៊ុន សែន ក្នុងការសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ កាលពីថ្ងៃទី៣ ខែ​សីហានេះ លោក​នាយករដ្ឋមន្ត្រី បានគាស់យកករណីប៉ះទង្គិចគ្នា នាទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា​ឆ្នាំ​ទៅ​ម៉ិញ​នោះ ដោយ​បាន​អំពាវនាវ ឲ្យស្វែងរកចាប់ខ្លួនអ្នកបង្ក មកផ្ដន្ទាទោសបន្ថែមទៀត។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យ ទីស្តីការ​គណៈរដ្ឋមន្រ្តី​បានទេ ក្នុងថ្ងៃនេះ។

កន្លងមកថ្មីៗនេះ ស្របពេល ដែលតុលាការសម្រេច ដាក់ទោសសកម្មជន សិទ្ធិមនុស្សទាំង១១នាក់ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសថា មិនអាចយកវប្បធម៌សន្ទានា ដើម្បីបំបិទរឿងព្រហ្មទណ្ឌ ដែល​បង្ក​ឲ្យមានមនុស្ស រងរបួសនៅទីលានប្រជាធិបតេ្យ បានទេ។ ឯលោក អ៊ុំ សំអាន ក៏បានអះអាង ពីជំហរ​របស់​ខ្លួន​ដែរថា «វប្បធម៌សន្ទនា» នេះ ក៏មិនអាចបិទបាំង បញ្ហាអយុត្តិធម៌សង្គម បញ្ហារំលោភដីធ្លី ពីមន្រ្តីមានអំណាច លើពលរដ្ឋក្រីក្រ ការបំពានចូល នៅព្រំដែននៃប្រទេសជិតខាងនោះឡើយ។

តំណាងរាស្រ្តរូបនេះ បានបញ្ជាក់បន្ថែម ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញថា លោកនាយករដ្ឋមន្រ្តី គួណាស់«អគុណ» ដល់គណបក្សសង្គ្រោះជាតិ អគុណរូបលោក (អ៊ុំ សុំអាន) ទៅវិញទើបសមរម្យជាង។ លោក​ថា បើគ្មានគណបក្សសង្គ្រោះជាតិទេ បើគ្មានរូបលោកទេ តើធ្វើម៉្តេច នឹងមានការសើរើ រឿងបញ្ហាព្រំដែន​កម្ពុជា​-វៀតណាមនេះ? ធ្វើម៉េច នឹងលោកនាយករដ្ឋមន្រ្តី ស្នើសុំខ្ចីផែនទីកម្ពុជា ដែលតំកល់នៅអង្គការសហ​ប្រជា​ជាតិ មកផ្ទៀងផ្ទាត់បញ្ហាព្រំដែន ជាមួយវៀតណាម? បើជាងសាមសិនឆ្នាំមកនេះ លោកនាយករដ្ឋមន្រ្តី មិនដែល​នឹង​អើពើផង ក្រៅពីការបោះបង្គោលព្រំដែន តាមផែនទីដែលវៀតណាម«បោះឲ្យ»នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...