គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

ដើម្បីចង់ដឹងថា ថ្នាក់ដឹកនាំយោធាកម្ពុជា យល់ឃើញយ៉ាងដូចម្ដេច ពី«ជាតិ»នោះ ខាងក្រោមនេះ ជាការ​ពន្យល់​ខ្លី តែមានន័យគ្រប់គ្រាន់ របស់លោក គន់ គីម អគ្គមេបញ្ជាការរងកងទ័ពកម្ពុជា។ លោក គន់ គីម បានលើក​​ឡើង​ថា «ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល គឺលោក ហ៊ុន​ សែន»។
គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!
ឧត្ដមសេនីយ៍ផ្កាយមាសបួន លោក គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 30, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួន​បួន​គ្រាប់​នៅ​លើ​ស្មារ បានថ្លែង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយ​​​របស់​​លោក​ដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។

ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ព​កម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយ​ធ្វើការ​របស់​ពួក​គេ​ទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការ​តែងតាំង​ពី​ព្រះ​​មហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់​លោក ហ៊ុន សែន ឬ​លោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។

លោក គន់ គីម បានពន្យល់តប​ទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត នូវបទបញ្ជា «ជាតិ-​ព្រះមហាក្សត្រ» យ៉ាងខ្ជាប់ខ្ជួន។ លោកមេទ័ពរងបានបន្តថា៖ «មានន័យថា ជាតិនេះ គឺរដ្ឋាភិបាល​ហើយ។ រដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ហើយ។ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ ទោះបីជាគេយកថ្ងៃ​៧មករា ទៅដាក់តាំង ក៏ជាសិទ្ធិរបស់គេ ព្រោះគេជាអ្នករំដោះជាតិ និងរំដោះប្រជាជន (SIC)»

បើទោះជាការលើកឡើង របស់លោក គន់ គីម សំដៅទៅលើបទបញ្ជា ដែលដាក់ចុះមក​ដោយព្រះមហាក្សត្រ ឬដោយរដ្ឋាភិបាល (ថ្នាក់ជាតិ) នោះក៏ដោយ ដែលខ្លឹមសារពិតប្រាកដ ដែលចេញពីការលើកឡើងនេះ ស្ថិត​នៅ​ខាង​ក្រោយ​ឃ្លាខាងលើ ទៅវិញទេ។ ឧត្ដមសេនីយ៍ផ្កាយមាសបួនរូបនេះ បានថ្លែងឲ្យដឹងទៀតថា កង​ទ័ព​អាច​ឯករាជ្យ​អព្យាក្រិត្យ ជាមួយនឹងគ្រប់គណបក្សនយោបាយទាំងឡាយ តែមិនអព្យាក្រិត្យឡើយ ជាមួយ​នឹង​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន។

» រូបថតបង្ហាញពី​ការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើក្រុមពលរដ្ឋ ដែលជាបាតុករដៃទទេ ពីសំណាក់កងកម្លាំង​យោធា​ឆ័ត្រយោង កាលពី​ដើម​ឆ្នាំ២០១៤៖

លោក គន់ គីម បានសង្កត់ធ្ងន់ថា៖ «ព្រោះកងទ័ពកំពុងបម្រើឲ្យរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល​កំពុង​តែ​ចិញ្ចឹម​បីបាច់ថែរក្សា (...) ដូច្នេះ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស រក្សាការពាររដ្ឋាភិបាលដាច់ខាត។ គ្មាន​អាច​នរណា​មួយ​មក​បំផ្លិចបំផ្លាញ គ្មានអាចនរណាមួយ (...) អាចធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល (បានឡើយ)។ កងទ័ពនឹងចេញមុខការពារ ដាច់ខាត។»។

ឧត្ដមសេនីយ៍ជាមេទ័ពរងរូបនេះ បានបន្តបញ្ជាក់ទាក់ទង នឹងព្រះឆាយាល័ក្ខ​របស់ព្រះមហាក្សត្រថា៖ «ទីតាំង​ណា ក៏​មាន​ព្រះមហាក្សត្រ។ ដោយឡែកអគារស្នាក់នៅ ឬក៏អគារផ្សេងៗ ដែលរាជរដ្ឋាភិបាល ឬបុគ្គល​ម្ចាស់​គេ​ផ្តល់​ឱ្យ យើងក៏បានដាក់នូវរូបសំណាក ព្រោះនាយករដ្ឋមន្រ្តីជាមេដឹកនាំរបស់គេ ដូច្នេះគេក៏មានសិទ្ធិ​ដាក់ មិន​មែន​​ជា​ប៉ុយរ៉ូ (Bureau) ធ្វើការ ឬទីតាំងធ្វើការ។»។

ដូចម្ដេច ដែលហៅថា«ជាតិ» និង«កងទ័ពជាតិ»?

