កែម ឡី៖ យុទ្ធសាស្ត្រ​ទាំង៥ ​ដែល​​បក្ស​​កាន់​​អំណាច​ប្រើ​ ដើម្បី​​ផ្ដួល​​បក្ស​​ប្រឆាំង

ប្រសិនបើគណបក្សកាន់អំណាច បានឈ្នះរហូតមកដល់សព្វថ្ងៃ មិនមែនជារឿង ដែលកើតឡើងដោយចៃដន្យ​នោះ​ឡើយ ប៉ុន្តែបានកើតឡើង ដោយសារយុទ្ធសាស្ត្រ ផ្ដួលគូរប្រកួតយ៉ាងស្រួចស្រាវ និងប្រកបដោយ​ប្រសិទ្ធិភាព។ សូម​អាន​នូវ​ការ​បក​ស្រាយ របស់លោក កែម ឡី ពីយុទ្ធសាស្ត្រទាំងនោះ ដូចខាងក្រោម។
កែម ឡី៖ យុទ្ធសាស្ត្រ​ទាំង៥ ​ដែល​​បក្ស​​កាន់​​អំណាច​ប្រើ​ ដើម្បី​​ផ្ដួល​​បក្ស​​ប្រឆាំង
រូបថតជំនួស បង្ហាញពីមេដឹកនាំគណបក្សពីរ ដែលជាគូបដិបក្ខនយោបាយ នៅក្នុងប្រទេសកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 12, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការកាន់អំណាច ច្រើនសិបឆ្នាំ ដោយកណ្ដាប់ដៃដែក នៅក្នុងប្រទេសកម្ពុជា តើគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា អាចនៅមានរូបរាង នឹងចូលប្រកួតការបោះឆ្នោត នៅឆ្នាំ២០១៧ និង២០១៨ដែរឬទេ? គេពិបាកនឹងឆ្លើយបាន ទៅនឹងសំនួរនេះណាស់ បើយោងទៅលើយុទ្ធសាស្ត្រ ដែលគណបក្សកាន់អំណាច ធ្លាប់បានយកមកប្រើប្រាស់ ដើម្បីធ្វើការផ្ដួលគូប្រកួត ឲ្យដួល«បះជើង» ជារឿយៗ ក្នុងពេលកន្លងមក។

ខាងលើនេះជាចំណោទ និងចម្លើយ ដែលត្រូវបានលើកឡើង ដោយអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ខ្លួនលោក នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។ ប៉ុន្តែយុទ្ធសាស្ត្រ របស់គណបក្សកាន់អំណាច មិន​មែន​ជាយុទ្ធសាស្ត្រ ធ្លាក់ពីលើមេឃ ដែលគេមើលមិនឃើញ ទាយមិនត្រូវនោះឡើយ។ លោក កែម ឡី បាន​មើល​ឃើញ យ៉ាងហោចនូវយុទ្ធសាស្ត្រចំនួន៥ ដែលគណបក្សកាន់អំណាច ធ្លាប់ផ្ដួលគូប្រកួតរបស់ខ្លួន រហូត​ដល់​គូប្រកួតខ្លះ ដួលផ្ញារជើង ងើបលែងរួច។ សូមតាមដាន ពីយុទ្ធសាស្ត្រចំនួនប្រាំទាំងស្រុង(*) និង​ពីវិធីសាស្ត្រ ដើម្បី​ទប់ស្កាត់នឹងយុទ្ធសាស្ត្រទាំងនេះ ដូចខាងក្រោម៖

លោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គមឯករាជ្យ។


១. ចាប់ត្រីស្អុយ ដាក់កន្រ្តកអ្នកដទៃ

ជីវិតនយោបាយ របស់គណបក្សកាន់អំណាច បានធ្លាក់ចុះយ៉ាងខ្លាំង ដែលពិបាកស្រោចស្រង់មកវិញ តាម​រយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមក ប្រមុខរដ្ឋាភិបាល ធ្លាប់អះអាងថា បើមិនធ្វើកំណែទំរង់ទេ នឹង​ស្លាប់។ ដុះក្អែលគ្រួសារនិយម តាមក្រសួងអង្គភាពមិនចេញ វេទិកាសាធារណៈ មិនមានប្រសិទ្ឋិភាពច្រើន ក្រុមការងារថ្នាក់ជាតិ មិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួង ពីទីស្តីការរដ្ឋមន្រ្តី ទៅក្រសួងដើមវិញ ក៏ពិបាក​វាយតម្លៃ។ល។ តើត្រូវធ្វើដូចម្តេចទៅ? ព្យាយាមចាប់ត្រីស្អុយ ដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូល តំណាង​រាស្រ្តគណបក្សប្រឆាំង ដើម្បីអនុម័តច្បាប់ បោះឆ្នោតជាតិ និងច្បាប់ គ.ជ.ប ដ៏អាក្រក់បំផុត) នេះជាត្រី​ស្អុយ​បំផុត ដែលអាចឆ្លងរោគ។ ត្រីស្អុយ កំពុងបន្តទៅអនុម័តច្បាប់ព្រៃ ដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត។ល។

