បទយកការណ៍៖ សម្រែក«ឈឺចាប់ស្រក់ឈាម» ចេញពីគុកត្រពាំងថ្លុង
ពីពន្ធនាគាត្រពាំងថ្លុង ជនសង្ស័យទាំង២១នាក់ ជាពិសេសលោក វន់ ពៅ កំពុងត្អូញត្អែរពីស្ថានភាពសុខភាព ដែលកាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ និងមួយចំនួនទៀត បានស្រែកថ្ងូរអំពីមុខរបួស ដែលត្រូវបានកងកម្លាំងវាយនៅពេលចាប់ខ្លួន។ ពីពន្ធនាគារត្រពាំងថ្លុង អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនត្រឹមតែបានជួបជាមួយពួកគេ ដឹងពីស្ថានភាពសុខភាព និងផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេក៏បានរំលឹកឡើងវិញពីថ្ងៃដែលពួកគេត្រូវបានចាប់ខ្លួននោះផង។
អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)
បទយកការណ៍ - ស្ថិតក្នុងសំលៀកបំពាក់ព៌ណទឹកក្រូច ដែលជាសំលៀកបំពាក់របស់ទណ្ឌិត និយាយដោយញ័រដៃនិងមាត់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុងក្នុងចំណោមជនរងគ្រោះ ២១នៅក្នុងការបង្ក្រាបរបស់ កំលាំងទាហានឆ័ត្រយោង ៩១១ បានកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ចំពោះមុខរបួសចាស់ ដែលពុំបានទៅជួបគ្រូពេទ្យតាមការកំណត់។
សើយអាវឡើងលើ ដើម្បីបង្ហាញការរីកកាន់តែធំនូវស្នាមមុខរបួស ដែលបានវះកាត់នៅក្រៅប្រទេសនោះ លោក វន់ ពៅ បានថ្លែងថា លោកបានចាប់ផ្តើមចុកកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ដែលបានធ្វើឲ្យរូបលោកទ្រាំទ្រមិនបានក៏បាន ស្រែកទ្រហោកងរំពងនៅក្នុងបន្ទប់ពន្ធនាគារ ដោយសារតែនៅក្នុងពន្ធនាគារ ពុំមានថ្នាំព្យាបាលអ្វីក្រៅអំពីប៉ារាសេតាម៉ុល និងទែម៉ូមែតវាស់កំដៅនោះឡើយ។ លោកបានថ្លែងថា៖ «ពេទ្យនៅក្នុងពន្ធាគារនេះយ៉ាប់ជាងពេទ្យ នៅក្នុងសម័យប៉ុលពតទៀត គឺគ្មានអ្វីទាល់តែសោះ។ គេអាចធ្វើបាបផ្លូវចិត្ត និងរូបរាងកាយរបស់ខ្ញុំ ខ្ញុំអាចទ្រាំទ្របាន ប៉ុន្តែខ្ញុំមិនអាចទ្រាំទ្របានចំពោះជម្ងឺនោះទេ។ ខ្ញុំអាចនឹងស្លាប់នៅថ្ងៃណាមួយ ដោយសារជម្ងឺនេះ ដូច្នេះសូមមេត្តាដោះលែងខ្ញុំឲ្យនៅក្រៅឃុំដើម្បីទៅព្យាបាល គ្រាន់មានជីវិតរស់នៅធ្វើការបម្រើសង្គម ក្នុងនាមជាអ្នកតស៊ូមតិផង។»។
លោកបានបន្តទៀតថា នៅក្នុងពន្ធនាគារ ក្រៅពីពុំមានថ្នាំព្យាបាល លោកក៏ពុំអាចទទួលព័ត៌មានអ្វីទាំងអស់ ពីព្រោះនៅក្នុងពន្ធនាគារត្រូវបានឆ្មាំគុកហាមប្រាម មិនឲ្យស្តាប់វិទ្យុ រឺក៏ទទួលព័ត៌មានពីខាងក្រៅនោះទេ។ លោកបានឲ្យដឹងទៀតថា៖ «យើងរស់នៅទីនេះ ដូចសត្វនៅក្នុងទ្រុងដើរទៅណា មានឆ្មាំគុកតាមគ្រប់ជំហាន។ ហើយក៏មិនបានទទួលព័ត៌មានអ្វីដែលបានកើតឡើង នៅក្នុងសង្គមនោះទេ»។
