ជួន មុំថុល គ្រោងធ្វើបាតុកម្មប្រឆាំងសហជីពកម្មករទាំង៦
«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មានកម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព សហព័ន្ធសហជីពជាតិកម្ពុជា និងប្រធានសហជីពមន្ត្រីរាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីពទាំងប្រាំមួយ។
លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ (រូបថត ឯកសារ)
ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាងសហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីពទាំងនោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងប្រធានសហជីពមន្ត្រីរាជការកម្ពុជា គ្រោងនឹងដឹកនាំកម្មករធ្វើបាតុកម្ម ប្រឆាំងនឹងការទាមទាររបស់តំណាងសហជីពទាំងនេះ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ លោក ជួន មុំថុល ប្រធានសហជីពមន្ត្រីរាជការកម្ពុជាបានថ្លែងថា «បើសិនជាកូនចៅរបស់ខ្ញុំ មិនបានចូលធ្វើការ ពួកគេនឹងនាំគ្នាធ្វើកូដកម្ម ប្រឆាំងនឹងសហជីពទាំងប្រាំមួយនោះ។ ដែលកន្លងមកពួកគេសុំតម្លើង ត្រឹមតែដប់ដុល្លាតែប៉ុណ្ណោះ គេមិនពឹងថានឹងឡើងដល់១៥ផង ដែលពីមុនមកមិនដែលមានទេ គេតម្លើងបានតែត្រឹមប្រាំដុល្លាតែប៉ុណ្ណោះ។ គេសង្ឃឹមទៀតថា ឆ្នាំ២០១៥ ឆ្នាំ២០១៦ គេនឹងបានឡើងទៀត ប៉ុណ្ណឹងគេសប្បាយចិត្តហើយ។»
ជាទូទៅ ទាល់តែថ្ងៃទី១០ ជារៀងរាល់ខែ ទើបខាងរោងចក្របើកប្រាក់ខែអោយកម្មករ។ ដោយសារពេលវេលាមិនទាន់ដល់បែបនេះ លោកជួន មុំថុល ដែលបានអះអាងថា សហជីពលោកគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បានអោយដឹងទៀតថា «គម្រោងការធ្វើកូដកម្មនេះ មិនទាន់បានកំណាត់ពេលនោះទេ តែខ្ញុំនឹងធ្វើ។ ខ្ញុំកំពុងរងចាំមើលថា តើបងប្អូនកម្មករយើង នឹងបាត់បង់ការងារមែនទែន និងមិនបានបើកប្រាក់មែនទែន ឬយ៉ាងណា។»
ឆ្លើយតបនឹងគម្រោងការដឹកនាំការធ្វើបាតុកម្ម របស់លោក ជួន មុំថុល នេះ លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានប្រតិកម្មថា «ការដែលគាត់ធ្វើ វាជាសិទ្ធិរបស់គាត់។ ប៉ុន្តែខ្ញុំគិតថា កម្មករនឹងមិនចូលរួមជាមួយគាត់ទេ ព្រោះអ្នកណាក៏ចង់បានប្រាក់ខែ រស់នៅសមរម្យ និងថ្លៃថ្នូដែរ មិនមែនអ្នកណា ទៅធ្វើកូដកម្មទៅទាមទារប្រាក់តិចតូច ហើយការធ្វើកូដកម្មរបស់គាត់នេះ វាមិនមែនជាឧបសគ្គ របស់ក្រុមសហជីពយើងនោះដែរ។»
ការណ៍ដែលតំណាងសហជីបទាំងសងខាង ប្រកាន់ជំហត្រូវរៀងៗខ្លួន អ្នកដែលទទួលរងគ្រោះនោះ គឺជីវិតកម្មកររាប់សែននាក់។ ទាក់ទងនឹងបញ្ហានេះដែរ លោក ជួន មុំថុល យល់ស្របថា «កន្លងមក ខ្ញុំក៏បានសម្របសម្រួល ជាមួយតំណាងសហជីពទាំងប្រាំមួយច្រើនដងដែរ ពីរឿងប្រាក់ខែ ការបត់បែនផ្សេងៗ ថាយើងមិនគួរទាមទារប៉ុណ្ណឹងទេ ដោយសារស្ថានភាពសេដ្ឋកិច្ចយើងមិនទាន់ល្អប្រសើរ។»
ឯលោក អ៊ុំ មាន រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ទៅបណ្តាសហជីព ដែលកំពុងធ្វើបាតុកម្មផងដែរថា «សូមអោយគាត់គិតថា តើទង្វើណាដែលធ្វើទៅស្របច្បាប់ ហើយទង្វើណាដែលធ្វើទៅមិនទាន់សមស្រប សូមជៀសវាង ដែលអាចវាប៉ពាល់សិទ្ធិអ្នកដ៏ទៃ ដែលធ្វើដំណើរនៅតាមដងផ្លូវ។ (...) បើទង្វើរបស់គាត់ នៅតែប៉ះពាល់ដល់សណ្តាប់ធ្នាប់ វាជាសមត្ថកិច្ចរបស់ក្រសួងផ្សេង៕»
--------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