២. យុទ្ឋសាស្រ្តច្រេះស៊ីដែក

ពាក្យខ្មែរធ្លាប់និយាយថា ចិញ្ចឹមមនុស្ស២០ឆ្នាំ ប្រើតែមួយថ្ងៃ មានន័យថា គណបក្សជាតិខ្មែរធ្លាប់មានជម្លោះ និងប្តឹងទៅតុលាការ ដែលពេលនោះ មនុស្សដែលមានម្ចាស់ត្រូវឈ្នះ និងដឹកនាំគណបក្សជាតិខ្មែរ តែ​សំណាង​មិនល្អ ក៏រលាយខ្លួនឯង។ គណបក្សកាន់អំណាច អាចប្រើប្រាស់មនុស្សរបស់ខ្លួន បំបែកគណបក្សប្រឆាំង តាម​រយៈប្តឹងទៅតុលាការ ដើម្បីយកគណបក្ស ជាកម្មសិទ្ឋិរបស់ខ្លួន។ រូបមន្តចាស់ អាចទៅរួច ក្នុងពេលដែល​មេរៀន ដែលជាបទពិសោធន៏ មិនត្រូវបានយកមកសិក្សា ឲ្យបានម៉ត់ចត់ និងមិនបានរៀបចំ ផែនការ​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ។

៣. បំបែកដើម្បីគ្រប់គ្រង

ភ្នំមួយ មិនអាចមានខ្លាពីរ ជាពាក្យមិនល្អ ដែលថ្នាក់ដឹកនាំខ្មែរ តែងតែយកមកកាច់បំបាក់ ដៃគូរបស់ខ្លួន តែ​ទី​បំផុតក្លាយជាមនុស្សឯកោ និងនាំឲ្យស្ថាប័នរបស់ខ្លួន បានបាត់បង់ធនធានមនុស្ស កាន់តែច្រើនទៅៗ។ ជា​ទូទៅ គណបក្សកាន់អំណាច សិក្សាពីផ្ទៃក្នុងគណបក្សប្រឆាំង ហើយតែងតែប្រើប្រាស់ របៀបទំលើ​ទ្រនុំ​មួយ​ឲ្យជាប់ ហើយធាក់មែកឈើម្ខាងទៀត រហូតដល់បាក់។ នេះគួរពិចារណាដែរ ក្នុងការធ្វើជាដៃគូយូអង្វែង តាម​រយៈ​ការ​កសាងគោលការណ៍គ្រឹះ ក្នុងការចាប់យកប្រយោជន៏សាធារណជន។ ទ្រឹស្តីនេះ គួរបោះបង់​ចោល​ទាំង​ស្រុង ពីព្រោះ ការគិតគួរតាមបែបចូលរួម និងការចែករំលែកតួនាទីរៀងៗខ្លួន ដើម្បីគ្រប់គ្រង វាប្រសើរ​ជាង​ចង់​ល្បី​ម្នាក់​ឯង ក្នុងនាមជាប្រធានគណបក្សប្រឆាំង លើគំនរទុក្ខសាធារណជននោះ។

៤. រំលាយដើម្បីជោគជ័យ

ច្បាប់បោះឆ្នោតជាតិថ្មី ដែលអាក្រក់ជាពិសេស ត្រង់មាត្រា១៦២៖ បទល្មើសបុគ្គលជាន់ខ្ពស់ ជាបទល្មើស​គណបក្ស ដែលអាចឲ្យ គ.ជ.ប ហាមឃាត់គណបក្សណាមួយ មិនឲ្យឈរឈ្មោះ ឬរំលាយគណបក្ស​នោះ​ចោល​បាន។ បទពិសោធន៍គណបក្ស ថៃរ៉ាក់ថៃ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញថៃរំលាយចោល មុនការ​បោះ​ឆ្នោត។ មេរៀននេះ គួរគណបក្សប្រឆាំងរៀន និងយកមកកាត់បន្ថយហានិភ័យ ក្នុងពេលមានបញ្ហានេះ​កើត​ឡើង។ គណបក្សប្រឆាំង អាចត្រូវបានមិនឲ្យឈរឈ្មោះ ឲ្យគេបោះឆ្នោត ឫត្រូវរំលាយចោល ដោយ​ប្រការ​ណាមួយ មុនការបោះឆ្នោត ឆ្នាំ២០១៧ ឬ២០១៨។