បន្ទាប់ពីលួចសរសេរសំបុត្រផ្ញើរចេញមកក្រៅ តាមរយៈភរិយាដើម្បីបង្ហោះនៅលើទំព័រហ្វេសប៊ុក សម្តែងនូវការអគុណអ្នកដែលបានគាំទ្ររួបលោកនោះ លោកត្រូវបានមន្ត្រីពន្ធនាគារហាមមិនឲ្យកាន់ប៊ិចសៀវភៅតទៅទៀតទេ ហើយមន្ត្រីពន្ធនាគារ ដែលមានភាពស្និតស្នាលនឹងរូបលោក ក៏ត្រូវបានគេប្តូរឲ្យទៅធ្វើការនៅអាគារថ្មីផងដែរ។ លោកបានថ្លែងទៀតថា៖ «សព្វថ្ងៃនេះ គេដាក់សំពាធផ្លូវចិត្តដល់រូបខ្ញុំ សព្វបែបយ៉ាង។ ខ្ញុំរស់នៅក្នុងពន្ធនាគារនេះ ដូចជាគ្មានអ្វីទាំងអស់»។
លោកក៏បានរំលឹកហេតុការណ៍ចុងក្រោយ ដែលលោកបានធ្វើសកម្មភាព ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សថា នៅក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី ២ ខែមករា នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខរោងចក្រយ៉ាកជីង ខណៈដែលតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករថា នៅគឺជាសកម្មភាពចុងក្រោយរបស់លោក។ ហើយរូបលោកត្រូវបានសមត្ថកិច្ចវាយយ៉ាងធ្ងន់ធ្ងររួចអូសចូលក្នុងរោងចក្រ ហើយយកទៅដាក់ឃុំនៅក្នុងការិយាល័យ៩១១។ នៅថ្ងៃបន្ទាប់ គេបានយកពួកលោកមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ប្រមាណជាម៉ោង៥ព្រឹក រួចបញ្ជូនបន្តទៅទៀត ដោយមិនបានប្រាប់ថាយកទៅណានោះទេ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ គេប្រាប់ថាយកទៅត្រពាំងផ្លុង។
លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំមកដល់ទីនេះដំបូង លំបាកបំផុតពីព្រោះគេមិនឲ្យនិយាយស្តីជាមួយអ្នកដែលនៅជាប់ឃុំ ហើយគេបំបែកមិនឲ្យជូប អ្នកដែលចាប់មកជាមួយនោះទេ ម្យ៉ាងទៀតតូចចិត្ត៦ទៅ៧ថ្ងៃទៅហើយ គ្មានសាច់ញាតិរឺក៏មិត្តភក្តិមកជូបទាល់តែសោះ»។
លោក វន់ ពៅ នៅក្នុងកិច្ចការសង្គមរបស់លោក។ (រូបថត ហ្វេសប៊ុក)
ចំនែកឯ លោក ថេង សាវឿន មន្ត្រីសម្របសម្រួលបណ្តាញកសិករ ដែលពុំបានធ្វើអ្វីក្រៅអំពីរៀនគូរូបគូរដណ្តឹងបានថ្លែងថា បច្ចុប្បន្ននេះក្បាលរបស់លោក ដែលត្រូវរបួសដោយទាហានវាយនោះ កំពុងតែឈឺចាប់ឡើងវិញ រហូតពេលខ្លះធ្វើឲ្យរូបគាត់វិលមុខ ចង់ដួលផងដែរ ហើយនៅពេលដែលទាក់ទងទៅខាងមន្ទីរពេទ្យ ក្នុងពន្ធនាគារពុំបានថ្នាំព្យាបាលអ្វីក្រៅពីប៉ារ៉ាសេតាម៉ុលនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំសូមឲ្យតុលាការកំពូល មេត្តាពន្លឿននិតិវិធី ការសុំស្នើរឲ្យនៅក្រៅឃុំរបស់ពួកខ្ញុំ ដោយសារតែខាងក្រុមហ៊ុនគេបានដកនូវពាក្យបណ្តឹងរួចហើយ ម្យ៉ាងទៀតដើម្បីឲ្យពួកខ្ញុំ អាចចេញទៅព្យាបាលជំងឺទាន់ពេល»។
