ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

នៅមុនការចាកចេញ ពីប្រទេសកម្ពុជា មាតុភូមិកំណើតរបស់ខ្លួន ភរិយា និងកូនៗទាំងបួននាក់ របស់លោក កែម ឡី បាន​ធ្វើដំណើរទៅទស្សនាអង្គរ ជាលើកចុងក្រោយ។ នេះជាការអះអាង របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​បាន​ដឹង ពីដំណើរ​ចុងក្រោយ​របស់ពួកគាត់ ដែលបានចាកចេញ ពីកម្ពុជាកាលពីថ្ងៃទី២៨ ខែសីហា​កន្លង​ទៅ ឆ្ពោះ​ទៅ​ប្រទេស​ផ្សេង ដែលជា«ទីកន្លែងសុវត្ថិភាព» ជាជាង​ប្រទេស​កំណើត​របស់​ខ្លួន។
ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា
លោក កែម ឡី ថតជាមួយភរិយា នៅខាងមុខអង្គរវត្ត ប្រាសាទដួងព្រលឹងរបស់ខ្មែរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 30, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ភរិយានិងកូនៗទាំងអស់ (របស់លោក កែម ឡី) មុននឹងចាកចេញទៅប្រទេសផ្សេង ពួកគាត់បានទៅថត នៅ​ឯ​សៀមរាប គាត់បានចេញទៅមើលអង្គរវត្ត មុននឹងចាកចេញពីទឹកដីរបស់គាត់» នេះជាសង្ឃដីកា របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកបានដឹង ពីដំណើរចុងក្រោយរបស់ក្រុមគ្រួសាររបស់លោក កែម ឡី ដែល​បាន​​ចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសផ្សេងហើយ។

មានថេរដីកា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកជិតដិតមួយអង្គ ជាមួយលោក កែម ឡី កាលពីលោក​នៅមានជីវិតនោះ បានចាត់ទុកការចេញទៅទស្សនាអង្គរវត្ត ជាលើក​ចុង​ក្រោយ​របស់​ភរិយា និងកូនៗទាំងអស់ របស់លោក កែម ឡី ថាពោរពេញដោយមនសិការស្នេហាជាតិ។

ព្រះអង្គបានមានថេរដីកាថា៖ «លោកឧត្ដមបណ្ឌិត កែម ឡី ហើយនិងភរិយា កូនៗរបស់គាត់ទាំងអស់ គឺថា​គាត់​បានបណ្ដុះ​មនសិការ​ស្នេហាជាតិ​មែនទែន ដែលយើងមិននឹកស្មាន (ដល់)។ (...) មានអ្នក​នយោបាយ​ខ្លះ និងមានអ្នកភៀសខ្លួនមួយចំនួន គាត់មិនបានចាប់ភ្លឹក នឹកឃើញទៅមើលអង្គរវត្តនោះទេ។ ប៉ុន្តែ ភរិយា និង​កូនៗ របស់លោកបណ្ឌិត កែម ឡី ថ្ងៃចុងក្រោយមុនគាត់ចាកចេញ ពីទឹកដីកម្ពុជា គឺគាត់បានទៅ​ទឹកដី​អង្គរវត្ត ដែល​ជាមរតក​ដូនតា​របស់យើង​បន្សល់ទុកមក។»។

ភៀសខ្លួនចេញពីមាតុភូមិ បណ្ដាលមកពីអ្វី?

លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​ដ៏ល្បីឈ្មោះ ត្រូវបាន​ខ្មាន់​​កាំភ្លើង​​​បាញ់​​សម្លាប់ ស្លាប់នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និងមួយ​គ្រាប់​​ទៀត ចំ​ទ្រូង។ ករណីបាញ់សម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុងហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈសាខាស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។

សម្រាប់អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី វិញ ប្រសិនជានៅមុនការបាញ់សម្លាប់លោក កែម ឡី​ អ្នកស្រី​មិន​សូវ​ជា​មាន​អ្នក​ស្គាល់ ជាទូទៅក្នុងចំណោមមហាជនក៏ដោយ តែអ្នកស្រីក៏ធ្លាប់ជាអ្នកគាំទ្រ និងឧបត្ថម្ភ ចំពោះ​សកម្មភាពស្វាមីអ្នកស្រី ដែលអ្នកស្រីហៅថា ជាកិច្ចការដើម្បី«ជាតិខ្មែរ»។ ខាងក្រោមនេះ ជាពាក្យ​សំដី​ដ៏​កម្រ​មួយ ដែលអ្នកស្រីបានបង្ហោះ នៅលើគណនីហ្វេសប៊ុក «Rachna Bou» បន្ទាប់ពីមរណភាព​របស់​លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា៖

បើតាមសង្ឃដីកា របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាស្ថាបនិកបណ្ដាញ​ព្រះសង្ឃឯករាជ្យ បានអះអាងថា អ្នកស្រី ប៊ូ រចនា និងកូនប្រុសទាំង៤ ដែលជាសាច់ឈាមបង្កើត​របស់លោក កែម ឡី បានចាកចេញយ៉ាង​ស្ងាត់​ស្ងៀម ពីប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ​ទី២៨ ខែសីហានេះ ដោយបន្សល់ទុក នូវលិខិតបណ្ដាំ ផ្ទេរសិទ្ធិ​ឲ្យ​គណៈកម្មាការ​រៀបចំបុណ្យសព ដែលមានព្រះអង្គជាសមាជិក នូវភារកិច្ចក្នងការរៀបចំ ធ្វើបុណ្យរំលឹកខួប​១០០ថ្ងៃ ឧទ្ទិស​ជូន​លោក កែម ឡី នៅដើមខែតុលាខាងមុខនេះ។ 

ប្រភពព័ត៌មាន ពីព្រលានយន្ដហោះអន្តរជាតិ ទាំងនៅភ្នំពេញ ទាំងនៅសៀមរាប បានបង្ហើបឲ្យទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ​ដឹងថា គេមិនឃើញក្រុមគ្រួសារលោក កែម ឡី មានវត្តមាន នៅក្នុងព្រលានយន្ដទាំងពីរ នៅ​ក្នុង​ប៉ុន្មានថ្ងៃចុងក្រោយនេះទេ។ ព័ត៌មាននេះ ធ្វើឲ្យគេគិតថា អ្នកស្រី ប៊ូ រចនា និងកូន ទំនងជាមិនបាន​ជ្រើស​រើស​មធ្យោបាយ ជិះយន្ដហោះ ដើម្បីចាកចេញ​ពីប្រទេសកម្ពុជា​នោះ​ឡើយ ហើយការចាកចេញ ទៅកាន់​ក្រុង​សៀមរាប និងទស្សនាប្រាង្គប្រាសាទ អង្គរវត្តនោះ អាចជាផ្នែកមួយ នៃដំណើរភៀសខ្លួន ចេញពី​មាតុភូមិ​កំណើត​របស់​ខ្លួន តាមព្រំដែន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...