បរាជ័យ​នៃ​កិច្ចចរចារ​ទី​បី ស្រមោល​​មហា​បាតុកម្ម​ ត្រៀម​ពន្លេច​ខ្លួន​?

បរាជ័យនៃជំនួបចរចារលើកទី៣ បានធ្វើឲ្យគេមើលឃើញថា មកទល់នឹងពេលនេះ គណបក្សសង្រ្គោះជាតិ និង​គណបក្ស​​ប្រជាជនកម្ពុជា នៅតែមិនទាន់សម្រេចបានការឯកភាពគ្នា ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ ក្រោយ​ការបោះឆ្នោត​បាននៅឡើយ ខណៈពួកគេនៅតែប្រកាន់ជំហររឹងមាំផ្ទុយគ្នា ដែលជាការជម្រុញ​ឲ្យ​មហា​បាតុកម្ម​មួយ ទំនង​ជាអាចចេញ​​ជារូបរាង​ក្នុងពេលឆាប់ៗខាងមុខ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: August 21, 2013
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងលើសេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ គេអាចយល់បានថា គណបក្សទាំងពីរ នៅតែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ដើម្បីឈានទៅបង្កើត គណៈកម្មការ​ចម្រុះ ខណៈដែលគណបក្ស​សង្រ្គោះជាតិ បានព្រមានថាជម្រើសចុងក្រោយ នឹងធ្វើមហាបាតុកម្មប្រឆាំង​លទ្ធផលបោះឆ្នោត ប្រសិនបើ​គណៈកម្មការ​នេះ​មិនអាចបង្កើតបាន ស្របពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់​គណបក្សប្រជាជនកម្ពុជា បានពង្រាយកម្លាំង​ប្រដាប់​អាវុធ​រួចជាស្រេច ក្នុងបំណងទប់ទល់ស្ថានការណ៍​ណា​មួយ ដែលជ្រុលទៅដល់ការបង្កអស្ថិរភាពសង្គម។

តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ការជួបប្រជុំរវាង​គណបក្ស​ទាំងពីរ​ជាលើកទី៣នៅថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៣ មិនទាន់មានការឯកភាពគ្នា ឈានទៅបង្កើត​គណៈកម្មការ​ចម្រុះនៅឡើយទេ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា៖ «គណបក្សសង្រោះជាតិមិនទាន់​មាន​ប្រតិកម្ម​អ្វីថ្មី ចំពោះ​លទ្ធផលក្រោយការចរចារលើកទី៣នេះទេ ហើយក៏គ្មានគម្រោងជួបប្រជុំគ្នារវាងលោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ និងលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជានោះ»ដែរ។

ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យគណបក្សប្រឆាំង បានសរសេរភ្ជាប់ជាមួយសេចក្ដី​ប្រកាសរួម រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាថា «ក្រុមការងារគណបក្សនយោបាយ​ទាំង២ ជួបប្រជុំគ្នា​លើក​ទី៣ ថៃ្ងទី២០ សីហា ២០១៣ នៅមន្ទីររដ្ឋសភាជាតិ។ សូមបងប្អូនអានសេចក្តីប្រកាស​ពត៌មានរួម។ គណបក្សសង្រ្គោះជាតិ សុំអោយបង្កើតគណកម្មការពិសេសដើម្បីដោះស្រាយបញ្ហា គណបក្ស​ប្រជាជនចង់អោយក្រុមប្រឹក្សាធម្មនុញ្ញដោះ​ស្រាយ។ ក្រុមការងារគណបក្សទាំង២ នឹងរាយការណ៍ជូនមេ​ដឹកនាំ​បក្សរបស់ខ្លួន អំពីគោលបំណងទាំងនោះ ដើម្បីរក​ការ​ឯកភាព​គ្នា។ តាមការប្រមើមើលរបស់ខ្ញុំ ជំរើស​ចុង​ក្រោយ ប្រហែលជាទុកជូន បងប្អូនម្ចាស់ឆ្នោតជាអ្នកសំរេចហើយ។»

