ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។


ផ្នែកមួយនៃរបាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃកម្ពុជាបង្ហាញដោយលោក ខៀវ សុភ័គ។

ការលាបពណ៌ - កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានបង្ហាញពីរបាយកាណ៍ នៃលទ្ធផល​ការងារឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើបទបង្ហាញដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហាផ្ទៃ ។ តាមរយៈរបាយការណ៍នេះ បានបង្ហាញថាចំនួន​បាតុកម្ម-កូដកម្ម​ដែលកើត​ឡើងនៅក្នុងឆ្នាំ២០១៣ មានចំនួន៨៤២លើក ក្នុងនោះដែរ បាតុកម្ម-កូដកម្ម«បង្ក»ឡើងដោយប្រជាពលរដ្ឋ​មានចំនួន ៤២៤លើក និងកម្មករចំនួន ៤១៨លើក។ របាយការណ៍បានសរសេរទៀតថា បាតុកម្ម-កូដកម្មទាំងនោះ មានការ​«លូកដៃ»ពីអ្នកនយោបាយ សង្គមស៊ីវិល និងសហជីពមួយចំនួន ដែលហាក់ដូចជាឲ្យគេយល់ថា អ្នកនយោបាយ សង្គមស៊ីវិល និងសហជីព មិនមានសិទ្ធរៀបចំបាតុកម្ម ឬគាំទ្រការធ្វើបាតុកម្ម ឬកូដកម្មនោះទេ។

ពាក្យ«បង្ក»

ចំពោះការប្រើប្រាស់ពាក្យ ថា «បង្ក» លោក ចាន់ សុវ៉េត អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក បានអោយនិយមន័យពាក្យនេះថា មានន័យស្មើជនប្រព្រឹត្ត ។ លោកបញ្ជាក់ថែមថា «គេប្រើប្រាស់ពាក្យបែបហ្នឹង បាន​ន័យថាគេចោទប្រកាន់ថា អ្នកដែលបង្កអោយមាន​អំពើហិង្សា​កើត​ឡើង គឺបង្កដោយប្រជាពលរដ្ឋ និងក្រុម​កម្មករ»។

ក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ក្នុងរយៈពេលនៃការធ្វើបាតុកម្ម-កូដកម្ម មានលេចឡើងនៅ​បាតុភាពបង្ក​ដោយគ្រឿងផ្ទុះចំនួន៣លើក នៅរាជធានីភ្នំពេញ២លើក និងនៅខេត្តកំពុងស្ពឺចំនួនមួយលើក។ រីឯការកើតមាន​ការ​ប៉ះទង្គិច រវាងសមត្ថកិច្ចនិង «កម្លាំងអនាធិបតេយ្យ» មានចំនួន៦លើក បានបង្កអោយមនុស្សស្លាប់ ៦នាក់ របួស ៣៥​នាក់ និងសមត្ថកិច្ចរបួស៨០នាក់ ព្រមទាំងមានខូចខាតទ្រព្យមួយចំនួន។

ការប្រើប្រាស់ពាក្យដែលមានន័យចោទប្រកាន់ទៅលើក្រុមបាតុករ និងកូដករនេះ លោកចាន់សូវ៉េត យល់ថា បើតាម​ទស្សនៈនៅក្នុងសង្គមស៊ីវិល មិនអាចយកពាក្យ«បង្ក»ឬ«កម្លាំងអនាធិបតេយ្យ» មកនិយាយដើម្បី​លុបបំបាត់​អំពើ​ហិង្សា ដែលបានកើតឡើងប៉ះពាល់ដល់ អាយុជីវិតមនុស្សជាច្រើននាក់នោះបានទេ។

លាបពណ៌ ដើម្បីគេចវេសពីការទទួលខុសត្រូវ?

លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ បានបង្ហាញការមិនយល់ស្រប​ទៅលើការ​ប្រើ​ប្រាស់ពាក្យនេះដែរថា «បើយើងគិតថាពេលមានបាតុកម្ម-កូដកម្ម ប្រើពាក្យលាបពណ៌ទៅលើគណបក្សនយោបាយ សង្គមស៊ីវិល និងសហជីព ខ្ញុំមិនមានការយល់ស្របនោះទេ។ រឿងទាំងអស់បើគ្មានភ្លើង វាគ្មានផ្សែងនោះទេ។»

ប្រធានប្រតិបត្តិសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវ៉ាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានចោទប្រកាន់​​របាយ​ការណ៍ របស់ក្រសួងមហាផ្ទៃថា គឺជាការគេចវេសរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ពីព្រោះប្រជាពលរដ្ឋ កម្មករប្រើប្រាស់សិទ្ធរបស់ពួកគេ ក្នុងការទាមទាររកផលប្រយោជន៍ទៅតាមច្បាប់។ លោកអះអាងថា រាល់ការ​ប្រើ​ប្រាស់កម្លាំង គឺបង្កដោយខាងកម្លាំងសមត្ថកិច្ចមុន មិនមែនប្រជាពរដ្ឋនោះទេ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទង សុំការស្រាយបំភ្លឺពីលោក ខៀវ សុភ័គ ដែលជាវាគ្មិនក្នុង​ការបក​ស្រាយរបាយការណ៍នេះ តែមិនមានការឆ្លើយតប។

រីឯលោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅម្ពុជា នៃសមាគមអាដហុក បានផ្ដល់ជា​ទស្សនៈទាន​ទៅរដ្ឋាភិបាលថា ក្នុងការប្រើប្រាស់ពាក្យក្នុងរបាយការណ៍អ្វីមួយ គួរតែមានការប្រយ័ត្នប្រយ៉ែង ព្រោះជា​រដ្ឋាភិបាល​របស់ប្រជាពលរដ្ឋ អញ្ចឹងត្រូវធ្វើខ្លួនជាគំរូរបស់ប្រជាពលរដ្ឋ។ លោកបានអោយដឹងទៀតថា «ខ្ញុំគិតថា ការប្រើប្រាស់​ភាសាហ្នឹងគឺសំខាន់ គួរតែប្រើប្រាស់ភាសារអោយបានសមរម្យ ហើយអោយមានភាពពិរោះពិសារ ទាំងប្រើប្រាស់​ពាក្យ​ធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល និងជនរងគ្រោះតវ៉ាបញ្ហាផ្សេង»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...