បទ​យក​ការណ៍៖ អ្នក​ដំណើរ​សប្បាយ​ចិត្ត ពេល​បក្ស​ប្រឆាំង​ផ្អាក​ដង្ហែ​ក្បួន

អ្នកដំណើរសប្បាយចិត្ត ពេលបក្សប្រឆាំងផ្អាកហែក្បួនតាមផ្លូវ ចាប់ផ្តើមពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃសៅរទី ០៤ ខែ​មករាឆ្នាំក្រោយ គណបក្សសង្គ្រោះជាតិនឹងមិនធ្វើការដង្ហែក្បួនតាមដងវិថីនានា នៅរាជធានីភ្នំពេញនោះទេ ដោយ​គណបក្សនេះជួបអ្នកគាំទ្រខ្លួនតែនៅលើទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ការផ្អាកដង្ហែក្បួន បានទទួលការ​ស្វាគមន៍យ៉ាងក្រៃលែងពីសំណាក់អ្នកធ្វើដំណើរប្រចាំថ្ងៃនៅភ្នំពេញ ព្រោះពួកគេលែងខកខាន ឬទៅយឺតយ៉ាវ ព្រោះស្ទះចរារណ៍ ដោយសារក្បួនបក្សសង្គ្រោះជាតិទៀតហើយ។
Loading...
  • ដោយ: ជា ធីរិទ្ធ ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញ ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចរាចរណ៍ក្នុងក្រុង - «អស់រយៈពេលពីសប្តាហ៍ហើយ ខ្ញុំពិបាកធ្វើដំណើរនៅវេលាល្ញាច ដោយសារគណបក្ស​សង្គ្រោះជាតិគេហែក្បួនជាប់រហូត ឥឡូវឮថា គេផ្អាកហែក្បួន ខ្ញុំពេញចិត្តណាស់ ព្រោះលែងចំណាយសាំង និង​ពេលវេលាយូរទៀតហើយ» នេះគឺជាការត្អួញត្អែ និងការស្វាគមន៍របស់ លោក ពូ សុខ មានមុខរបជាអ្នករត់ម៉ូតូឌុប​ប្រចាំថ្ងៃនៅរាជធានីភ្នំពេញ នៅលើដងវិថីព្រះមុនីវង្ស។

បុរសមានមាឌធំ សម្បុរខ្មៅ សក់រួញអង្គារដីរូបនេះ បានបន្តថា នៅក្នុងពេលបាតុកម្មគណបក្សសង្គ្រោះជាតិ ជាកន្លះ​ខែមកនេះ លោកមិនសូវរកចំណូលបាននោះទេ ដោយសារផ្លូវនៅភ្នំពេញកក់ស្ទះខ្លាំងពេក ដែលធ្វើឲ្យភ្ញៀវដែល​ធ្លាប់ជិះម៉ូតូលោក គេលែងធ្វើដំណើរចេញក្រៅ ឬក៏ខ្លះគេចេញដែរ តែគេធ្វើដំណើរដោយជើងផ្ទាល់តែម្តង ព្រោះ​វា​លឿនជាង។ ក៏ប៉ុន្តែអាជីពអ្នករត់ម៉ូតូឌុបជាង ១០ ឆ្នាំរូបនេះអះអាងថា លោកមិនខឹងសម្បារនឹងគណបក្ស​សង្គ្រោះ​ជាតិនោះទេ ព្រោះពួកគេធ្វើដើម្បីយុត្តធម៌ ឬសិទ្ធិសេរីភាពរបស់ពួកគេ។