សូមរម្លឹកថា ក្រោយការបោះឆ្នោត មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បាន​ជួបប្រជុំ​គ្នា​៣ដងរួចមកហើយ។ លើកទី១ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ នៅគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប និងលើកទី២ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភា និងលើកចុងក្រោយ​នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅ​មន្ទីរដ្ឋសភា តែការជួបប្រជុំទាំង៣លើកនេះ មិនបានលេចចេញជា​លទ្ធផល​វិជ្ជមានធំដុំទេ។ អ្នកសង្កេតតាម​ដាន​សភាព​ការណ៍ សង្គមនិងនយោបាយនៅកម្ពុជា បានវាយតម្លៃថា «ភាព​គ្មានលទ្ធផលជាដំកំភួននេះ ជាបរាជ័យមួយ»។

លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាម​ទូរស័ព្ទ​រួចជាមុនហើយកាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួស​ពេលហើយ ដោយ​សារតែ គ.ជ.ប បានប្រកាសថា ខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់​ខ្ពស់​គណបក្សប្រជាជនកម្ពុជា​រូប​នេះបានបន្ថែមថា ចំពោះបណ្តឹងដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ ហើយ​នៅ​សេសសល់ ដោយសារតែមិនអាច​ដោះ​ស្រាយរួចត្រឹម គ.ជ.ប នឹងបន្តទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ​ដោះ​ស្រាយ ជាបន្តបន្ទាប់ស្របតាមគោលការណ៍ច្បាប់។

រីឯលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប វិញ នៅក្នុង បានអះអាងប្រាប់អ្នកសារព័ត៌មានដែរថា គ.ជ.ប ធ្វើអ្វី​គ្រប់​យ៉ាង​ស្របតាមគោលការណ៍ច្បាប់ រួមទាំងការដោះស្រាយពាក្យបណ្តឹង ដែលប្តឹងដោយគណបក្ស​នយោបាយ ដែលមិនសុខ​ចិត្តទាំងឡាយ។

មហាបាតុកម្មមិនទាន់ប្រកាស តែមានការជួបសំណេះសំណាល

ប៉ុន្តែបើយោងលើលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ រហូតមក​ដល់ពេលនេះ នៅតែប្រកាន់ជំហរថា មហាបាតុកម្មអហិង្សានឹងកើតមានឡើង ប្រសិនបើគណៈកម្មការចម្រុះ មានភាពឯរាជ្យដើម្បីស៊ើប​អង្កេតរួមគ្នា ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត មិនអាចបង្កើតបាន។ ក្រុម​មេដឹកនាំគណបក្សប្រឆាំង បានចោទ​ប្រកាន់ គ.ជ.ប ថាគ្មានភាពឯករាជ្យ និងមាននិន្នាការលំអៀងទៅរក​គណបក្ស​ប្រជាជនកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ចុងក្រោយបង្អស់ ដែលមនោរម្យព័ងអាំងហ្វូទទួលបាន បានឲ្យដឹងថា គណបក្សសង្គ្រោះ​ជាតិ គ្រោង​នឹងមានរៀបចំ ឲ្យមានការជួបសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅទីលានប្រជា​ធិបតេយ្យ​កណ្ដាល​រាជធានី​ភ្នំពេញ នៅថៃ្ងទី២៦ សីហា ២០១៣ វេលាម៉ោង៤រសៀល។ តែទោះជាយ៉ាង​ណា​ក៏ដោយ ក៏គេនៅមិនទាន់លេចលឺ ការ​រៀបចំ​ធ្វើបាតុកម្មណាមួយ ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (COMFREL) ពន្យល់ថា បាតុកម្មដោយសន្តិវិធីប្រឆាំងលទ្ធផលបោះឆ្នោត វាមិន​មាន​អ្វីចំឡែកទេសម្រាប់​ប្រទេសប្រជាធិបតេយ្យ ហើយវាងាយនឹងកើតមានឡើង នៅក្រោយការបោះឆ្នោត ជា​ពិសេស​នៅពេលប្រទេសនោះ មាន​ស្ថាប័នរដ្ឋទន់ខ្សោយគ្នានឯករាជ្យភាព និងគ្មានការជឿទុកចិត្តពី​ប្រជា​ពលរដ្ឋ ក៏ដូចជាគណបក្សនយោបាយនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...