កម្ពុជា៖ ដោះលែងយុវជនឲ្យនៅក្រៅឃុំ តែនៅជាប់បទចោទប្រកាន់
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងយុវជន៤នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើការពិចារណាអស់រយៈពេលពីរថ្ងៃ ទៅលើសំណើរសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់ ដែលតុលាការបានធ្វើការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មានចេតនាញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។
យុវជន ទុត ច័ន្ទបញ្ញា ដែលត្រូវបានដោះលែង ហើយផ្ដល់កិច្ចសម្ភាសខ្លីទៅអ្នកការសែត។ (រូបថត ហ្វេសប៊ុក)
នៅខាងមុខរបងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ និងទី២ ក្រុមយុវជនរបស់គណបក្សប្រឆាំង ប្រមាណជិត១០០នាក់ បានឈរចាំគាំទ្រការដើរចេញ ពីពន្ធនាគាររបស់យុវជនទាំង៤នាក់ និងរងចាំបំពាក់កម្រងផ្កា ប៉ុន្តែត្រូវបានបង្វៀងដោយក្រុមមន្ត្រីពន្ធនាគារ។ ហើយរថយន្តរបស់អង្គការសិទ្ធិមនុស្សលីការដូ ដែលបានដឹកបុរសពីនាក់ចេញពីពន្ធនាគារ ត្រូវបានក្រុមយុវជនគណបក្សសង្គ្រោះជាតិ ស្ទាក់កណ្តាលផ្លូវ ដោយបើករថយន្តទៅពាំងពីមុខនិងពីក្រោយ ដោយពួកគេគិតថាមានគេលួចរំដោះ តត់ ច័ន្ទបញ្ញា ប៉ុន្តែស្ថានការណ៍បានធូរស្រាលវិញ បន្ទាប់ពីលោក ហូរ វណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចេញមុខទៅពន្យល់ក្រុមយុវជនទាំងនោះ។
សុខ ដាលីស អាយុ ២៨ ឆ្នាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដឹកពីពន្ធនាគារព្រៃស មកដល់ទីស្នាក់ការរបស់អង្គការលីកាដូ បានថ្លែងឲ្យដឹងថា នាងមានការសប្បាយចិត្ត ដែលតុលាការបានសម្រេចដោះលែងនាង ឲ្យមានសេរីភាពនៅក្រៅឃុំ ហើយសម្តែងនូវការអគុណ ចំពោះការខំប្រឺងប្រែងរបស់យុវជនទាំងអស់ ដើម្បីឲ្យរូបនាងមានសេរីភាពវិញ។ នាងបានបញ្ជាក់ថា ៖ «ខ្ញុំត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែនៅជាប់បទចោទដដែល។ ប៉ុន្តែខ្ញុំនឹងនិយាយនៅថ្ងៃក្រោយ ដោយសារតែពេលនេះខ្ញុំនឿយហត់។»
ចំនែកឯលោក តត់ ច័ន្ទបញ្ញា បានថ្លែងឲ្យដឹងយ៉ាងខ្លីថា លោកសប្បាយចិត្ត ដែលបានដោះលែងឲ្យរួចខ្លួន ប៉ុន្តែលោកមិនបានផ្តល់បទសម្ភាសន៍ឲ្យបានទេ ដោយសារលោកពុំទាន់មានអារម្មណ៍ល្អនៅឡើយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំមិនបានធ្វើខុសទេ»។
រីឯអ្នកស្រី ចាន់ សេដ្ឋា អាយុ ៥០ ត្រូវជាម្តាយយុវជន ទុត ច័ន្ទបញ្ញា បានថ្លែងនៅខាងមុខពន្ធនាគារ នៅខណៈខ្ចប់បាយយកទៅឲ្យកូន របស់អ្នកស្រីនោះបានថ្លែងឲ្យដឹងថា អ្នកស្រីសប្បាយចិត្ត ដែលតុលាការបានសម្រេចដោះលែង កូនអ្នកស្រីឲ្យមានសេរីភាពវិញ អាចជូបជុំគ្រួសារនៅ និងបានត្រឡប់ចូលរៀនវិញ។ អ្នកស្រីបានសម្ដែងទឹកចិត្តថា ៖ «នៅពេលនេះខ្ញុំសប្បាយចិត្ត ដែលកូនបានចូលរៀនវិញ ចំនែករឿងបទចោទនោះ ខ្ញុំមិនថាយ៉ាងម៉េចទេ តែអ្វីដែលសំខាន់គ្នាបានចូលរៀនវិញ»។
