សង្គ្រាមរវាងបងប្អូនត្រកូល«ប៉ីប៉ី» (ភាគទីមួយ - VDO)
លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះមកក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះច្រើនឡើងៗ មានការរអៀសចិត្តកាន់តែខ្លាំងទៅៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និងហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។
រូបថតរបស់តារាទាំងពីរ ប៉ីប៉ី ឌី និងប៉ីប៉ី លី នៅពេលមានការជួបត្រូវគ្នាលើកមុន។ (រូបថត ហ្វេសប៊ុក)
ការរីកចំរើនខាងបច្ចេកវិទ្យា ដែលយុវជនយុវនារីកម្ពុជា បានយកមកធ្វើជាមធ្យោបាយឆ្លើយឆ្លងគ្នា បាននឹងកំពុងមានការពេញនិយមជាទីបំផុត។ នោះគឺប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលត្រូវបានគេដឹងថា បានធ្វើឲ្យយុវជនយុវនារីខ្មែរ រីកចិត្តរីកថ្លើម ក្នុងការពង្រីកចំណេះដឹង ក៏ដូចជាចេះថ្លឹងថ្លែង យល់ពីអ្វីល្អឬអាក្រក់ នៅក្នុងសង្គមដែលខ្លួនកំពុងរស់នៅ និងស្ថានការណ៍នានានៅជុំវិញពិភពលោក។
តែទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ជាច្រើន ក៏បានកើតចេញពីបណ្ដាញហ្វេសប៊ុកនេះដែរ។ មនុស្សមួយចំនួន បានយកប្រព័ន្ធហ្វេសប៊ុក ដើម្បីពង្រីកភាពល្បីល្បាញរបស់ខ្លួន ហើយមួយចំនួនទៀត បែរជាប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន ដើម្បីជាការឆ្លើយឆ្លងគ្នា ប្រកបដោយទោសៈ មោឃៈទៅវិញ។ ក្នុងនោះ មានការបង្កើតនូវមតិផ្ចាញ់ផ្ចាល ដោយប្រកាន់គោលនយោបាយគណបក្សខុសគ្នា ឬការយករឿងផ្ទាល់ខ្លួនមកលាតត្រដាង សំញ៉ែងដាក់សាធារណជននោះជាដើម។
កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD) ត្រូវបានគេស្គាល់ថាជាតារារះ ក្នុងបណ្ដាញសង្គមតាំងពីមួយរយៈធំកន្លងមក។ តារាទាំងពីរ ធ្លាប់បានបូញមាត់បូញករដាក់គ្នា ក្នុងមួយរយៈកាលមុនរួចខ្លះហើយ ប៉ុន្តែបានជួបគ្នាត្រូវរ៉ូវនឹងគ្នាវិញ រហូតដល់និយាយថានឹងបញ្ចេញវីដេអូឃ្លីបរួមគ្នាមួយ ដើម្បីបម្រើឲ្យអ្នកដែលពេញចិត្តពួកគេទាំងពីរ បានសប្បាយនោះទៀតផង។ ប៉ុន្តែដំបៅចាស់បានរើមកវិញ ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលពួកគេកំពុងបាញ់កាំជ្រួចភ្លើងជា«វីដេអូ» ដាក់គ្នាទៅវិញទៅមក យ៉ាងសម្បើមដៃ។
ហេតុការណ៍ដំបូង
