គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងសារជាថ្មី ថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សរបស់លោក នឹងមិនចូលទៅប្រជុំតាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រនោះទេ រហូតទាល់តែគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបានបង្កើតនឹងស៊ើបអង្កេតរកយុត្តិធម៌ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងសារជាថ្មី ថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សរបស់លោក នឹង​មិនចូលទៅប្រជុំតាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រនោះទេ រហូតទាល់តែគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបាន​បង្កើតនឹងស៊ើបអង្កេតរកយុត្តិធម៌ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ព្រះរាជសារមួយចុះថ្ងៃទី៩ខែកញ្ញា ផ្ញើរទៅលោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​គូសបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់នឹងកោះអញ្ជើញ បេក្ខជនជាប់ឆ្នោតទាំងអស់ មកចូលរួមប្រជុំដំបូងក្នុងវិមានរដ្ឋសភា នៅ​ថ្ងៃទី២៣ខែកញ្ញាខាងមុខ។ ព្រះរាជសារនេះ បានត្រូវ គ.ជ.ប បញ្ចេញផ្សាយឲ្យដឹង នៅល្ងាចថ្ងៃដដែលនេះ រួមជាមួយ​នឹង​លិខិតផ្លូវការរបស់ខ្លួនមួយទៀត ដែលសរសេរបញ្ជាក់ជាសាធារណៈ ទំនងជាយោងពីការឆ្លើយតបដោយ«វិជ្ជមាន» ពី​សំណាក់ព្រះមហាក្សត្រទាក់ទងនឹងការកោះប្រជុំនេះ។

ព្រះរាជបំណងដែលថាទ្រង់នឹងកោះប្រជុំនេះ ទោះមិនទាន់ចេញជាលាយលក្ខណ៍អក្សរ ក្នុងលិខិតផ្លូវការណាមួយ​ក៏​ដោយ តែត្រូវបានមេដឹកនាំគណបក្សប្រឆាំងទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា ឆ្លើយតបមុនរួចជាស្រេច ថាបេក្ខជន​តំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិនឹងមិនទៅចូលរួមប្រជុំ ទៅតាមការកោះអញ្ជើញរបស់​ព្រះមហាក្សត្រ​ទេ។

ថ្លែងនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៩ខែកញ្ញាដដែល លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យ​ដឹងថា «គោលការណ៍របស់យើងនៅតែដដែល គឺការគោរពឆន្ទះប្រជាពលរដ្ឋ។ (...) យើងនឹងពិចារណាចូលរួម ក្នុងកិច្ច​ប្រជុំ​សភាដំបូង ពេលណាដែលមានគណកម្មការឯករាជ្យ ឬមានយន្ដការមួយឯករាជ្យក្រៅពី គ.ជ.ប ដើម្បីស្វែងរកការពិត។ ការ​ពិតគឺជាមូលដ្ឋាន ដើម្បីផ្ដល់យុត្តិធម៌ជូនរាស្ត្រម្ចាស់ឆ្នោត។»

មិនចូលរួមប្រជុំតាមការកោះរបស់ព្រះមហាក្សត្រ ជាការប្រមាថព្រះមហាក្សត្រ?

ការកោះប្រជុំរបស់ព្រះមហាក្សត្រនេះ ទោះបីគេបានដឹងថា ជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ​ នៃព្រះរាជា​ណាចក្រកម្ពុជា ត្រង់​មាត្រា៨២ថ្មី ដែលកំណត់ឲ្យមានការកោះប្រជុំ យ៉ាងយូ៦០ថ្ងៃក្រោយការបោះឆ្នោត នោះក៏ដោយ ក៏វាបានឆ្លើយតប​ទៅនឹង​ការទន្ទឹងរងចាំ មកជាយូរហើយរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ដើម្បីឲ្យរដ្ឋាភិបាលស្រប​ច្បាប់មួយ នឹងត្រូវបានបង្កើតឡើងតាមការកំណត់ក្នុងប្រតិទិននៃរដ្ឋធម្មនុញ្ញ និងដឹកនាំដោយលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រីចាំផ្ទះ ជាបន្តទៅទៀត។ ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចជាច្រើននាក់ បានលើកយកមាត្រានេះមកបកស្រាយ ហើយនិយាយដាក់បន្ទុកមកវិញថា ការបដិសេធមិនចូលរួមប្រជុំរបស់គណបក្សប្រឆាំង ទៅតាមការកោះប្រជុំរបស់​ព្រះមហាក្សត្រ នឹងត្រូវរងការ«ចោទប្រកាន់» ពីបទ«ប្រមាថ»ព្រះមហាក្សត្រ។

ការលើកឡើងនេះ ត្រូវបានអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា បញ្ចេញប្រតិកម្មនៅក្នុងកម្មវិធីវិទ្យុដដែល ថា​នោះជា«ការចោទប្រកាន់ដោយអគតិ ដោយគ្មានការពិចារណា នូវគោលបំណងរបស់ព្រះមហាក្សត្រ ដែលចង់បានភាព​ស្ងប់ស្ងៀមដោយថ្លៃថ្នូ»។ លោក កឹម សុខា បានវាយបកទៅវិញថា «គឺអ្នកណ្នឹងហើយ ដែលមិនគោរពព្រះមហាក្សត្រ​ខ្លួន​ឯង»។

ប្រសិនបើសម្ដេចឪ ព្រះនរោត្តម សីហនុ ទ្រង់នៅមានព្រះជន្ម ....