លោកបានរំលឹក ពីថ្ងៃដែលគេចាប់ខ្លួនលោកថា នៅក្នុងថ្ងៃនោះ លោពុំបានចូលរួមធ្វើបាតុកម្មនោះទេ គឺរូបលោកគ្រាន់តែកាន់កាម៉េរាមួយដើម្បីថតរូបតែប៉ុណ្ណោះ ប៉ុន្តែជាគេចោទប្រកាន់ថា ពួកលោកប្រើហឹង្សា និងបំផ្លាញទ្រព្យសម្បតិ្តគេទៅវិញ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «វាយុត្តិធម៌បំផុត ចំពោះខ្ញុំនិងកម្មកដទៃទៀត គេវាយយើង គេចាប់យើងដាក់គុក ហើយប្តឹងយើងទៀត»។
ជាការឆ្លើយតប ទៅនឹងការលើកឡើងអំពីបញ្ហាគ្រូពេទ្យនោះ លោក គៀ សុវណ្ណា ប្រធានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី៣ត្រពាំងផ្លុង បានថ្លែងឲ្យដឹងថា នៅក្នុងពន្ធនាគាររបស់លោកមានគ្រូពេទ្យប្រចាំការ ២៤ម៉ោង លើ ២៤ ម៉ោង ហើយមានថ្នាំព្យាបាលគ្រប់មុខ។ លោកថា ៖ «យើងមិនត្រឹមតែព្យាបាលទណ្ឌិតនោះទេ យើងព្យាបាលពលរដ្ឋនៅក្រៅទៀតផង»។
លោកបានថ្លែងឲ្យដឹងទៀតថា ទាក់ទិនទៅនិងករណី ដែលគាត់ពុំអាចទទួលបានព័ត៌មាន ដោយសារតែពួកគាត់ ចៅក្រមពុំទាន់បានបញ្ចប់ការស៊ើបអង្កេតនៅឡើយ ប្រសិនបើពួកគាត់ត្រូវបានបិទនូវការស៊ើបអង្កេត ពួកគាត់អាចចេញមកក្រៅអានសៀវភៅ នៅបណ្ណាល័យដូចទណ្ឌិតដទៃទៀតដែរ។ មន្ត្រីគ្រប់គ្រងធនាគាររូបនេះ បានបញ្ជាក់ថា៖ «យើងមិនហាមឃាត់គាត់ទេ ក្នុងការទទួលព័ត៌មាន តែគាត់មិនទាន់បានបញ្ចប់នូវការស៊ើបអង្កេត»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមនការពារសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា ជាទូទៅនៅក្នុងពន្ធនាគារនៅទូទាំងប្រទេស គឺមានមន្ទីរពេទ្យនៅក្នុងពន្ធនាគាររបស់គេ។ ប៉ុន្តែពេទ្យនោះ មានថ្នាំសង្កូវមិនគ្រាប់គ្រាន់នោះទេ។ លោកថា៖ «ក្នុងករណីសកម្មជនសិទ្ធិមនុស្ស កម្មក ទាំងនោះ វាទាក់ទងទៅនិងរឿងនយោបាយដូច្នេះ ក្នុងការសម្រេចចិត្តអ្វីមួយ ប្រធានពន្ធនាគារធ្វើការដោយប្រុងប្រយ័ត្នបំផុត បើមិនដូច្នេះទេវាអាចនឹងមានបញ្ហាដល់រូបគាត់តែម្តង»។
កាលពីថ្ងៃទី១១ ខែកុម្ភៈ សាលាឧទ្ធរណ៍បានបដិសេធបណ្តឹង សុំនៅក្រៅឃុំរបស់ជនជាប់ចោទ ទាំង២១នាក់ ដោយផ្អែកលើហេតុផលបីសំខាន់ៗ រួមមានបទល្មើស មិនទាន់ត្រូវបានតុលាការសាលាដំបូង បើកការស៊ើបអង្កេតនៅឡើយ និងដើម្បីបង្កាកុំឲ្យមានបទល្មើស ដែលត្រូវបានចោទប្រកាន់កើតមានឡើងជាថ្មីទៀត និងដើម្បីកុំឲ្យមានការត្រូវរូវគ្នារវាងជនជាប់ចោទ សាក្សី និងសហការី។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្រោយពីសមត្ថកិច្ចចាប់ខ្លួន នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីង ខណៈដែលពួកគេចូលរួមតវ៉ា ទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ០៤ មីនា ២០១៤