យើងបានដាក់នៅក្រោយចំណងជើងថា ជាភាគទីមួយ ព្រោះថានេះជាអត្ថបទដំបូងដែលសរសេរពីពួកតារាទាំងពីរ ហើយយើងនៅមិនទាន់ដឹងថា តើពួកគេនឹងបញ្ចប់រឿងរ៉ាវ ដែលអ្នកតាមដានមួយចំនួន វាយតម្លៃថា«គួរឲ្យធុញទ្រាន់»នេះ នៅពេលណានៅឡើយ។ ប៉ុន្តែយើងសង្ឃឹមថា សង្គ្រាមដែលអ្នកទាំងពីរ កំពុងធ្វើដាក់គ្នាទៅវិញទៅមកនៅពេលនេះ នឹងអាចចប់ក្នុងពេលឆាប់ៗខាងមុខ ហើយអ្នកសារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ នឹងព្យាយាមស្វែងរកជួបអ្នកទាំងពីរ ដើម្បីលើកទឹកចិត្ត ឲ្យមានការរំកិលខិតចូលជជែក ក្នុងនាមជាយុវជនខ្មែរដូចគ្នាដោយស្ងាត់ៗវិញ ហើយជៀសវាងនូវការបកអាក្រាតគ្នាជាសាធារណៈបែបនេះ។
ខាងក្រោយនេះ ជាការចងក្រងនៃវីដេអូសាច់រឿងរបស់អ្នកទាំងពីរ ដែលឈានចេញពីការចាប់អារម្មណ៍របស់លោក ប៉ីប៉ី ឌី ទៅលើការសូត្រធម៌របស់កញ្ញាម្នាក់ ដែលជាតារះទើបនឹងរះ ក្នុងបណ្ដាញសង្គមដែរ។ «សូត្រធម៌» ដែលកញ្ញាវ័យក្មេងរូបនេះនិយាយថា ដើម្បីចែកកុសលផលបុណ្យ ទៅបណ្ដាអ្នកលេងហ្វេសប៊ុកទាំងឡាយ ជាពិសេសទៅដល់បណ្ដាជន ដែលកញ្ញាថាបាន«វង្វេង»ជាមួយនឹង គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ តែការឆ្លើយឆ្លងរបស់ លោក ប៉ីប៉ី ឌី ទៅនឹងកញ្ញា«សូត្រធម៌»នេះបន្ទាប់មក បានទាក់ទាញចំណាប់អារម្មណ៍របស់កញ្ញា ប៉ីប៉ី លី ហើយកញ្ញាបានផ្ញើរវីដេអូរបស់ខ្លួន ទៅឲ្យលោកប៉ីប៉ី ឌី ថាគួរកុំទៅខ្វល់រឿង«សូត្រធម៌»របស់បុគ្គលម្នាក់នោះ តែគួរគិតពី«ជាតិ»ខ្លះផងទៅ ប្រសើរជាង។
ការស្នើសុំរបស់កញ្ញាប៉ីប៉ី លី ខាងលើដែលទំនងជាមិនចេះពន្យល់ឲ្យបានត្រឹមត្រូវ បានកម្ដៅលោក ប៉ីប៉ី ឌី តារាល្បីដែលធ្លាប់នាំឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនពាន់នាក់ បានសើចជាមួយខ្លួន ។ តារាប្រុសរូបនេះ បានព្រមានត្រឡប់ទៅវិញ ថាកុំឲ្យចេញទៅជ្រៅពេក ព្រោះវាអាចមានការប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។ ប៉ុន្តែទាំងសងខាងមិនបានបញ្ឈប់នោះទេ ការតសម្ដីចុះឡើង រហូតបានផ្ទុះជាសង្គ្រាមលើហ្វេសប៊ុក និងថែមទាំងបកអាក្រាត ឬប្រៀបប្រដូចគ្នាទៅនឹងសត្វធាតុយ៉ាងខ្លាំងក្លានោះទៀតផង។ គេមិនបានដឹងបញ្ហាផ្ទៃក្នុង របស់អ្នកទាំងពីរធ្លាប់មានរឿងអ្វីនឹងគ្នាទេ តែលោកប៉ីប៉ី ឌី បាននិយាយនៅក្នុងវីដេអូឃ្លីបនោះថា កញ្ញា ប៉ីប៉ី លី ធ្លាប់បានសុំស្រឡាញ់លោក ហើយនិយាយថា កញ្ញាប៉ីប៉ី លី បានថតរូបស្រាត ដែលធ្វើឲ្យមានការបែកធ្លាយកាលពីពេលកន្លងមក ផ្អើលពេញទាំងពិភពហ្វេសប៊ុក។
