លីវើភូល ខ្ចីជើង«ស៊ីសសូខូ» ពីក្រុមវ៉ាឡិនស្សៀ ១រដូវកាល
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមលីវើភូល (Liverpool) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់អស់ហើយ ក្នុងការខ្ចីជើងនាំយកខ្សែការពារស្លាបឆ្វេង អាលី ស៊ីសូខូ (Aly Cissokho) ក្នុងរយះពេល១រដូវកាល មកពីក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ (Valencia)។
កីឡាករខ្សែការពារ អាលី ស៊ីសូខូ ពេលនៅទាត់ឲ្យក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ។ (រូបថត Getty)
កីឡាករអន្តរជាតិបារាំង ស៊ីសូខូ ជាកីឡាករចំណូលថ្មីទី៥ហើយ ដែលក្រុមហង្សក្រហមទិញចូល នៅក្នុងរដូវកាលថ្មីនេះ ហើយគាត់នឹងមកប្រកួតប្រជែងជាមួយនឹងកីឡាករ ជូសេ អេនរ៉ិក (Jose Enrique) ដើម្បីយកដំណែងជាកីឡាករជម្រើសដំបូង។
ស៊ីសូខូ បានប្រាប់ដល់គេហទំព័ររបស់ក្លិបលីវើភូលថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកកាន់ទីនេះ។ ខ្ញុំគិតថា យើងមានក្រុមដ៏អស្ចារ្យមួយ និងមានអ្នកគាំទ្រដ៏អស្ចារ្យ ហើយទាំងអស់គ្នា យើងនឹងអាចសម្រេចគោលដៅធំៗ។»
កីឡាករវ័យ២៥ឆ្នាំ ស៊ីសូខូ បានបង្ហាញខ្លួន២៥ប្រកួតនៅក្នុងលីកអេស្ប៉ាញ ហើយបានរកគ្រាប់បាល់បញ្ចូលទីបាន២គ្រាប់ សម្រាប់ក្រុមវ៉ាឡិនស្សៀកាលពីរដូវកាលមុន បន្ទាប់ពីផ្ទេរចេញពីក្រុម លីយ៉ុង (Lyon) ក្នុងតម្លៃ ៥លានផោន កាលពីខែសីហា ឆ្នាំ២០១២។
កីឡាកររូបនេះដដែល បានបន្តថា៖ «វាជាបទពិសោធន៏ដ៏ល្អមួយ ដែលអាចជួយរ៉ាប់រងតួនាទីជាមួយនឹងកីឡាករកំពូលៗរបស់ក្លិប។ ខ្ញុំមានបទពិសោធន៏ច្រើនក្នុងការប្រកួត ប៉ុន្តែការមកកាន់ទីនេះ នឹងមានអ្វីៗជាច្រើនទៀត ដែលខ្ញុំត្រូវសិក្សាបន្ថែម ហើយខ្ញុំនឹងស្វែងយល់នៅពេលដែលខ្ញុំហ្វឹកហាត់ជាមួយនឹងកីឡករគ្រប់រូបរាល់ថ្ងៃ។»
គាត់បានបន្ថែមថា៖ «ខ្ញុំអាចសិក្សាពីគ្រូបង្វឹក ដើម្បីស្វែងយល់ពីទម្រង់ថ្មី ក្នុងការលេងនៅទីនេះ និងសិក្សាពីភាសា។ វានឹងក្លាយជាបទពិសោធន៏ដ៏ល្អបំផុតមួយសម្រាប់រូបខ្ញុំ ហើយតាមពិតការចូលលេងឲ្យក្លិបលើកដំបូង ជារឿងមួយដែលធ្វើឲ្យខ្ញុំរំភើប។»
គ្រូបង្វឹកលីវើភូល លោកប្រេនដិន រ៉ដចឺស (Brendan Rodgers) ក៏ចង់បានខ្សែការពារឆ្វេងមួយរូបទៀតដែរ ពោលគឺកីឡាករ ហ្គឺវីលហឺម ស៊ីហ្គឺរ៉ា (Guilherme Siqueira) របស់ក្រុមអេស្ប៉ាញ ហ្គ្រែនណាដា (Granada) ប៉ុន្តែក្លិបទាំង២ចរចារពុំត្រូវតម្លៃគ្នា។
ស៊ីសូខូ បានលេងឲ្យក្រុមជម្រើសជាតិបារាំងបាន១លើក និងធ្លាប់បានលេងក្នុងក្របខ័ណ្ឌឆែមពានលីក (Champions League) ឲ្យក្រុមព័រតូ (Porto), លីយ៉ុង និងក្រុមវ៉ាឡិនស្សៀ។ គាត់បានលេងនៅក្នុងកីឡាដ្ឋាន អេនហ្វៀល (Anfield- កីឡាដ្ឋានក្រុមលីវើភូល) ម្តងកាលពីឆ្នាំ២០០៩ ក្នុងការប្រកួតឆែមពានលីក ខណៈដែលក្រុមលីយ៉ុងរបស់បារាំង យកឈ្នះក្រុមលីវើភូល ដោយលទ្ធផល ២-១៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