បក្ស​សង្រ្គោះ​ជាតិ៖ ការ​ចរចា​នឹង​បញ្ឈប់ បើ​បក្ស​ប្រជាជន​គំរាម​បក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ចរចា

គណបក្សសង្រ្គោះជាតិបានព្រមានថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាច​នឹង​ត្រូវបញ្ចប់ ប្រសិនបើគណបក្សប្រជាជននៅតែគំរាមកំហែង និងរំខាន​ដល់ការជួបជុំ​របស់ថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ ជាមួយអ្នកគាំទ្រនៅតាមបណ្តាខេត្ត។ ការគម្រមកំហែង ដែលក្រុមមេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែង​ថាគណបក្សកាន់អំណាច មានបំណងទុច្ចរិតចាប់បង្ខំឲ្យខ្លួនចរចា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិបានព្រមានថា ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អាច​នឹង​ត្រូវបញ្ចប់ ប្រសិនបើគណបក្សប្រជាជននៅតែគំរាមកំហែង និងរំខាន​ដល់ការជួបជុំ​របស់ថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ ជាមួយអ្នកគាំទ្រនៅតាមបណ្តាខេត្ត។ ការគំរាមកំហែង ដែលក្រុមមេដឹកនាំគណបក្សប្រឆាំង បាន​ថ្លែង​ថាគណបក្សកាន់អំណាច មានបំណងទុច្ចរិតចាប់បង្ខំឲ្យខ្លួនចរចា។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែត នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសីតការសែត នៅទីស្នាក់ការកណ្តាល​របស់គណបក្ស នៅ​ថ្ងៃទី២០ ខែកុម្ភៈនេះ បានពន្យល់ថា ការចរចារបស់គណបក្សប្រជាជនកម្ពុជា ជាមួយគណបក្ស​សង្រ្គោះជាតិ គឺគ្រាន់​តែបន្លំភ្នែកសហគមន៍ជាតិ និងអន្តរជាតិថា គណបក្សខ្លួន មានឆន្ទះចរចា ដោះស្រាយបញ្ហា​ជា មួយគណបក្ស​សង្រ្គោះ​ជាតិ តែការពិតគណបក្សប្រជាជនកម្ពុជា មានចេតនាទុច្ចរិត ក្នុងការចរចា។

លោក សម រង្ស៊ី បញ្ជាក់ថា៖ «គណបក្សប្រជាជន អត់មានភាពស្មោះត្រង់ទេ យើងមិនអាចចរចាជាមួយ​ភាគី​ប្រភេទ​នឹងបានទេ។ ការចរចា មានការគំរាមកំហែង ប្រើអំពើហិង្សា មិនអាចចរចាបានទេ។ អ្នកណាចរចាឲ្យគេភ្ជង់កាំភ្លើង គេភ្ជង់យើង ឥឡូវគណបក្សប្រជាជន កំពុងតែភ្ជង់យើង(...)។ ខ្ញុំសូមផ្ញើរសារនឹងទៅគណបក្សប្រជាជន ខ្ញុំដឹងថា គណបក្សប្រជាជន មានពុតត្បុតច្រើនណាស់។ យើងមិនអាចចរចាទៀតទេ បើគណបក្សប្រជាជន នៅតែប្រើ​ល្បិច​ដូច្នេះទៀត។»

ក្នុងកម្មវិធីសន្និសីតការសែតដដែលនោះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានអត្ថាធិប្បាយ​ដែរ ថា ការចរចាកន្លងមក គណបក្សប្រជាជនកម្ពុជា ធ្វើឡើងគ្រាន់តែចង់ឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញ ពី​ចេតនាចរចារបស់ខ្លួន តែប៉ុណ្ណោះ។ តែការពិតគណបក្សប្រជាជនកម្ពុជា តែងប្រើអំពើហិង្សា ដើម្បីរំខានដល់​ដំណើរ​ការនៃការចរចា។ លោក កឹម សុខា បញ្ជាក់ថា៖ «តាំងពីចុងឆ្នាំ២០១៣ ពេលកំពុងតែចរចា ជជែកគ្នា បែរជា​ទៅបាញ់​កម្មករនៅផ្លូវវ៉េងស្រេង កំទេចទីលានប្រជាធិបតេយ្យ។ យើងបង្ហើបការចរចា ពួកគាត់បង្កើតរឿង។»។

ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា និង​មន្រ្តី​អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាន នៅឡើយទេ ។ តែកន្លងមក មន្រ្តីអ្នកនាំពាក្យ គណបក្ស​ប្រជាជនកម្ពុជា និងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការដាក់ពង្រាយកម្លាំងប្រដាប់អាវុធ ក្បែរ វេទិកាគណបក្សសង្រ្គោះជាតិ គឺដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ជូនកម្មវិធីតែប៉ុណ្ណោះ។

គួរកត់សម្គាល់ ថាការធ្វើសន្និសីតការសែត ព្រមានបញ្ឈប់ការចរចា ដោយគណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺ​បានកើតឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីវេទិការសាធារណៈ របស់គណបក្សសង្រ្គោះជាតិ នៅឃុំចុងអំពិល ស្រុក​កញ្រ្ជៀច ខេត្តព្រៃវែង ត្រូវទទួលរងការរំខាន និងអុកឡុក ពីសំណាក់ជនស៊ីវិលមួយក្រុម។ ក្នុងហេតុការណ៍នោះ កង​កម្លាំងសមត្ថកិច្ចមួយក្រុម ដែលបានដាក់ពង្រាយក្បែរនោះ មិនបានធ្វើការសម្របសម្រួលនោះទេ បើទោះ​ជា​មាន​ការ​ស្នើសុំឲ្យជួយដោះស្រាយ ពីភាគីគណក្សសង្រ្គោះជាតិក៏ដោយ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...