លោក សេង នាង ចៅក្រមកាន់ក្នុងសុំណុំរឿងនេះ ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
សូមរម្លឹកថា យុវជនទាំង ៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី ១៥ ខែសីហា ដែលក្នុងចំណោមនោះ មានពីរនាក់ ម្នាក់ឈ្មោះ ទុត ច័ន្ទបញ្ញា អាយុ ៣០ ឆ្នាំ និងសុខ ដាលីស អាយុ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលដែលពួកគេ ទៅទទួលផ្កា ១ ពាន់ទង ពីជនមិនស្គាល់មុខម្នាក់ នៅផ្សារធំថ្មី ដើម្បីយកទៅចែកជូនកងកម្លាំង ដែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីមានការទាក់ទងគ្នា ជាមួយជនមិនស្គាល់មុខនោះតាមហ្វេសប៊ុក។ ចំណែកពីរនាក់ផ្សេងទៀត ឈ្មោះ ហ៊ើយ បូរិន និង ឡុង លីផេង ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេង។ អ្នកទាំងបួន ត្រូវតុលាការរាជធានីភ្នំពេញ ចោទប្រកាន់កាលពីថ្ងៃសៅរ៍ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៃមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ ដែលអាចជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤ លានរៀល។
ចំនែកឯលោក កែវ សាមឌី ដែលជាអ្នកសរសេរ blogger តាមរយៈ Online Media និងជាមិត្តភ័ក្តដែលធ្វើការជាមួយ ទុត ច័ន្ទបញ្ញា ជាច្រើនឆ្នាំមកហើយនោះ បានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះការដោះលែងយុវជនទាំងបួននាក់ ឲ្យមានសេរីភាពវិញ ហើយលោកជឿជាក់ថាសកម្មភាព ដែលពួកគេបានធ្វើនោះ គឺពុំមានកំហុសទាល់តែសោះ។
លោក សាមឌី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «នៅក្នុងប្រទេសសង្គមលទ្ធិប្រជាធិបតេយ្យ គឺគាត់មានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពនយោបាយ ជាពិសេសគឺយុវជន។ ហើយអ្វីដែលពួកគាត់បានធ្វើ គឺពុំមានជាសកម្មភាពក្នុងនិន្នាការនយោបាយនោះទេ គឺគាត់ធ្វើសកម្មភាពបែបមនុស្សធម៌ប៉ុណ្ណោះ ពីព្រោះនៅឆ្នាំ២០០៨មានការចល័តទ័ពទៅកាន់ព្រំដែន។ ដូច្នេះនៅពេលនេះ ពេលឃើញមានការចល័តទ័ពនៅក្នុងទីក្រុង យុវជនគាត់ចង់បង្ហាញ ពីទឹកចិត្តស្រលាញ់របស់យុវជនទៅកាន់បងៗសមត្ថិកិច្ច ហើយចង់បង្ហាញទៅរដ្ឋាភិបាល ឲ្យស្វែងរកដំណោះស្រាយ នៅតាមនិតិវិធីច្បាប់តាមបែប ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។»។
