រាជសារបង្ហើបថាព្រះមហាក្សត្រនឹងកោះប្រជុំសភា ខណៈកម្ដៅនយោបាយឡើងក្ដៅ
ជាមួយនឹងលទ្ធផលដ៏ប្រទាំងប្រទើស នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រកាសផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថានការណ៍នយោបាយនៅកម្ពុជា បានកំពុងបន្តឡើងកម្ដៅ។ ភ្លាមៗ នៅក្រោយការប្រកាសលទ្ធផលនេះ ភាគីគណបក្សទាំងសងខាងបានប្រកាសនូវជំហរផ្ទុយគ្នាទាំងស្រុង ហើយនៅថ្ងៃទី៩ខែសីហានេះ រាជសារមួយទៀតរបស់ព្រះមហាក្សត្រ បានឆ្លើយតបទៅ គ.ជ.ប ថាព្រះអង្គទ្រង់នឹងកោះប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ខាងមុខ។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។
ព្រះរាជសារដែលត្រូវបានគេផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី៩ខែកញ្ញា ហើយដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូទទួលបានដែរនោះ មិនមែនជាចុតហ្មាយកោះអញ្ជើញនោះទេ តែជារាជសារឆ្លើយតបទៅនឹងលោក អ៊ឹម សួស្ដី ក្នុងថានះលោកជាប្រធាន គ.ជ.ប ដែលលោកបានទូលថ្វាយព្រះមហាក្សត្រ ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទីប្រាំឆ្នាំ២០១៣នេះ។ ក្នុងរាជសារនោះមានសរសេរនៅឃ្លាទីបី មានន័យជាអាថ៌ថា «ខ្ញុំ (ព្រះមហាក្សត្រ) នឹងកោះអញ្ជើញបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រនិតិកាលទីប្រាំទាំងអស់ ប្រជុំដំបូង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា។»
ព្រះរាជសារបានធ្លាក់មក នៅមួយថ្ងៃក្រោយប៉ុណ្ណោះ ពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការដ៏ចម្រូងចម្រាស់ របស់ គ.ជ.ប កាលពីថ្ងៃទី០៨ខែកញ្ញា ដែលការប្រកាសលទ្ធផលនោះ បានធ្វើឲ្យមានការផ្ទុះប្រតិកម្ម ពីសំណាក់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ។ សេចក្តីថ្លែងការណ៍មួយរបស់គណបក្សនេះ បានចេញផ្សាយនៅក្រោយការប្រកាសលទ្ធផលនោះ ដោយបានបដិសេធចោលនូវលទ្ធផលនៃបោះឆ្នោត ហើយគណបក្សសង្គ្រោះជាតិ នៅតែបន្តទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយឡើយ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។
ព្រះរាជសារ ដែលមិនដាក់ទីកន្លែងឡាយព្រហស្ថ...
ព្រះរាជសាររបស់ព្រះមហាក្សត្រ បានចេញផ្សាយនៅជុំវិញព្រឹត្តិការណ៍បោះឆ្នោតនិតិកាលទីប្រាំនេះ មានចំនួនមិនតិចជាង៥ព្រះរាជសារឡើយ។ ក្នុងចំណោមនោះ មានយ៉ាងហោចណាស់ព្រះរាជសារចំនួនបី ត្រូវបានគេមើលឃើញថា មិនមានដាក់ទីកន្លែងឡាយព្រះហស្ថ។ ជារឿយៗ ព្រះរាជសារបស់ព្រះមហាក្សត្រ ត្រូវបានអ្នកនយោបាយយកទៅប្រើប្រាស់ ដើម្បីកេញចំណេងតែរៀងៗខ្លួន។ ព្រះរាជសារមួយ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ បានបង្កឲ្យមានប្រតិកម្មខ្លាំងក្លាមួយ ពីសំណាក់អ្នកគាំទ្រគណបក្សប្រឆាំង រហូតដល់មានការយល់ឃើញថា ព្រះរាជសារនោះត្រូវបានគេក្លែងបន្លំទៀតផង។
រហូតមកទល់ម៉ោងនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់បានទទួលប្រតិកម្មយ៉ាងណា ពីគណបក្សសង្គ្រោះជាតិនោះនៅឡើយ។ តែសេចក្ដីជូនដំណឹងមួយ ចុះថ្ងៃទី០៨ខែកញ្ញ បានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង នឹងមានគម្រោងចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែសីហាខាងមុខ។ គណៈបក្សសង្រ្គោះជាតិ មានបំណងចង់ឲ្យព្រះមហាក្សត្រ ទ្រង់យាងចូលធ្វើអន្តរាគមន៍ដោះស្រាយបញ្ហា ដែលទាក់ទងនឹងភាពមិនប្រក្រតី ដែលគណបក្សនេះបាននិយាយថា បានកើតមានឡើងយ៉ាងសន្ធឹកសន្ធាប់ ក្នុងពេលបោះឆ្នោតនិតិកាលទីប្រាំនេះ។ គណបក្សនេះក៏បានប្រកាសដែរថា ខ្លួននឹងរៀបចំមហាបាតុកម្មអហិង្សាក្នុងទ្រង់ទ្រាយធំ ប្រឆាំងលទ្ធផលបោះឆ្នោតនេះជាបន្តទៀត ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ១៦និង១៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគនិងតាមដានស្ថានការណ៍នយោបាយកម្ពុជា បានលើកឡើងថា ព្រះរាជសារចុងក្រោយរបស់ព្រះមហាក្សត្រ ស្ដីពីការកោះប្រជុំនេះ ត្រូវបានធ្វើឡើងដោយអនុវត្តទៅតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលមានចែងយ៉ាងដូច្នេះថា «រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ»។
តែមាត្រានេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រ យកទៅបកស្រាយថា ជាកាផ្ដល់សុពលភាពទៅឲ្យរដ្ឋសភាថ្មី នៅក្រោយការបោះឆ្នោត ខណៈពេលដែលគណបក្សសង្គ្រោះជាតិ ប្រកាសគម្រាមមិនចូលរួម«ប្រជុំសភាដំបូង»នេះទេ ប្រសិនណាជាគ្មានការបង្កើតគណៈកម្មការចម្រុះ ដោះស្រាយបញ្ហាអយុត្តិធម៌នោះ។ ការប្រកាសធ្វើ«ពហិការ» មិនចូលរួមប្រជុំសភាដំបូង ត្រូវបានគណបក្សប្រឆាំងគិតថា ខ្លួនអនុវត្តតាមមាត្រា៧៦នៃរដ្ឋធម្មនុញ្ញ ដែលអាចនឹងមានវិបត្តិជាប់គាំងមួយ បង្កឲ្យរដ្ឋសភាមិនមានរូបរាងពេញលក្ខណៈ រហូតឈានទៅបង្អាក់ ការបង្កើតរដ្ឋាភិបាលនោះថែមទៀត។ រដ្ឋាភិបាលថ្មី ដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បាននិយាយថានឹងមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕
--------------------------------------------------------
ដោយៈ ដ. កែវ - ភ្នំពេញថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