កម្ពុជា៖ អ្នក​ការសែត​បារាំង Daniel Lainé ជាប់​​ចោទ​ធ្វើ​«សញ្ចារកម្ម»

ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការកម្ពុជាកាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ នៅក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយកការណ៍មួយ ស្ដីពីទេសចរណ៍ផ្លូវភេទ និងការជួញដូរស្ត្រីក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៣។ នេះជាការអោយដឹងរបស់ មេធាវីបរទេសរបស់អ្នកកាសែតរូបនេះ លោកក្លេម៉ង្ស៍ វិត្ត (Clémence Witt)។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: January 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកកាសែតបារាំង ដានីញែល ឡេណេ ដែលត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារ​៧ឆ្នាំកាលពីឆ្នាំ២០១០ ពីបទ​ធ្វើ​សញ្ចារកម្មនោះ ត្រូវបានកាត់ទោសឡើងវិញ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅក្នុងសំនុំរឿងមួយ ទាក់ទងនឹង​ទេសចរណ៍​ផ្លូវភេទ។ មេធាវីរបស់ជនជាប់ចោទ បានបរិហារពីបទចោប្រកាន់នោះ ថា«មិនមានមូលដ្ឋាន»​ច្បាស់​លាស់ ក្នុងការភ្ជាប់​ទៅនឹងបទយកការណ៍ ធ្វើដោយអ្នកកាសែតរូបនេះ កាលពីជិត១០ឆ្នាំមុន។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ជនជាប់ចោទ ដានីញែល ឡេណេ (Daniel Lainé) ដែលមិនមានវត្ថមានក្នុងអង្គសវនាការនោះ ត្រូវបានតុលាការ​កម្ពុជា​កាត់ទោស អោយជាប់ពន្ធនាគារ ចំនួន៧ឆ្នាំរួចមកហើយ ក្រោយពីអ្នកកាសែតរូបនេះ បានធ្វើបទយក​ការណ៍​មួយ ស្ដីពី​ទេសចរណ៍ផ្លូវភេទ និងការជួញដូរស្ត្រីក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៣។ នេះជាការអោយដឹងរបស់ មេធាវី​​ការពារក្ដី ជាជនជាតិបរទេស លោកក្លេម៉ង្ស៍ វិត្ត (Clémence Witt)។

លោកមេធាវីបរទេសដដែល បាននិយាយប្រាប់ទីភ្នាក់ងាររសារព័ត៌មានបារាំងទៀតថា លោកឡេណេ បានប្រឆាំង​នឹង​សាលក្រមនេះ ដែលលោកថា មិនមានរឿងបែបនេះទាល់តែសោះ ហើយលោកទទួលបានការកាត់ក្ដីសារជាថ្មី​ កាលពី​ថ្ងៃសុក្រកន្លងមកនេះ ដោយមានវត្តមានពីខាងការពារក្ដីរបស់លោកផង។ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលមេធាវី​បរទេសរូបនេះ បានចុះហត្ថលេខាជាមួយ អ្នករួមអាជីពជនជាតិកម្ពុជា លោកមេធាវី គង់ សំអុន នោះ មាន​សេចក្ដីជាអាថ៌ ថា «បើពិនិត្យ ទៅលើការប្រព្រឹត្តិទៅ នៃអង្គសវនាការ យើងមានសង្ឃឹមច្រើន ថាលោក ដានីញែល ឡេណេ នឹងត្រូវរួច​ពីការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ និងបំបាត់នូវយលសប្ដិអាក្រក់ទាំងឡាយ ដែលធ្វើអោយ​លោក​ក្លាយជាជនរងគ្រោះ»។

តាមការស្នើសុំរបស់កម្ពុជា អ្នកកាសែត ដានីញែល ឡេណេ ត្រូវបានជាប់ឈ្មោះ​នៅក្នុង«បញ្ជីក្រហម» របស់​នគរបាល​អន្តរជាតិ (Interpol) ដែលនាំទៅដល់ ការចាប់ខ្លួនអ្នកកាសែតរូបនេះ នៅក្នុងប្រទេសមួយទៀត។ បន្ទាប់​ពីត្រូវបានគេ​បណ្ដេញចេញពីប្រទេសនោះ លោកឡេណេបានសុំអោយមានការលើកចេញ ពី«បញ្ជីក្រហម»​នោះ​រួចហើយ។

លោកមេធាវី គង់​ សំអុន បានសម្ដែងការជម្ទាស់របស់លោកថា «ធ្វើបទយកការណ៍ ស្ដីពីពេស្យាចារ និងចរាចរណ៍​ជួញ​ដូរមនុស្ស ទាក់ទងនឹងផ្លូវភេទ មិនអាចត្រូវគេសន្និដ្ឋានថា ជាអំពើប្រព្រឹត្តិក្នុងចរាចរណ៍នោះទេ»។