សូមបញ្ជាក់ថាមាត្រា ៧៦ ក្នុងជំពូក៧ស្ដីអំពីរដ្ឋសភា នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា «រដ្ឋសភា​មានសមាជិក​ជា​តំណាងរាស្ត្រយ៉ាងតិច១២០រូប»។ ការមិនចូលប្រជុំសភាក្នុងថ្ងៃដំបូង របស់គណបក្សប្រឆាំងនេះ នឹងបង្ក​ឲ្យមានរដ្ឋសភាជាតិនៃប្រទេសកម្ពុជា មានរូបរាងមិនពេញលក្ខណៈច្បាប់ ឈានទៅរកភាពជាប់គាំងខាងនយោបាយមួយ ដែលនឹងធ្វើឲ្យកម្ពុជាគ្មានរដ្ឋាភិបាលស្របច្បាប់ សម្រាប់ដឹកនាំប្រទេស។

លោក សម រង្ស៊ី បានរំឮកករណីឆ្នាំ២០០៣ ដែលភាពជាប់គាំងខាងនយោបាយ មានរហូតដល់ទៅមួយឆ្នាំ ​ថាកាល​នោះ​មានគណបក្សនយោបាយបី ដែលជាប់ឆ្នោតជាតំណាងរាស្ត្រនៅក្នុងសភាជាតិ ប៉ុន្តែមានគណបក្សពីរដែល​សម្រេចចូលរួម​ប្រជុំដំបូង (គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច) និងរីឯគណបក្ស សម រង្ស៊ី មិនសម្រេច​ចូលប្រជុំទេ។ អតីតប្រធានគណបក្ស សម រង្ស៊ី រូបនេះ បានស្រង់ព្រះរាជឱង្ការបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ មក​បញ្ជាក់ថា «ព្រះអង្គអត់យាងទៅធ្វើជាព្រះរាជអធិបតីនៃសភា លោកអត់ទៅបើកសភានោះទេ ដរាបណាអត់មាន​គណបក្ស​ទាំងបី ព្រោះព្រះអង្គជាព្រះមហាក្សត្រនៃខ្មែរទាំងអស់។ ខ្មែរទាំងអស់ពេលនោះ តំណាងដោយ​គណបក្សទាំងបី។»

«ឥឡូវនេះឆ្នាំ២០១៣ ស្ថានការណ៍កាន់តែច្បាស់ឡើងថែមទៀត ដោយមានគណបក្សជាប់ឆ្នោតតែពីរ គឺគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ។ (...) ដូច្នេះព្រះមហាក្សត្រ ជាព្រះមហាក្សត្រនៃប្រជារាស្ត្រខ្មែរទាំងមូល លោកមិន​អាច​មកបើកសភាណា ដែលតំណាងឲ្យតែគណបក្សប្រជាជនមួយ លោកមិនអាចផាត់ចោលកូនចៅ​ព្រះអង្គ​កន្លះនគរ » នេះជា​ការអះអាងរបស់លោក សម រង្ស៊ី។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងកើតចេញពីការរួបរួមរវាងរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ​មនុស្សនោះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាបំផុតមួយ ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ។ គណបក្សនេះបាន​ប្រកាសថា ខ្លួនទទួលជ័យជំនះក្នុងការបោះឆ្នោត តែគណបក្សប្រជាជនកម្ពុជាក៏បានលើកឡើងដូចគ្នាដែរថា គឺខ្លួនទេ​ជា​អ្នកឈ្នះ ហើយនឹងនៅតែបន្តកាន់អំណាចជាតទៅទៀត។ ការប្រកាសរបស់គណបក្សកាន់អំណាច ត្រូវបានអះអាង​តាម​ក្រោយបន្ទាប់មកទៀត ដោយ គ.ជ.ប ខណៈដែលស្ថាប័ន ត្រូវបានគណបក្សប្រឆាំងចោទថា បានលំអៀងមិនយុត្តិធម៌។

សង្គមស៊ីវិលមួយចំនួន ដែលធ្វើការស្និតនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក៏បានសម្ដែងការខកចិត្តដូចគ្នាដែរ ជុំវិញនឹងឯករាជ្យភាពរបស់ស្ថាប័ន គ.ជ.ប រួមនិងក្រុមប្រឹក្សាធម្មនុញ្ញផង។ ពួកគេបានបន្ទោសថា ការបោះឆ្នោតលើកនេះ មានភាពមិនប្រក្រតីជាច្រើន ហើយការដោះស្រាយបណ្ដឹង របស់ស្ថាប័នមានសមត្ថកិច្ចទាំងពីរ មិនបានឆ្លើយតប​ឲ្យបាន​ពិតប្រាកដ ទៅនឹងការចង់បានរបស់រាស្ត្រម្ចាស់ឆ្នោតនោះឡើយ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...