ហាមម្ដាយវ័យក្មេងម្នាក់ មិនឲ្យបំបៅកូនខ្ចី ព្រោះសាក់លើខ្លួន
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 12, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកម្ដាយវ័យ២០ឆ្នាំមួយរូប ដែលមានកូនប្រុសអាយុ១១ខែ បានទៅសាក់លើម្រាមដៃ និងជើងរបស់ខ្លួន តែមិនបានប្រាប់ទៅអ្នកសាក់ ឲ្យដឹងថា នាងកំពុងបំបៅកូននោះទេ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអូស្ត្រាលី «Sydney Morning Herald»។
ហាមបំបៅកូន!
ឪពុករបស់ទារក ដែលរស់នៅដោយឡែក ពីម្ដាយ បានប្ដឹងទាមទារគ្រប់គ្រង កូនប្រុសរបស់ខ្លួន ដោយបានចង្អុល ទៅអតីតគូស្នេហ៍ខ្លួន ថានាងមានបញ្ហាផ្លូវចិត្ត និងបញ្ហាគ្រឿងញៀន។ ប៉ុន្តែនាងជាម្ដាយ បានប្ដឹងជំទាស់វិញ រហូតដល់តុលាការបានសម្រេច កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ផ្ដល់សិទ្ធិទៅឲ្យនាង ជាអ្នកគ្រប់គ្រងកូន តែបានហាមនាង មិនឲ្យបំបៅកូនឡើយ។ ចៅក្រម បានគិតថា ម្ដាយទារករូបនេះ ទំនងជាបានទទួលយកមេរោគមួយ ដែលឆ្លងតាមការ«សាក់» ដែលមានប៉ះពាល់ ទៅដល់ឈាម។
ការធ្វើការពិនិត្យឈាម ដើម្បីស្វែងរកមេរោគ អេដស៍ (HIV) និងមេរោគថ្លើម ទៅលើស្ត្រីជាម្ដាយ បានបង្ហាញលទ្ធផល ជាអវិជ្ជមាន។ ម្ដាយវ័យក្មេង បានប្ដឹងឧទ្ទរណ៍ ពីការសម្រេចរបស់តុលាការជាន់ទាប ឡើងទៅតុលាការទទួលបន្ទុកផ្នែកសង្គមកិច្ច នៅទីក្រុង ស៊ីដនី ហើយនឹងត្រូវដឹងពីសាលក្រមសម្រេច នៅពេលក្រោយ។
«សាលក្រម ដ៏កាចឃោឃៅ»
ការសម្រេចរបស់តុលាការជាន់ទាប ត្រូវបានសមាគមគាំពារការបំបៅដោះមួយ វាយតម្លៃថា មានលក្ខណៈ«កាចឃោឃៅ»។ អ្នកស្រីប្រធានសមាគម រ៉ឺបេកា ណៃល័រ (Rebecca Naylor) បានថ្លែងឲ្យដឹងថា៖ «អាជីវកម្មសាក់ ត្រូវបានធ្វើ ឲ្យមានក្រិត្យក្រមត្រឹមត្រូវមួយ។ ហើយបើក្រិត្យក្រមនោះ ត្រូវបានគោរព ដោយបណ្ដាអាជីវកម្មសាក់ យើងសូមជំរុញឲ្យស្ត្រី ដែលបានទៅសាក់លើខ្លួន អាចបំបៅដោះកូនបាន ស្រេចនឹងចិត្តនាងចង់។»
អ្នកស្រីប្រធានសមាគម បានចោទជាសំនួរឡើងថា៖ «តើសាលក្រមនេះ ចង់និយាយថា ស្ត្រីណាក៏ដោយ ដែលរងការចម្លងរោគ តាមឈាម ត្រូវតែប្រឈម នឹងការហាមឃាត់ មិនឲ្យបំបៅកូនឬ?»៕