ជុន ច័ន្ទបុត្រ ថា គឹម សន្តិភាព ហាក់​​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​

ឫកពាររបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនមែនមិនល្អទេ បើសិនជាលោកត្រូវបានតែងតាំង ឲ្យឡើងធ្វើជាមន្ត្រីតំណាង ឲ្យក្រសួងរដ្ឋមួយ​ទាំងមូលនោះ។ តែបើសិនជាគេដឹងរឿងខ្លះៗ នៃការបែកធ្លាយឯកសារ កាលពីពេលថ្មីៗនេះ និងការរៀន ធ្វើជាអ្នកនាំពាក្យរបស់លោក កាលពីលើកមុនៗ មកផងនោះ គេនឹងច្បាស់ជាយល់ថា លោកទំនងជា«កើតជំងឺរៀបឫកមិនទាន់»។ នេះ បើតាមការៀបរាប់ ក្នុងលិខិតចំហរមួយ របស់លោក ជុន ច័ន្ទបុត្រ អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី។
ជុន ច័ន្ទបុត្រ ថា គឹម សន្តិភាព ហាក់​​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 24, 2017
  • ប្រធានបទ: ជនល្បីៗ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នរណាមិនស្គាល់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌? គេបានស្គាល់លោកទៀតថា ជាកូនប្រសាររបស់លោក ជាម យៀប មន្ត្រី​ជាន់ខ្ពស់ដ៏ចាស់វស្សាម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច​នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩នោះមក។ 

ប៉ុន្តែការបែកធ្លាយ​នូវឯកសារ ស្ដីពីទំហំទ្រព្យសម្បត្តិដ៏សម្បើម របស់ក្រុមមន្ត្រីជាច្រើន បានធ្វើឲ្យគេគិតថា មន្ត្រី​វ័យ​ក្មេង​រូប​នេះ ហាក់​«រៀប​ឫក​មិនទាន់»​​ផង​ទេ ដើម្បីទទួលយកទ្រព្យដ៏មហាសាល និងមុខតំណែងដ៏ខ្ពង់ខ្ពស់ របស់លោក។ នេះ បើតាមការរៀបរាប់ របស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយកការផ្សាយជាខេមរភាសា និងជាអ្នក​សារព័ត៌មាន​មួយ​រូប របស់វិទ្យុអាស៊ីសេរី។

លោក ជុន ច័ន្ទបុត្រ បានពិពណ៌នាអំពីលោក គឹម សន្តិភាព យ៉ាងដូច្នេះ នៅក្នុងលិខិតចំហរមួយ ដែលអ្នកសារព័ត៌មានរូបនេះ បានសរសេរផ្ញើរជូនលោក កែម ឡី ក្នុងឱកាសនៃបុណ្យខួបមរណភាព១ឆ្នាំ ក្នុងពេលខាងមុខ។ លោកបានសរសេរថា៖ «លោក [កែម ឡី] ​ដឹង​ទេ? គ្រាន់​តែ​បាន​ធ្វើ​ ជា​កូនប្រសា​លោក ជាម យៀប ភ្លាម យីអ៊ុន​របស់​មន្ត្រី​វ័យក្មេង​ម្នាក់​ ដែល​ហាក់​ដូច​ជា​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​ផង​នោះ ហាក់​ឡើង​ស្រឺតៗ​តែម្ដង។ ក្រៅ​តែ​ពី​ឡើង​តំណែង​ឯកឧត្ដម ក៏​មាន​ប្រាក់​វាល់​លាន​ដុល្លារ ទាំង​លុយ​រៀល ទាំង​លុយ​ដុល្លារ មាន​ដី​និង​ផ្ទះ នៅ​តាម​ខេត្ត​ក្រុង​នានា​ រាប់​ស្ទើរ​ភ្លេច។ គ្រាន់តែ​ក្បាល​ខ្សែ​ក្រវាត់​ របស់​ឯកឧត្ដម​ ក៏​ធ្វើ​ពី​មាស​សុទ្ធ និង​ដាំ​ពេជ្រ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែរ។ នេះ​ ប្រសិន​បើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ របស់​លោក​ ទៅ​ដាក់​ជូន​អង្គភាព​ប្រឆាំង ​អំពើ​ពុករលួយ​ដែល​បែក​ធ្លាយ​នោះ​ ជា​ឯកសារ​ពិត។»។

» អត្ថបទដែលទាក់ទង៖ ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ទី​ពីរ ​ជូន កែម ឡី

បើនិយាយពីការរៀបឫកនេះ លោក គឹម សន្តិភាព ធ្លាប់ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កាត់មុខឲ្យអាម៉ាសម្ដងហើយ  ចំពោះអ្នកសារព័ត៌មានរាប់សិប នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីប៉ុន្មានឆ្នាំមុន។ នៅពេលនោះ នៅចំពោះសំនួរអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលនៅមានលក្ខណៈ «ជាការៀបឫកមិនទាន់» មែននោះ ត្រូវបានលោក ស៊ីផាន ប្រាប់ឲ្យ​ឈប់ ហើយទុកក្បាលមេក្រូឲ្យលោក ដែលជាអ្នក​មាន​បទ​ពិសោធន៍​​«ខាង​បញ្ជោះ​ឲ្យ​អ្នក​សារព័ត៌មាន»​ច្រើន​ជាង ឆ្លើយម្ដងវិញ។ 

លោក គឹម សន្តិភាព ត្រូវបានគេស្គាល់ខ្លាំង នៅពេលដែលលោកបកស្រាយច្បាប់ ឲ្យដូចទៅតាមការចង់បាន របស់គណបក្សកាន់អំណាច ឬការចង់បានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សកាន់អំណាច ខណៈរូបលោក​ជាមន្ត្រីរបស់រដ្ឋ ដែលមានតួនាទី តំណាងឲ្យក្រសួងយុត្តិធម៌។ ជាពិសេសការបកស្រាយច្បាប់របស់លោក តែងត្រូវបានធ្វើឡើង នៅមុនតុលាការសម្រេចទោស ឬសម្រេចឃាត់ខ្លួន ទៅលើជនជាប់សង្ស័យណាមួយ។

មន្ត្រីច្បាប់ចូលនិវត្តន៍មួយរូប បានបរិហារលោក គឺម សន្តិភាព ថាបានភ្លេចតួនាទីខ្លួន ដោយសារការបកស្រាយច្បាប់ទាំងនោះ ព្រោះវាកំពុងធ្វើឲ្យរូបលោក គឹម សន្តិភាព ដែលជាមន្ត្រីអនុវត្តន៍ច្បាប់ ក្លាយជាមន្ត្រីដែលរំលោភច្បាប់ ដោយដាក់គំនាបដោយប្រយោល ទៅលើស្ថាប័នតុលាការ និងជាពិសេសបំផុតនោះ គឺរំលោភលើស្ថាប័ន​មានសមត្ថកិច្ច ខាងការបកស្រាយច្បាប់ ដែលមានតែក្រុមប្រឹក្សាធម្មនុញ្ញមួយប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...