ពន្យល់​ច្បាប់៖ ប្តី​ប្រពន្ធ​ដែល​លែង​គ្នា រួច​​ត្រូវ​​គ្នា​វិញ ត្រូវ​មាន​លិខិត​អាពាហ៍​ពិពាហ៍​«ថ្មី»

ការផ្តាច់ចំណងអាពារពិពារណ៍ស្របច្បាប់ របស់បុគ្គលពីរនាក់ តាមរយៈតុលាការ មានន័យថា ជាការលុបចោល ឬផ្តាច់ទំនាក់ទំនង ជាប្តី-ប្រពន្ធស្របច្បាប់។ លិខិតអាពាហ៍ពិពាហ៍ចាស់ ដែលធ្លាប់មាន ក៏ត្រូវបានលប់ចោល ដោយអំណាចសាលក្រមដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី ១៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: សិក្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការការស្នើសុំ ពីប្រិយមិត្តអ្នកអាន ឲ្យជួយបកស្រាយពីការផ្តាច់ (រំលាយ) ចំណងអាពាហ៍ពិពាហ៍មួយ (ចាស់) ដោយតុលាការ ហើយចង់ផ្សារភ្ជាប់ អាពាហ៍ពិពាហ៍ចាស់នេះឡើងវិញ ឲ្យស្របតាមផ្លូវច្បាប់ តើត្រូវធ្វើយ៉ាងណា?

ដើម្បីដោះស្រាយនូវចម្ងល់របស់ប្រិយមិត្ត ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការបកស្រាយ និងពន្យល់លើបញ្ហានេះ ពីសំណាក់លោកមេធាវី សុខ សំអឿន និងជានាយកប្រតិបត្តិ នៃអង្គការមិនមែនរដ្ឋាភិបាលមួយ ហៅថា ក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។ លោកជាអ្នកឯកទេសច្បាប់ ដ៏ល្បីឈ្មោះម្នាក់ នៅកម្ពុជា។ លោកក៏ជាអ្នកតាក់តែងសៀវភៅច្បាប់ជាច្រើន ហើយក៏ជាអ្នកបានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ ដល់មន្រ្តីសិទ្ធិមនុស្ស មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការមួយចំនួនដែរ។

លោកមេធាវីបានធ្វើការពន្យល់ថា ចំណងអាពាហ៍ពិពាហ៍មួយត្រូវបានកាត់ផ្តាច់ ដោយសាលក្រម ឬសាលដីកាតុលាការ មានន័យថា ចំណងអាពាហ៍ពិពាហ៍ដែលមានរវាងប្តី និងប្រពន្ធពីពេលមុនមកនោះ ត្រូវបានរំលាយចោលតាមអំណាចសាលក្រម ឬសាលដីកាតុលាការក្រោយពេលចូលជាស្ថាពរ។

តាមច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារមានត្រា៦៩ បានចែងថា៖ «ការលែងលះគ្នា រំសាយអានុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ»។

សំនួរប្រិយមិត្តម្នាក់សុំមិនបង្ហាញអត្តសញ្ញាណ បានលើកឡើងថា ដើមឡើយ នាងបានលែងលះជាមួយប្តី ដោយបានឡើងតតាំងរហូតដល់តុលាការ និងមានទាំងសាលក្រមជាស្ថាពរទៀត។ នាងបន្តថា មិនយូរប៉ុន្មាន នាងនិងប្តីរបស់នាង​បានត្រូវគ្នាវិញ ហើយបន្តរស់នៅជាមួយគ្នា ក្រោយពីសាលក្រម របស់តុលាការលែងលះនោះដដែល អស់រយៈពេលជាងពីរឆ្នាំមកហើយ។ នាងចង់សួថា តើករណីនៃការរស់នៅរបស់នាង ជាមួយប្តី (ប្តីក្នុងចំណងអាពាហ៍ពិពាហ៍មុន) ពេលនេះ ស្របតាមច្បាប់ដែរ ឬទេ? ហើយលិខិតអាពាហ៍ពិពាហ៍ពីមុន របស់នាង អាចយកមកប្រើប្រាស់ជាធម្មតា តាមផ្លូវច្បាប់ ដូចមុនពេលឡើងតុលាការបានឬទេ?

