សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ

«អង្ករកម្ពុជា»ត្រូវបានទទួលស្គាល់ថា ជាអង្ករល្អដាច់គេក្នុងលោក នារយៈកាលបីឆ្នាំចុងក្រោយ បន្តបន្ទាប់គ្នានេះ។ ទោះយ៉ាងនេះក្តី អង្ករកម្ពុជា នៅមានបញ្ហាជាច្រើននៅឡើយ ក្នុងការនាំចេញទៅកាន់បរទេស។
សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បើក​មហា​សន្និបាតលើក​ទី​មួយ
ស្រូវពេលរៀបដាក់ផ្លែ។ (រូបថតឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី៦ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 15, 2015
  • ប្រធានបទ: ពាណិជ្ជកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំមួយ ដើម្បីពិនិត្យមើលពីលទ្ធភាពការងារ ការដោះស្រាយបញ្ហា រួមទាំងសកម្មភាពនានា ដែលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានសកម្មភាពនាំអង្ករចេញ ទៅក្រៅប្រទេសផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានលើកឡើងថា៖ «ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា ពិសេសក្នុងការប្រកួតប្រជែងទីផ្សារក្រៅប្រទេស គេត្រូវសហការរួមគ្នាជាប្រព័ន្ធមួយ ដើម្បីអាចបង្កើនភាពប្រកួតប្រជែង និងធានាបាននូវគុណភាពខ្ពស់ របស់អង្ករកម្ពុជា។»

តាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា អ្នកធ្វើការពាក់ព័ន្ធវិស័យស្រូវអង្ករ ប្រមាណជាង២០០នាក់ នឹងចូលរួមក្នុងមហាសន្និបាតនេះ។ ក្នុងនោះ ក៏មានវត្តមានរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, ម្ចាស់រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុននាំអង្ករចេញ, សហគមន៍កសិករ, ក្រុមហ៊ុនដឹកជញ្ជូន និងដៃគូពាក់ព័ន្ធដទៃទៀត។

សូមរំលឹកថា កាលពីចុងឆ្នាំ២០១៤ លោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០១៥ កម្ពុជានឹងនាំចេញឲ្យបាន១លានតោន។ តែការរំពឹងនេះលោកហាក់ ដូចជាបាត់បង់នូវការជឿជាក់ ព្រោះតែលោកបានថ្លែងបន្តថា ដោយសារតែកង្វះសមត្ថភាពម៉ាស៊ីនកិនស្រូវ និងកង្វះថវិកាសម្រាប់វិនិយោគលើវិស័យនេះ។

ក្នុងកិច្ចសម្ភាសជាមួយកាសែត AKP កាលពីថ្ងៃទី៥ ម្សិលម៉ិញនេះ អនុប្រធានការិយាល័យផ្នែកកិច្ចការពិព័រណ៍ក្រៅប្រទេស នៃក្រសួងពាណិជ្ជកម្ម លោក ស៊ីន សារ៉ាយ បានបង្ហាញថា ក្រសួងកំពុងតែផ្សព្វផ្សាយដល់ក្រុមហ៊ុន និងអាជីវករ ពាណិជ្ជករនៅក្នុងស្រុកទាំងអស់ ដែលមានបំណងចង់នាំយក នូវផលិតផលនានា ពិសេសផលិតផលអង្ករ ដាក់តាំងពិព័រណ៍នៅក្នុងប្រទេសបារាំង ក្នុងខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ។ លោកថា នឹងគាំទ្រលើផ្នែកសេវាកម្មច្បាប់ និងការជួយសម្រួលដល់កានាំចេញ ដើម្បីការផ្សព្វផ្សាយ និងការទាក់ទាញសម្រាប់ផលិតផលកម្ពុជា។

តាមតួរលេខឆ្នាំ២០១៤ បានបញ្ជាក់ថា កម្ពុជាបាននាំអង្ករចេញ ប្រៀបធៀបទៅឆ្នាំមុន កើនបានត្រឹមតែ២%ប៉ុណ្ណោះ ខណៈការនាំអង្ករចេញពីកម្ពុជា ក្នុងឆ្នាំ២០១៤ មិនបានដល់៤សែនតោនផងនោះ។ ក្នុងនោះ កម្ពុជាបាននាំចេញ ទៅកាន់បណ្តាប្រទេសចំនួន២៧ ក្នុងពិភពលោក រួមមានប្រទេសចំនួន ១៦នៅអឺរ៉ុប ២ប្រទេសនៅអាស៊ាន និង៩ប្រទេសទៀត នៅតំបន់ទីទៃពីគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...