កំពុងបញ្ឈប់ម៉ូតូដោយឃើញសញ្ញាក្រហមនៅស្តុប ទេពផន អ្នកស្រីឆេង ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ភ្នែកសំឡឹងមើលភ្លើងស្តុបរង់ចាំសញ្ញាព័ណ៌ខៀវ បានឆ្លៀតប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា អ្នកស្រី​សប្បាយ​ចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែលប្រកាសផ្អាក់ហែក្បួននៅភ្នំពេញ ព្រោះវានឹងធ្វើឲ្យស្ថានភាព​ចរាចរណ៍លែងមានការកកស្ទះ ដោយសារក្បួនគណបក្សសង្គ្រោះជាតិទៀតហើយ។ អ្នកស្រីបន្តថា ប៉ុន្មានថ្ងៃមក​នេះ គាត់ពិបាកធ្វើដំណើរទៅយកកូនគាត់ ដែលចេញពីសាលាណាស់​ព្រោះពេលកូនចេញ​ពីសាលារៀនជា​ពេល​ល្ងាច ដែលចំគណបក្សសង្គ្រោះជាតិហែក្បួនធ្វើបាតុកម្មតែម្តង។

« ខ្ញុំផ្អាកជិះម៉ូតូជិតកន្លះខែមកហើយ ពោលគឺតាំងពីគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមហែក្បួនតាមផ្លូវមកម្លេះ។ ពេលនេះ បានគណបក្សលែងហែក្បួនខ្ញុំពេញចិត្តខ្លាំងណាស់» នេះការស្វាគមន៍របស់លោក ម៉ាន់ ជាបុគ្គលិក​ផ្នែក​សន្តិសុខនៃក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ។ លោកថា ចាប់ពីគណបក្សសង្គ្រោះជាតិហែក្បួនមក លោក ជិះតែកង់ មិនជិះម៉ូតូនោះទេ ពីព្រោះជិះកង់លឿនជាងម៉ូតូ នៅពេលដែលកកស្ទះចរាចរណ៍ ហើយថ្ងៃនេះ លោកបានប្តូរមកជិះម៉ូតូវិញ ដោយសារឮដំណឹងថា គណបក្សប្រឆាំងគេលែងហែក្បួនតាមផ្លូវមួយរយៈ។

ស្រដៀងគ្នានេះដែរយុវជន ធារី និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌលមួយ ដែលជាអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិផងនោះបានឲ្យដឹងថា លោកគាំទ្រចំពោះគណបក្សសង្គ្រោះជាតិផ្អាកហែក្បួនប្រមាណជាង ១សប្តាហ៍ ព្រោះវានឹងធ្វើឲ្យស្ថានភាពចរាចរណ៍នៅភ្នំពេញ មានភាពប្រសើរជាងមុន។ ក៏ប៉ុន្តែយុវជនរូបនេះ មិនបានសម្តែង​ការអន់ចិត្ត ចំពោះសកម្មភាពហែក្បួន របស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមកនោះទេ ៕

ក្នុងយប់ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៣ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នឹងផ្អាកនូវសកម្មភាពនៃការដើរដង្ហែក្បួន តាមដងផ្លូវបណ្តោះអាសន្នរយៈពេល ៦ថ្ងៃ ពោលគឺចាប់​ពី​ថ្ងៃចន្ទនេះ រហូតដល់ថ្ងៃសៅរិ៍ទី ៤ ខែមករា ឆ្នាំ ២០១៤ ដើម្បីត្រៀមកម្លាំងឲ្យបានច្រើន សម្រាប់ធ្វើបាតុកម្ម​ទ្រង់​ទា្រយ​ធំនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ។មហាបាតុកម្មទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយ ត្រូវលោក សម រង្ស៊ី ជឿជាក់​ថា នឹងមានការចូលរួមច្រើនទ្វេដង ហើយលោកនឹងដឹកនាំក្រុមបាតុករដើរដង្ហែក្បួនតាមផ្លូវដូចធម្មតាវិញ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ថា បើទោះបីជាចាប់ពីថ្ងៃនេះទៅ គណបក្សសង្គ្រោះជាតិ មិននាំ​បាតុករ​ដើរដង្ហែក្បួនតាមផ្លូវក៏ពិតមែន។ ក៏ប៉ុន្តែបាតុកម្មនៅបន្តធ្វើធម្មតា នៅទីលានប្រជាធិបតេយ្យ ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...