បញ្ហាខាងលើត្រូវបានលោកមេធាវី សុខ សំអឿន ធ្វើការបកស្រាយថា ការវិលមករស់នៅជាមួយគ្នានេះ អាចកើតមាន តែចំពោះចំណងញាត្តិព័ន្ធប៉ុណ្ណោះ។ តែចំណងផ្លូវច្បាប់មិនមាននោះឡើយ។ លោកបានពន្យល់ថា ព្រោះចំណងអាពាហ៍ពិពាហ៍«ចាស់»ត្រូវបានផ្តាច់ (រំលាយ) ដោយសាលក្រមតុលាការហើយ។

លោក មេធាវីបានបញ្ជាក់ពីវិធីងាយៗ ក្នុងការ«ផ្សារភ្ជាប់»ចំណងអាពាហ៍ពិពាហ៍រវាងប្តី និងប្រពន្ធ ដដែលនេះថា គ្រាន់តែអ្នកទាំងពីរ (ប្តី-ប្រពន្ធ) ត្រូវនាំគ្នាទៅចុះលិខិតអាពាហ៍ពិពាហ៍«ថ្មី» នៅឃុំសង្កាត់ កន្លែងដែលខ្លួនមានចំណងអាពាហ៍ពិពាហ៍«ចាស់» ឬឃុំ សង្កាត់ផ្សេងទៀតបើអាច នោះជាការស្រេច។

លោកបានពន្យល់ពីផលវិបាកក្នុងការ មិនបានទៅចុះលិខិតអាពាហ៍ពិពាហ៍ថ្មី សម្រាប់ប្តី-ប្រពន្ធចាស់នោះថា បើទោះអ្នកទាំងពីរនោះ មានចំណងអាពាហ៍ពិពាហ៍ចាស់ក៏ដោយ តែបើមិនបានចុះលិខិតអាពាហ៍ពិពាហ៍ថ្មីនោះទេ មានន័យថា អ្នកទាំងពីរនោះកំពុងរស់នៅ ដោយមានលក្ខណៈជាសង្សា ឬគេហៅថា«អនីតិសង្វាស»។ ករណីនេះ សូម្បីតែកូនដែលកើតមក ក្នុងអំឡុងពេលនោះ (ដែលគ្មានចំណងអាពាហ៍ពិពាហ៍ថ្មីតាមច្បាប់) គឺជាកូន«ឥត»ខាន់ស្លា។

ឯទ្រព្យសម្បត្តិវិញ ត្រូវបានលោកពន្យល់ថា នៅតែជាទ្រព្យដោយឡែក មិនមែនជាទ្រព្យរួមទេ ភាគីណាមានប៉ុន្មាន គឺយកប៉ុននោះ មិនអាចធ្វើការទាមទារឡើយ ក្រោយពេលមានការបែកបាក់ជាថ្មីនោះ។ លោកបន្ត តែបើទោះជាទ្រព្យដាក់រួមក៏ដោយចុះ បើមានបញ្ហាក្នុងការបែងចែកទ្រព្យសម្បត្តិ ហើយគ្មានអ្វីបញ្ជាក់ច្បាស់លាស់ទេ នៅតែចាត់ទុកថា ជាទ្រព្យដោយឡែកដដែល ដោយផ្អែកតាមភស្តុតាង ឯកសារ។ ហើយទ្រព្យសម្បត្តិនោះ ក៏មិនអាចយកមកធ្វើការបែងចែកជាពីរបានដែរ។

តាមច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារមានត្រាមាត្រា៧០ បានចែងថា៖ «ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែក ទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិដែលខ្លួន បានទទួលជាមត៌កភក្ដី ជាអំណោយក្ដីជាអច្ច័យទានក្ដី ក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួម ពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេស និងតាមសំណើរររបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដី ចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាងលើបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម។ ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃ ស្មើនឹងការងារផលិតកម្ម។» រីឯមាត្រា ៧១ ក៏បានចែងដែរថា៖ «ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់ របស់សហព័ទ្ធម្នាក់ ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែសងតំលៃទ្រព្យនោះវិញ»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...