លោក ហូរ វណ្ណ តំណាងរាស្ត្រអតីតគណបក្សសមរង្ស៊ី និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹង នៅខណៈរងចាំអ្នកទាំងបួន នៅខាងមុខពន្ធនាគារព្រៃសថា លោកសប្បាយចិត្ត ដែលអ្នកទាំងបួនត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ ប៉ុន្តែលោកនៅតែមានការសោកស្តាយ ដោយសារអ្នកទាំងបួន ពុំបានលើកលែងបទចោទនោះទេ គឺគ្រាន់តែដោះលែងឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ។ លោកបានឲ្យដឹងទៀតថា ៖ «ខ្ញុំសូមអំពាវនាវ ឲ្យតុលាការធ្វើការពិនិត្យឡើងវិញទាក់ទិនទៅនឹងបទចោទប្រកាន់នោះ ពីព្រោះអ្នកទាំងនោះគ្មានកំហុសអ្វីនោះទេ គឺគ្រាន់តែជាប់ពាក់ព័ន្ធរូបសញ្ញាសួន សេរីរដ្ឋា មួយ មិនអាចចាប់មនុស្សមកដាក់គុកកើតនោះទេ ហើយសួន សេរីរដ្ឋា ក៏បានបដិសេធទៀត ថាអ្នកទាំងបួន ពុំមែនជាសកម្មជនរបស់ខ្លួននោះទេ ហើយការចាប់យុវជននេះ ប្រៀបដូចជាការគំរាមបំបាក់ស្មារតី របស់យុវជនតែប៉ុណ្ណោះ»។
រីឯលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានផ្តល់មេធាវីការពារក្តី ឲ្យជនរងគ្រោះបានថ្លែងឲ្យដឹងថា លោកស្វាគមន៍ ចំពោះចំណាត់ការរបស់តុលាការ ដែលបានសម្រេចដោះលែងយុវជនទាំងបួននាក់ ឲ្យនៅក្រៅឃុំ។ ប៉ុន្តែលោកនៅតែមានការសោកស្តាយ ដោយសារតែអ្នកទាំងបួននាក់នោះ នៅតែមានបទចោទប្រកាន់នៅក្នុងតុលាការ។ លោកបានថ្លែងឲ្យដឹងថា ៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំសុំអំពាវឲ្យតុលាការធ្វើការពិចារណារ ក្នុងការទម្លាក់ការចោទប្រកាន់ រឺក៏លើកលែងការចោទប្រកាន់ ទៅយុវជនទាំងបួននាក់នោះ។ ពីព្រោះយុវជនពីរនាក់ ដែលទៅយកផ្កាមិនមានពាក់ព័ន្ធ ទៅលើខិតប័ណ្ណទេ គឺគាត់ទៅយកផ្កាដូចអ្វី ដែលបាននិយាយនៅក្នុងហ្វេសប៊ុករបស់គាត់ ដើម្បីយកផ្កាទៅជូនកងកម្លាំង ដើម្បីសុំភាពសុខសន្តិភាព និងដើម្បីកុំឲ្យប្រើប្រាស់អំពើហឹង្សា ទៅលើប្រជាពលរដ្ឋ ដូច្នេះវាជារឿងទូទៅ វាមិនពាក់ព័ន្ធរឿងនយោបាយនោះទេ។ ចំណែកឯម្ចាស់ហាងហ្វូតូកូពី គាត់ពុំដឹងរឿងទេ ដោយគាត់ជាម៉ូយជាមួយក្រុមហ៊ុនអាតូមិក ដែលធ្លាប់ហ្វូតូកូពីពីពេលមុនៗ»។
តាមសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ របស់អ្នកនាំពាក្យនគរបាលជាតិបានអះអាង ថាយុវជនទាំងនោះ បានធ្វើការផ្សព្វផ្សាយខិត្តប័ណ្ណ តាមបញ្ជារបស់ឈ្មោះ សួន សេរីរដ្ឋា ដែលជាប្រធានចលនាអំណាចពលរដ្ឋខ្មែរ ហើយជាអ្នកធ្លាប់បង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ប្រឆាំងរដ្ឋាភិបាល ហើយការចាប់ខ្លួនជនសង្ស័យទាំងនេះ គឺក្នុងខណៈដែលពួកគេកំពុងធ្វើសកម្មភាពផលិត និងចែកចាយ ដោយរួមមានវត្ថុតាង ជាខិត្តប័ណ្ណច្រើនរយសន្លឹក៕
-----------------------------------------------------
ដោយ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