ខំរត់ទៅទប់រថយន្តដែលកំពុងរអិល បែរជាត្រូវកៀបស្លាប់
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ តុលា ២០១៥
- កែប្រែចុងក្រោយ: October 09, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីកៀបតៃកុងយានអេស្កាវាទ័រនេះ បានកើតនៅវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥ នៅភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតដល់បាត់បង់ជិវិត។
មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ ទីតាន់ ពណ៍ខៀវមានស្លាកលេខ ភ្នំពេញ 3A 8124 ចតទុកចោល ក្នុងការដ្ឋានដឹកដីមួយកន្លែង នៅសុខៗ ស្រាប់តែរថយន្តទីតាន់នោះ រអិលចេញពីកន្លែងចត។ បុរសរងគ្រោះឃើញបែបនេះ ក៏បានរត់ទៅទប់រថយន្តនោះ តែទប់មិនជាប់ ព្រោះកម្លាំងរអិលកាន់តែខ្លាំង ក៏បណ្តាលឲ្យកៀបបុរសនោះ ផ្ទប់ជាមួយរថយន្ត អេស្កាវាទ័រ។
បុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ដោយការកៀបរវាងយានយន្ដទាំងពីរ ហើយត្រូវបានអ្នក នៅក្នុងការដ្ឋានដឹកដី នាំគ្នាម្នីម្នាហៅរថយន្តសាម៉ុយ មណ្ឌលបង្អែកខណ្ឌដង្កោ ដឹកជនរងគ្រោះទៅព្យាបាល នៅមន្ទីពេទ្យរ៉ូស្ស៊ី។ ប៉ុន្តែជាអកុសល ដោយមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរនេះបាន បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបានមកដល់មន្ទីពេទ្យ។
ជនរងគ្រោះមានឈ្មោះ ចេវ សុខជា មានអាយុ ៣២ ឆ្នាំ មានមុខរបរជាតៃកុង អេស្កាវាទ័រ (អាអិច) នៅក្នុងការដ្ឋានដឹកដីនៅភូមិជើងឯក។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ មកដល់កន្លែងមានគ្រោះថ្នាក់នោះ ហើយបានឃាត់ខ្លួន លោក រ៉េត ស៊ីថន ជាម្ចាស់រថយន្ត ទីតាន់ ភ្លាមៗ និងបានបញ្ជូនទៅអធិការខណ្ឌដង្កោ ដើម្បីសាកសួរបន្ត។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុក តាមប្រពៃណី៕