តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

បើគេចាំមិនខុសទេ នេះជាលើកទីបីហើយ ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ នូវ«ខសន្យា»​ជា​សាធារណៈ ជាមួយនឹងពលរដ្ឋកម្ពុជាទូទៅ។ លើកទីបីនេះ លោកបានសន្យាថា នឹងលាលែងតំណែង ហើយ​ដើរ​ចូល​ពន្ធនាគារ ដោយ​ខ្លួន​លោក បើសិនជាផែនទី មកពីបារាំងមិនដូចគ្នា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: តំណែង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេចាំបានថា ក្នុងឆ្នាំ២០១២ ក្នុងអាណត្តិទី៤ មុនការបោះឆ្នោត លោក ហ៊ុន សែន បានសន្យាថា បើអស់ព្រៃ លោក (ហ៊ុន សែន) នឹងកាត់ក្បាលរបស់លោក ដោយផ្ទាល់ចោល។ ជាមួយនឹងការដាក់គម្នាប លើមន្រ្តី​ក្រោម​ឱវាទ និងឈ្មួញទាំងឡាយ ដែលកំពង់រកស៊ីកាប់ឈើ លោកបានលើកឡើងថា បើអ្នកទាំងនោះ ហ៊ានបន្ត​កាប់​ឈើទៀត លោកនឹងបញ្ឈប់រោងចក្រ ឬក៏ដកព្រៃនោះមកវិញ។

នោះពេលនោះ លោកបានថ្លែងដូច្នេះថា៖ «សូមសាកលមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់ករខ្ញុំ ក្រវាត់ចោល នេះជាសម្តីនាយករដ្ឋមន្រ្តី។ ខ្ញុំចាញ់រឿងអីក៏សុខចិត្ត តែរឿង​និយាយ ជាមួយប្រជាពលរដ្ឋហើយ មិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបាន។ (...) ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនបានមកបោកទេ ហើយខ្ញុំក៏មិនចេះបោក ហ៊ុន សែន គឺមិនចេះបោក។ ហ៊ុន សែន ប្រែមក គឺ “ត្រង់”។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖

ករណីមូយទៀត ក្នុងឆ្នាំ២០១៣ មុនការបោះឆ្នោត លោកនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវការស្ទង់មតិ ពី​ប្រជាពលរដ្ឋប្រមាណ ជាង២០០០នាក់ សម្រាប់ការចូលរួម ការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៣​នោះ។ សម្រាប់មតិពលរដ្ឋ ទាំង២០០០នាក់នោះ លោកអះអាងថា មានសម្លេងគាំទ្រគណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ៦៧ ភាគរយ។ ក្នុងពលរដ្ឋ ទាំង២០០០នាក់ដដែលនោះ បានដាក់ជំនឿចិត្ត លើ​រូប​លោក មានរហូតដល់៨៧ភាគរយ។

លោក ហ៊ុន សែន បានថ្លែងសន្យា នៅពេលនោះថា៖ «ប៉ុណ្ណឹងល្មមយកហើយ បើគេមិនជឿ ៨៧ ភាគរយ ល្មមចេញហើយ។ (...) បើមនុស្សលែងជឿ ស្ថិតនៅក្រោម៦០ភាគរយ ខ្ញុំនឹងចាកចេញ មិន​តំណាង​ឲ្យបក្ស ក្នុងមុខតំណែងជានាយករដ្ឋមន្រ្តី។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖

លើកទីបីនេះ លោកបានសន្យាជាថ្មីទៀតថា បើផែនទីមកពីប្រទេសបារាំង ខុសពីផែនទីព្រំដែន ដែល​រដ្ឋាភិបាល​កំពុងប្រើប្រាស់នោះ លោកនឹងចុះពីតំណែងជានាយករដ្ឋមន្រ្តី ហើយដើរចូលពន្ធនាគារ​ដោយខ្លួន​ឯង រង់ចាំការកាត់ទោសតាមច្បាប់។

លោក ហ៊ុន សែន បានថ្លែងសន្យាជាសាធារណៈថា៖ «បើផែនទីខុសគ្នា ខ្ញុំនឹងប្រកាសចុះចេញ(ពីដំណែង) ខ្ញុំតាមដានការផ្ទៀងផ្ទាត់ផែនទី ទាំងមកពីអង្គការសហប្រជាជាតិ និងជាពិសេសផែនទីមកពីបារាំង ព្រោះ​បារាំង​ជាអ្នកគូស។ កាលណោះ បើខុស ខ្ញុំនឹងប្រកាសបញ្ចប់ការកាន់តំណែង ជាង៣៦ឆ្នាំរបស់ខ្ញុំ។ (...) ប្រសិន​បើផែនទី មកពីបារាំងខុសគ្នាជាមួយផែនទី ដែលចុះហត្ថលេខាជាមួយវៀតណាម ខ្ញុំព្រះករុណា នឹងប្រកាស​លាលែងពីតំណែងភ្លាម មិនធ្វើនាយករដ្ឋមន្រ្តីតទៅទៀត។ ហើយក៏ស្ម័គ្រ ចូលទៅកាន់មន្ទីរឃុំឃាំង រង់ចាំ​តុលាការ​កាត់ទោសតែម្តង។ ព្រោះនេះជាការទទួលខុសត្រូវ ជាប្រវត្តិសាស្រ្តដ៏ធំធេង។ (...) ហ៊ានស៊ីហ៊ាន​សង ចិត្តជាកូនប្រុស។»

» សូមអាន និងទស្សនា ការបកស្រាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយចុចនៅលើទីនេះ

រាល់ការសន្យាទាំងបីខាងលើនេះ ត្រូវបានមតិមួយចំនួនលើកឡើងថា ជាការ«សន្យាខ្យល់» របស់លោក​នាយករដ្ឋមន្រ្តី ដោយគ្មានទំនួលខុសត្រូវ និងមិនបានគិតពីប្រយោជន៍រួម ប្រយោជន៍ជាតិ និងប្រយោជន៍​ប្រជា​ពលរដ្ឋទូទាំងប្រទេស ក្រៅពីការក្រាញអំណាច ក្នុងតំណែងជានាយករដ្ឋមន្រ្តីនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...