៥. ស្វាស៊ីបាយ លាបមាត់ពពែ

តាំងពីសម័យដើម មានអ្នកនយោបាយមិនល្អ យកបាយ ដែលខ្លួនបរិភោគហើយ ទៅលាបមាត់ជនស្លូតត្រង់​ច្រើនណាស់ ហើយអ្នកទាំងអស់នោះ ត្រួវបានចាប់ដាក់គុក សម្លាប់ចោល ឫដោយសារតែមានការភ័យខ្លាច ក៏រត់ចោលស្រុកតែម្តងទៅ។ មុនបោះឆ្នោត២០១៣ ប្រមុខដឹកនាំគណបក្សកាន់អំណាច ធ្លាប់និយាយថា មាន​ចលនាផ្តួលរំលំរដ្ឋាភិបាល ចំនួន៥នៅក្រៅប្រទេស ឫនៅតាមជាយដែន បើកងកំលាំង ចូលចាប់សមាជិក​ណា​ម្នាក់ ក្នុងគណបក្សប្រឆាំង សូមកុំមានការភ្ញាក់ផ្អើល។ តើអ្នកណា ជាអ្នកបង្កើតចលនានោះ? តាមពិត មាន​ចលនាមួយ ដែលត្រូវបានចោទថា ជាចលនាផ្តួលរំលំរដ្ឋាភិបាលដែរ តែពេលនេះ (ស្រាប់តែ) បាន​អនុញ្ញាត​ឲ្យ​មេចលនា (នោះ) បានចូលស្រុក ហើយដឹកនាំគណបក្សប្រឆាំង ស្របច្បាប់។ ស្វាស៊ីបាយលាបមាត់ពពែ នៅ​តែ​ ​(ត្រូវបាន)អ្នកនយោបាយខ្មែរ យកមកប្រើ ដើម្បីធ្វើបាបជនស្លូតត្រង់ ជាពិសេសយុវជន។ គណបក្ស​ប្រឆាំង អាចត្រូវបានស្វាយកបាយ មកលាបមាត់ ដើម្បីរំលាយគណបក្សចោល មុនការបោះឆ្នោត ឆ្នាំ២០១៧ ឬ​២០១៨។

សូមកុំឲ្យជួបវាសនាបែបនេះ ពីព្រោះយើងមិនត្រឹមចង់ឃើញ ការប្រកួតប្រជែងមួយដោយស្មើភាព និង​យុត្តិធម៌​បំផុតនោះទេ តែថែមទាំង ចង់ឲ្យមានតុល្យភាពអំណាចរដ្ឋទៀតផង។


» វិធីសាស្ត្រដោះស្រាយ

១) ក្រុមបាល់ទាត់ប្រទេសអាឡឺម៉ង់ បានឈ្នះបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ដោយសារតែការងារក្រុម មាន​ប្រសិទ្ឋិភាព និងចេះចែកតួនាទីគ្នាលេងបានល្អ ដោយមិនចាំបាច់ មានកីឡាករណាម្នាក់ ល្បីលើសគេឡើយ។ និរន្តរភាពគណបក្ស និងជ័យជំនះគណបក្ស ជាការចូលរួមរបស់អ្នកគាំទ្រ សកម្មជន និងសាធារណជនគ្រប់​រួប មិនមែនដោយសារអ្នកណាម្នាក់នោះឡើយ។
២) អ្នកដឹកនាំល្អ គឺជាអ្នកដែលរៀបចំអ្នកបន្តវេន បានច្រើន ទាន់ពេលវេលា និងល្អជាងខ្លួនជានិច្ច។
៣) រៀបចំផែនការការ កាត់បន្ថយហានិភ័យ ដូចដែលបានរៀបរាប់ខាងលើ ឲ្យបានទាន់ពេលវេលា តាម​រយៈ​ការ​ចូលរួម ពេញលេញពីសមាជិករបស់ខ្លួន៕


(*) ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើការកែតម្រូវ នូវកំហុសអក្ខរាវិរុទ្ធមួយចំនួន និងឃ្លាខ្លះឲ្យស្រួលស្ដាប់ ដោយរក្សា​អត្ថន័យ​ដើមនៅដដែល។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...