ចាប់បានបុគ្គលិកសណ្ឋាគារផ្កាយប្រាំ សង្ស័យជាចោរប្លន់ នៅអូឫស្សី
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 28, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យជាចោរដៃឆៅម្នាក់ ត្រូវបានក្រុមសមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយនឹង កងរាជអាវុធហត្ថរាធានីភ្នំពេញ ដេញចាប់បាន និងបន្ទាប់មកត្រូវបាន មនុស្សម្នាមហាជន វាយដំយ៉ាងចាស់ដៃ នៅម្តុំផ្សារអូឬស្សី កាលពីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥នេះ។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យបានប្លន់ម៉ូតូ Scoopy មួយគ្រឿង ពីយុវតីម្នាក់ កាលពីវេលាម៉ោង៣រសៀល នៅកោះពេជ្រ។ ប៉ុន្តែដោយសារវត្តមាន របស់កម្លាំងនគរបាលនៅទីនោះ ដែលបានធ្វើប្រតិកម្មភ្លាមៗ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន។ តែមិនបានសម្រេច ក៏ចាប់នារីរងគ្រោះ ធ្វើជាចំណាប់ខ្មាំង ដើម្បីគម្រាមសមត្ថកិច្ចវិញ។
តែនៅទីបំផុត ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ប្រមាណជា៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា នៅជិតអតីតរោងភាពយន្តអង្គរ ម្តុំផ្សារអូឬស្សី ស្ថិតក្នុងសង្កាត់អូឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចខណ្ឌនេះ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន សុធា អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្នែកចុងភៅម្នាក់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ភូកេត្រា រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះ ឈ្មោះ សុខ វ៉ាន់ធីតា ជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែនតាខ្មៅ។
សមត្ថកិច្ចខណ្ឌ៧មករា បានបានបញ្ជាក់ទៀតថា ដំបូងឡើយ ពេលមិនទាន់មកដល់ ដែនសមត្ថកិច្ចខណ្ឌ៧មករា ជនល្មើសបានដកកាំភ្លើង បាញ់តបជាមួយប៉ូលីស តែជាអកុសល កាំភ្លើងនោះមិនផ្ទុះ ជនល្មើសនៅតែបន្តគេចខ្លួន រហូតមកដល់ខណ្ឌ៧មករា ត្រង់ចំនុចជិតអតីត រោងភាពយន្តអង្គរ ទើបចាប់ឃាត់ខ្លូនបាន។ សមត្ថកិច្ចបានដកហូត វត្ថុតាង ពីជនល្មើសនៅពេលចាប់ខ្លូន បានកាំភ្លើងខ្លីម៉ាក រ៉ូលូ មួយដើម។ បច្ចុប្បន្ន ជនល្មើសត្រូវបាន មន្ត្រីសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លូនជាបណ្តោះអាសន្ន នៅខណ្ឌ៧មករា ដើម្បីកសាងសំនុំរឿង បញ្ជូនទៅតុលាការ។ ចំណែកឯម៉ូតូនារីរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់វិញ កាលពីល្ងាចថ្ងៃដដែលនោះ រួចរាល់ហើយ៕