«មិនអាចទទួលយកបាន» សម្រាប់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន

របាយការណ៍ស៊ើបអង្កេត ស្ដីពីទេសចរណ៍ផ្លូវភេទនៅកម្ពុជា ក្នុងឆ្នាំ២០០៣ របស់អ្នកកាសែតរូបនេះ បានថត​យក​រូប​ជនជាតិបារាំងម្នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា និងបានយល់ព្រមអោយមានការផ្សាយរូបគាត់ ក្នុងលក្ខខ័ណ្ឌ​មិន​អោយឃើញមុខ និងស្គាល់សម្លេង។ តែបើទោះជាមាន ការបិតបាំងមុខ និងការប្ដូរសម្លេង នៅក្នុងបទយកការណ៍នេះ​ក៏ដោយ ក៏ជនជាតិបារាំងនោះ ត្រូវបានស្គាល់ដោយគ្រួសាររបស់គាត់ ក្នុងពេលដែលទូរទស្សន៍បារាំង តេអេហ្វអង (TF1) បានចាក់ផ្សាយ ក្នុងកម្មវិធីមួយ មានចំណងជើងថា «សិទ្ធិក្នុងការដឹង (Le droit de savoir)»។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Sans Frontières - Reporters Without Borders) បានបរិហារ​នៅក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីខែសីហាឆ្នាំ២០០៦ថា បន្ទាប់ពីបានចាក់ផ្សាយ​បទយកការណ៍​នេះរួច និងដោយ​សារអំពើរពុករលួយ ចាក់ឬសនៅក្នុងចំណោមមន្ត្រីរាជការខ្មែរ ជនជាតិបារាំងរូបនោះ ត្រូវបាន​គេលើកទឹកចិត្ត​អោយ​ប្ដឹង​អ្នកកាសែត ពី«បទផ្សាយពត៌មានមិនពិត» និង«ធ្វើបទយកការណ៍មួយ ដែលមានការ​ហាមឃាត់ពីអាជ្ញាធរ»។

ក្នុងពេលលោកវិលត្រឡប់មកកម្ពុជា ក្នុងឆ្នាំ២០០៤ លោកឡេណេ ត្រូវបានក្រសួងមហាផ្ទៃកម្ពុជាកោះហៅ ទៅតាម​ពាក្យបណ្ដឹងរបស់ជនជាតិបារាំងនោះ។ តែដើម្បីអនុញ្ញាតអោយលោកបានរួចខ្លួនមកវិញ អ្នកកាសែតរូបនេះ បានចុះ​ហត្ថលេខាលើកិច្ចសន្យាសំណងជម្ងឺចិត្តមួយ មានទឹកប្រាក់ចំនួន ១២៥០០០ដុល្លាអាមេរិក (ត្រូវជា ៩៧៥០០អ៊ឺរ៉ូ)។ បន្ទាប់ពីបានមកដល់ប្រទេសបារាំង លោកបានដាក់ពាក្យបណ្ដឹង ទៅតុលាការបារាំង នៃទីក្រុងក្រេតី (Créteil ជាយ​ទីក្រុងប៉ារីស) និងតុលាការរាជធានីភ្នំពេញ ពីបទ«ចាប់ជម្រិតលុយ» ខាងលើ។

អង្គការដដែលបាននិយាយថា «កិច្ចសន្យាដែលធ្វើឡើង ក្នុងក្ដីភ័យខ្លាច មិនមានតម្លៃខាងច្បាប់ទេ តែវាបានឆ្លុះ​បញ្ចាំង​​ពីការពិតមួយ ដែលមិនមានផលល្អសម្រាប់ សេចក្ដីថ្លៃថ្នូរបស់កម្ពុជា។ សំនុំរឿងដែលធ្វើឡើង ប្រឆាំងនឹង​អ្នកកាសែត បារាំងរូបនេះ វាជារឿង មិនអាចទទួលយកបាន និងផ្ទុយទៅវិញ បានបង្កើតអោយមានជារូបរាង នូវបន​ចាប់ជម្រិតមួយ យ៉ាងស្របច្បាប់។»

នៅឆ្នាំ២០០៦ ខណៈលោកឡេណេ បានវិលត្រឡប់មកកម្ពុជាជាថ្មីទៀត ដើម្បីការងារថតភាពយន្ដឯកសារ​ជា​ច្រើន​នោះ លោកត្រូវបានអាជ្ញាធរខ្មែរដកហូត លិខិតឆ្លងដែនរបស់លោក និងបានហាមលោក មិនអោយចេញពីប្រទេស​ម្ដងទៀត។ ហេតុការណ៍នោះ បានជម្រុញអោយលោកលួចឆ្លងដែន ដោយខុសច្បាប់ ទៅកាន់ប្រទេសថៃ ដើម្បី​គេច​ខ្លួនពីការរុកគួន យាយ៉ីលោក ពីសំណាក់អាជ្ញាធរខ្មែរ។

លោក ដានីញែល កើតក្នុងឆ្នាំ ១៩៤៩ ធ្លាប់ឈ្នះពានរង្វាន់ «អ្នកសារព័ត៌មានឯកនៃពិភពលោក» ឆ្នាំ១៩៩១។ លោក​ជា​អតីតអ្នកថតរូបប្រចាំទីភ្នាក់ងារ ហ្គាមា (Gamma) តែសព្វថ្ងៃលោក ជាអ្នកកាសែតធ្វើការដោយឯករាជ្យមួយរូប។ ស្នាដៃ​នៃបទយកការណ៍របស់លោក ត្រូវគេចាក់ផ្សាយក្នុងទូរទស្សន៍ជាច្រើន ទាំងក្នុងប្រទេសបារាំង និងទាំង​នៅឯ​បរទេស៕

------------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...