ហ៊ុន សែន តែង​តាំង កើត ឆែ និង នួន ផារ័ត្ន ជា​អភិបាល​រង​រាជធានី

បន្ទាប់ពីលោក ឃួង ស្រេង បានឡើងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញរួច នៅយប់ថ្ងៃនេះ លោកហ៊ុន សែន បានតែងតាំងមន្ត្រីពីរនាក់ទៀត ឲ្យឡើងមកកាន់តំណែង ជាអភិបាលរង។ មន្ត្រីពីរនាក់នោះ មានម្នាក់មកពីខេត្តពោធិ៍សាត់ និងម្នាក់ទៀត មកពីទីស្ដីការគណៈរដ្ឋមន្ត្រី។
ហ៊ុន សែន តែង​តាំង កើត ឆែ  និង នួន ផារ័ត្ន ជា​អភិបាល​រង​រាជធានី
ពីឆ្វេងទៅស្ដាំ៖ លោក នួន ផារ័ត្ន និងលោក កែត ឆែ ដែលត្រូវបានតែងតាំងឲ្យក្លាយជាអភិបាលរងរាជធានី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 24, 2017
  • ប្រធានបទ: រដ្ឋបាលរាជធានី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កែត ឆែ ដែលជាអភិបាលរងខេត្តពោធិ៍សាត់ និងលោក នួន ផារ័ត្ន ដែលជាមន្ត្រីផ្នែករដ្ឋបាល នៃទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងឲ្យក្លាយជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសតំណែងលោក ឃួង ស្រេង ដែលឡើងជាអភិបាល និងជំនួសលោក ត្រាក់ ថៃសៀង ដែលត្រូវបានផ្លាស់ ទៅកាន់ក្រសួងមហាផ្ទៃ។ នេះ បើតាមអនុក្រឹត្យ​មួយ ​ចុះហត្ថលេខា​ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី- ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះ។

អនុក្រឹត្យ​ចុះថ្ងៃទី២២ ខែមិថុនា ដែលបានយោងតាមសំណើរ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរថា លោក ត្រាក់ ថៃសៀង ដែលជាមន្ត្រីថ្នាក់លេខ១ ត្រូវផ្ទេរពីតំណែង ជាអភិបាលរង ទៅបម្រើការ នៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈលោក កែត ឆែ ដែលជាមន្ត្រីថ្នាក់លេខ៣ ត្រូវបានផ្ទេរពីតំណែង ជាអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងរាជធានីភ្នំពេញ។ ចំណែកឯលោក នួន ផារ័ត្ន ដែលជាមន្ត្រីថ្នាក់លេខ៤ ត្រូវបានផ្ទេរពីក្របខណ្ឌរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី ទៅជាអភិបាលរងរាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា គណៈអភិបាលនៃរាជធានីភ្នំពេញ មានអភិបាលរងដល់ទៅ៦រូប ហើយអភិបាលរងដទៃទៀត មិនឃើញមានការផ្លាស់ប្ដូរទេ ដែលខុសប្លែកតែលោក ត្រាក់ ថៃសៀង ម្នាក់ បន្ទាប់ពីមន្ត្រីរូបនេះ បានកាន់តំណែង ជាអភិបាលរងរាជធានីភ្នំពេញ តាំងពី៨ឆ្នាំមកហើយ។

រីឯលោក នួន ផារ័ត្ន ត្រូវបានគេស្គាល់ថា ជាមន្ត្រីជិតដិត របស់លោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន។ លោក នួន ផារ័ត្ន តែងតែធ្វើជាតំណាងឲ្យលោក ហ៊ុន ម៉ានី ជាញយដង នៅក្នុងការចុះទៅមូលដ្ឋាន សម្រាប់ក្របខណ្ឌ សហភាពសហព័ន្ធយុវជនកម្ពុជា។

អាយុ៣៧ឆ្នាំ លោក នួន ផា​រ័ត្ន ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន ​​ក្នុងខេត្ត​នេះដដែល​។ បញ្ចប់​​ជំនាញ​ថ្នាក់អនុបណ្ឌិត​ ផ្នែក​នីតិសាស្ត្រ និង​ផ្នែក​វិជ្ជាជីវៈ​តុលាការ ​ពី​ប្រទេស​បារាំង ​ក្នុង​ឆ្នាំ២០០៣ លោក ផា​រ័ត្ន បានធ្វើ​ការងារ​ជាច្រើន​ ទាក់ទង​នឹង​ការតាក់តែង​ច្បាប់​ មុននឹង​​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​ឋានៈ ​ស្មើ​រដ្ឋលេខាធិការ ក្នុង​ឆ្នាំ២០០៧៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...