«ជីវិត​កើត​មក... គ្មាន​កោះ​គ្មាន​ត្រើយ»

រូបភាពដ៏គួរឱ្យសង្រេងមួយ នៅតាមបណ្តោយផ្លូវម៉ោសេទុង បានបណ្តាចិត្តអ្នកធ្វើដំណើរ ទាំងឡាយ​រិះគិត​ពិចារណា​ផ្សេងៗ​គ្នា។ ក្នុងទឹកមុខក្រៀមក្រំ និងមានសម្លៀកបំពាក់ ប្រលាក់ប្រឡួសទៅដោយ កាក​សំណល់​ផ្សេងៗ ក្មេង​ប្រុស​ពីរ​នាក់​បង​ប្អូន ដែលមានអាយុប្រមាណ ជិត២ឆ្នាំ២នាក់ កំពុងអង្គុយរើសអាហារសំណល់ ក្នុង​រទះ​សម្រាប់​បរិភោគ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៩កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នារសៀលថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ផ្ទៃមេឃកំពុងស្រទុំ រកកល់ចង់ភ្លៀង នៅតាមផ្លូវ គេឃើញមានមនុស្សម្នាកកកុញ កំពុងរួតរះធ្វើដំណើរ ទៅតាមគោលដៅរៀងៗខ្លូន។ ខ្លះបារម្ភពីសុខទុក្ខកូន ខំទៅយកកូនពីសាលា ឱ្យបានមុនភ្លៀង ព្រោះមេឃស្រទុំ អ្នកខ្លះទៀត កំពុងជិះម៉ូតូជាមួយកូនតូច ព្យាយាម​បាំងបិទ ដោយខ្លាចភ្លៀងទទឹកកូន។ ក្រសោបបីក្រកងកូន ទាំងក្តីបារម្ភខ្លាចកូនរងារ ព្រោះមេឃទំនង ជាភ្លៀង​ខ្លាំង។

តែផ្ទុយមកវិញ បើក្រឡេកមកមើល កុមារាទាំងពីរនាក់នេះវិញ គ្មានកោះគ្មានត្រើយ ឈររេរាទាំង​មុខ​ស្រពោន ព្រោះឃ្លានចំណី ក្រឡេកមើលទៅរទះសម្រាម ទាំងអារម្មណ៍ក្តុកក្តួល នៅពេលគេអួសយកមកដាក់ចោល នៅ​ក្បែរ​របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នៅតាមដងវិថីម៉ៅសេទុង កណ្ដាលរាជធានីភ្នំពេញ។

កុមារាជាបង បានស្ទុះគ្មានបង្អង់ ឡើងលើរទះ ដើម្បីរើសអាហារណា នៅសេសសល់យកមកបរិភោគ រួច​រំលែក​ឱ្យប្អូនប្រុស។ ទឹកមុខរបស់កុមារទាំងពីរនាក់បងប្អូន ហាក់រីកថ្លាជាងមុនបន្តិច នៅពេលទទួលបានកាក​សំណល់ អាហារទាំងនេះ។ សកម្មភាពទាំងអស់នេះ បានបង្កភាពរន្ធត់ចិត្ត ស្ទើរទប់ទឹកភ្នែកមិនបាន រហូត​ទាញ​អារម្មណ៍អ្នកដំណើរម្នាក់ ឲ្យចុះទៅឃាត់ការកាយសម្រាមនេះ រួចឱ្យនំកញ្ចប់ទៅទៅកុមារទាំងពីរ។ អ្នក​ដំណើរ​រូប​នោះ ព្រមទាំងបានសួរនាំពីគ្រួសារ និងទីកន្លែងរស់នៅសព្វថ្ងៃ។ មិនស្រដីតប តែកុមារាទាំងពីរ គិតតែ​សំឡឹង​មកមើលអ្នកឱ្យអាហារ ដោយទឹកមុខសប្បាយចិត្តទៅវិញ។ រំពេចនោះ ក្មេងតូចជាបង បានរលីង​រលោង​ទឹកភ្នែក ទាំងចំណីនៅក្នុងមាត់ ហាក់នឹកឃើញអ្វីម្យ៉ាង។

បុរសវ័យកណ្តាលរូបនេះ បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឱ្យដឹងថា រូបលោកក៏ធ្លាប់មានទុក្ខលំបាកដែរ តែកុមារទាំងពីរ ហាក់មានទុក្ខច្រើនជាងលោក និងកុមារច្រើននាក់ទៀតយ៉ាងខ្លាំង។ លោកបានរៀបរាប់ ទាំង​ចិត្តអាណិតអាសូរថា៖ «មិនដឹងផ្ទះសម្បែងនៅឯណា ពេលភ្លៀងពេលខ្យល់ ពេលយប់រងារស្នាក់នៅទីណា នៅ​ជាមួយនរណា កូនគេកូនយើង មានជីវិតមួយដូចតែគ្នាទេ»។ លោកបានថ្លែង ទាំងស្លោកចិត្តថា អាណា​ព្យាបាល​ជា​អ្នកណាទៅ បានជាបណ្តោយក្មេងអាយុ១-២ឆ្នាំ មកដើររើសសម្រាម យកមកទទួលទាន ទាំង​គ្មាន​កោះ​គ្មាន​ត្រើយដូចនេះ។

ប៉ុន្តែកុមារទាំងពីរ នៅតែមិនឆ្លើយតប... រហូតបុរសវ័យកណ្ដាលរូបនេះ បានដើរចេញពីកន្លែងចោលសម្រាម ម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់នេះ ទាំងអារម្មណ៍ នៅតែគិតពីក្មេងទាំងពីរ តើនឹងក្លាយទៅជាយ៉ាងណា នៅ​ពេល​អនាគត៕

» រូបភាពកំពុងឃ្លានអាហារ នៅពេលមេឃជិតភ្លៀង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...