ជម្លោះដែលមិនថ្លៃថ្នូទាំងសងខាង
គេមិនដែលអោយតម្លៃ ទៅមនុស្សឈ្លោះគ្នាឲ្យគេឯងមើល នៅតាមដងផ្លូវទេ។ យើងនិយាយថា «នៅតាមផ្លូវ» ព្រោះបើប្រៀបធៀប នៅក្នុងបណ្ដាញហ្វេសប៊ុក ដែលអ្នកទាំងពីរមានមនុស្សស្រឡាញ់ចូលចិត្ត រាប់សិបពាន់នាក់នោះ វាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ស្រែកឡូឡានេះមួយ ការជេបញ្ចោរគ្នានេះមួយទៀត ហើយថែមទាំងបកអាក្រាតពីគ្នា ដោយលើកយករឿង«ផ្ទាល់ខ្លួន» ឬរឿង«បេះដូង»មកនិយាយបញ្ឈឺ ។ល។ នឹងមិនត្រូវបានអ្នកទស្សនាសរសើរនោះទេ តែផ្ទុយទៅវិញ វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំង ពីកម្រិតយល់ដឹងនៃដៃគូរជម្លោះនេះទៅវិញ។
នៅក្នុងពាក្យសម្ដីរបស់អ្នកទាំងពីរ គេបានឮពីការលើកឡើង នូវការប្រៀបប្រដូចគ្នាទៅនឹងជាតិសាសន៍មួយ ដើម្បីយកមកបញ្ឈឺគ្នាទៅវិញទៅមក។ ពាក្យសម្ដីបែបនេះ ចាត់ទុកជាការប្រកាន់ពូជសាសន៍មួយដ៏កម្រោល មិនគួរឲ្យមានមោទនភាព មិនត្រូវបានអនុញ្ញាតដោយច្បាប់ ហើយក៏មិនបានជួយដោះស្រាយអ្វីនោះដែរ សម្រាប់បញ្ហាសង្គមដែលប្រទេសកម្ពុជាកំពុងតែជួបប្រទះ។ តែផ្ទុយទៅវិញវាបែរជាបានជម្រុញ ឲ្យមានការស្អប់ខ្ពើមកាន់តែខ្លាំង នូវជាតិសាសន៍មួយ ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជាទៅវិញ។
បណ្ដាជនអ្នកលេងហ្វេសប៊ុក ច្រើនឡើងៗ បានសម្ដែងការ«ធុញទ្រាន់» តែក៏មានមនុស្សមួយចំនួន សុំឲ្យមានការបញ្ឈប់ជម្លោះ ដែល«គ្មានន័យ»នេះតទៅទៀត។ ខ្លះទៀតថែមទាំង លើកទស្សនៈដ៏ចាស់គម្រិលមួយ មកនិយាយថា ពេលប្រុសស្រីឈ្លោះគ្នា ស្រីមិនអាចឈ្នះប្រុសទេ។ សួរថាមនុស្សប្រុសដែលលើក តែពីកេរ្ត៍ខ្មាសរបស់មនុស្សស្រីមកនិយាយ ដើម្បី«តែឈ្នះ»នោះ តើមនុស្សប្រុសនោះមានតម្លៃប៉ុណ្ណា? តាមពិតទៅ ការដែលត្រូវនិយាយថា «ឈ្នះឬចាញ់» វាអាស្រ័យទៅលើការឲ្យតម្លៃរបស់សង្គម។ ពាក្យនេះដូចគ្នាទៅនឹងពាក្យថា «ជនមានអំណាចតែងតែឈ្នះរហូត» ព្រោះបើសង្គមនៅតែឲ្យតម្លៃ ទៅជនមានអំណាចនោះគ្រប់ពេលវេលា ហើយមិនឲ្យតម្លៃលើយុត្តិធម៌សោះនោះ វាជារឿងធម្មតាទេ ដែលជនដែលមានអំណាចត្រូវតែឈ្នះរហូតទៅហោង៕
សូមទស្សនាវីដេអូ ពីដើមរឿងរហូតមកដល់ថ្ងៃនេះ របស់តួអង្គទាំងពីរនាក់ដូចតទៅ៖
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