អតីតមន្ត្រីច្បាប់កម្ពុជា លោក ព្រហ្ម គិត ដែលសព្វថ្ងៃចូលនិវត្តន៍ និងកំពុងរស់នៅក្នុងភាគ​ខាងត្បូង​ប្រទេស​បារាំង បានឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូដឹង​ថា ពាក្យ«ជាតិ» នៅពេលបច្ចុប្បន្ន ត្រូវបានយកមក​ប្រើប្រាស់ តែ​ពាស។ លោក ព្រហ្ម គិត បានរំលឹកការពន្យល់ពាក្យ ក្នុងវចនានុក្រមភាសាខ្មែរ របស់សម្ដេចសង្ឃ ជួន​ណាត មក​បញ្ជាក់​ថា ពាក្យ«ជាតិ» មានអម្បូរពាក្យជា«នាម» មានន័យស្មើរ នឹងកំណើត មនុស្ស​ដែល​មាន​សញ្ជាតិ​​​ផ្សេង​​គ្នា ដូចជា ជាតិ​ខ្មែរ ឬជាតិ​ចិនជាដើម។ ដូច្នេះ បើលោក គន់ គីម និយាយដល់ពាក្យ«ជាតិ» ត្រូវ​គិត​​​ដល់​​អត្ថន័យ​នេះ ជា​ជាង​កំណត់អត្ថន័យពាក្យ តែត្រឹម «បទបញ្ជា» របស់រដ្ឋាភិបាល។

ម្យ៉ាងទៀត ចំពោះការលើកឡើង ដែលនិយាយដល់ ថានរណាជាម្ចាស់ ឬនរណាជាអ្នកបីបាច់ថែរក្សានោះ ត្រូវ​បាន​លោក ព្រហ្ម គិត បកស្រាយថា លោកមេទ័ពរងខ្មែរ គន់ គីម ទំនងជាបានភ្លេចថា នៅក្នុងរបប​ប្រជាធិប​តេយ្យ គឺពលរដ្ឋជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់រដ្ឋាភិបាល ម្ចាស់កងកម្លាំងប្រដាប់អាវុធ ហើយគឺប្រជាពលរដ្ឋ ជា​អ្នក​​ចិញ្ចឹម​​មន្ត្រី​​រាជការ កងកម្លាំងប្រដាប់អាវុធទាំងនោះ។ បើរដ្ឋាភិបាល ឬលោក ហ៊ុន សែន ទៅសង់​អាគារ​មួយ​ណា​នោះ ទោះបានលុយពីណាក៏ដោយ ពីថវិការដ្ឋ ឬពីជំនួយក៏ដោយ ក៏នៅតែជាថវិកា​របស់​ពលរដ្ឋ​ដដែល​​ដែរ ព្រោះទាំងរដ្ឋាភិបាល ទាំងលោក ហ៊ុន សែន សុទ្ធតែទទួលអណត្តិពីពលរដ្ឋ។

អតីតមន្ត្រីច្បាប់បានបញ្ជាក់ថា៖ «បើទោះជាព្រះមហាក្សត្រ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ថាជាព្រះ​ប្រមុខ​រដ្ឋ និង​ជាម្លប់​របស់ប្រជារាស្ត្រនោះក៏ដោយ តែកម្ពុជា ជាព្រះរាជាណាចក្រ​​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយ​រដ្ឋធម្មនុញ្ញ​បង្កើត​​ចេញ ពី​សភា​តំណាងរាស្ត្រ ដែលរាស្ត្របោះឆ្នោតជ្រើសតាំងឡើង។ ដូច្នេះ​អ្វី​ក៏ដោយ ទោះជានោះ​ជា​បទ​​បញ្ជា របស់​ព្រះមហាក្សត្រ ឬរបស់នាយករដ្ឋមន្ត្រីក៏ដោយ ក៏បទបញ្ជាទាំងនោះ ត្រូវស្រប និងចេញពី​ឆន្ទះ​រាស្ត្រ។»។

លោក ព្រហ្ម គិត បានបន្ថែមទៀតថា៖ «ហើយកងទ័ព មិនមែននិយាយថា ការដាក់តាំងអ្វីមួយជាសិទ្ធិនោះ​ទេ តែលោក គន់ គីន ត្រូវនិយាយប្រាប់ទាហាន ពីលក្ខន្តិកៈ និងពីវិន័យរបស់កងទ័ពជាតិ។ ជាការត្រឹមត្រូវ​ហើយ ដែលទាហានម្នាក់ គឺជាពលរដ្ឋម្នាក់ តែសិទ្ធិជាពលរដ្ឋនេះ អាចកើតមានទៅបាន ប្រសិនជាទាហាននោះ នៅ​ផ្ទះ​គាត់ ឬគាត់ចេញពីបន្ទាយ ដោយមិនមាន​ស្លៀកពាក់​ឯកសណ្ឋានទាហាន។ តែបើនៅក្នុងឯកសណ្ឋាន ឬក៏​ទាហាន​នោះ ស្ថិតក្នុងបន្ទាយ ទោះគាត់នៅក្នុងបន្ទប់គាត់ ដែលសង់ដោយនរណាក៏ដោយ គាត់ចាំបាច់ត្រូវ​គោរព​វិន័យ​របស់​ទាហាន ដែលជា​ទាហាន​របស់​ជាតិ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...