ព្រមានហៅកសិករឲ្យ«បិទផ្លូវជាតិ»ចូលមករាជធានី បើស្រូវមិនបានថ្លៃ
បាតុកម្ម - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាប្រជាកសិករអ្នកបង្កបង្កើនផល មិនបានទទួលលទ្ធផលគួរជាទីគាប់ចិត្តនោះឡើយ ពីកសិផលដែលពួកគាត់ធ្វើបាន។ ពួកគាត់ដែលច្រួតកាត់រួច បានរំពឹងថាតម្លៃស្រូវនឹងឡើងថ្លៃ ដោយសារតែទឹកជំនន់បានបំផ្លាញផលស្រូវ អស់ជាច្រើនហិចតានោះ តែផ្ទុយទៅវិញ មិនត្រឹមតែមិនកើនឡើងនោះទេ តែតម្លៃស្រូវបែរចុះថោកជាងឆ្នាំមុនទៅទៀត។
នៅក្នុងបាតុកម្មសុំបញ្ចុះតម្លៃសាំង ដែលដឹកនាំដោយសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០១៣ លោក ផេង សាវឿន មន្ត្រីមួយរូបមកពីសហព័ន្ធសហគមកសិកម្ម បានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អួន ព័ន្ធមុន្នីរ័ត្ន ធ្វើយ៉ាងណាតម្លើងតម្លៃកសិផលដែលច្រូតកាត់ហើយអោយបានថ្លៃមួយគីឡូក្រាម មួយពាន់ប្រាំរយរៀល។ មន្ត្រីសហព័ន្ធរូបនេះ បានថ្លែងទៀតថា «ច្រកមួយចំនួនដែលនាំស្រូវទៅវៀតណាម ឈ្មួញអោយតែមួយគីឡូតែប្រាំរយរៀលនោះទេ ហើយកសិករនៅពាក់បំណុលធនាគរ ម្នាក់ពីររយ ទៅបីរយដុល្លា។ ដូច្នេះយើងសូមអំពាវនាវអោយក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម ជួយរកទីផ្សារជូនកសិករ។»
នៅក្នុងចំណោមបាតុករ ដែលរួមមានព្រះសង្ឃ អ្នករត់ម៉ូតូឌុបកង់បីផងនោះ លោក ផេង សាវឿន បានព្រមានទុកជាមុន ក្នុងករណីមិនមានការដោះស្រាយ តាមការទាមទារបស់បាតុករថ្ងៃនេះ ដោយបានប្រកាសថា «ខ្ញុំនឹងប្រាប់កសិករអោយបិទផ្លូវជាតិទាំងអស់ ចូលមករាជធានីភ្នំពេញ ដោយជិះគោយន្ត។ បើទោះជាថ្ងៃមុននាយករដ្ឋមន្រ្តីគម្រាមថា បើបិទផ្លូវដូចបិទឈាមខ្លូនឯងក៏ដោយ ខ្ញុំសួមប្រាប់ទៅវិញថា កសិករទាំងអស់ដល់កហើយ គាត់មិនខ្វល់ទៀតទេ ដាក់អង្ករតែកន្លះតៅ និងចានឆ្នាំងមក អាចធ្វើបាតុកម្មបានពីរខែ។»
ការទាមទាររបស់មន្ត្រីសង្គមស៊ីវិល ឯកទេសខាងកសិកម្មរូបនេះ បានធ្វើឡើងចំពេលដែលរលកបាតុកម្ម បានផ្ទុះឡើងព្រោងព្រាតទាមទារឲ្យដោះស្រាយ និងប្រឆាំងទៅនឹងអ្វីដែលក្រុមបាតុករមិនសុខចិត្ត ព្រមទាំងមាននិន្នាការស្និតនៅគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។ ដោយឡែកបាតុករមួយក្រុម ប្រមាណជា៥០០នាក់ (តាមតួលេខផ្ដល់ដោយអ្នករៀបចំបាតុកម្ម៖ ២ពាន់នាក់) នេះ បានដង្ហែក្បួនរបស់ខ្លួនចេញពីទីស្នាក់ការ របស់សមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាំងពីព្រឹកព្រលឹម ហើយបានធ្វើការទាមទាររបស់ពួកគេ នៅពីមុខទីតាំងច្រើនកន្លែង ក្នុងនោះមានទីស្ដីការគណរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងត្រូវបានបំបែកជួរ នៅវេលាម៉ោង២កន្លះរសៀល។
គោលបំណងសំខាន់ៗ របស់បាតុករមួយក្រុមនេះ គឺទាមទារឲ្យរដ្ឋាភិបាល ចាត់វិធានការបញ្ចុះតម្លៃប្រេងសាំងឲ្យមកនៅត្រឹម ៤ពាន់រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃទំនិញដទៃទៀតនៅលើទីផ្សារ ហើយដំឡើងប្រាក់ខែគោល សំរាប់កម្មករគ្រប់វិស័យយ៉ាងហោចណាស់ ១៦០ដុល្លាក្នុងមួយខែ និងបង្កើនតម្លៃកសិផលរបស់កសិករ ដូចជាស្រូវឲ្យមានតម្លៃជាមធ្យមចាប់ពី ១.៥០០រៀលឡើងទៅក្នុងមួយគីឡូក្រាម ព្រមទាំងទាមទារឲ្យដោះស្រាយបញ្ហាផ្សេងៗមួយចំនួនទៀត។
យ៉ាងណាក៏ដោយ ទាក់ទងនឹងតម្លៃស្រូវដែលធ្លាក់ចុះនេះ លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ធ្លាប់បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ថា «មូលហេតុនៃការធ្លាក់ (តម្លៃស្រូវ) បណ្តាលមកពី ដោយសាររដូវនេះជារដូវប្រមូលផល ហើយកសិករនាំគ្នាសម្រុកលក់ ម្យ៉ាងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ និងមួយវិញទៀត ដោយកម្ពុជាមិនមានទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវស្តុកទុក។»
រហូតមកដល់ពេលនេះ ទស្សនាវដ្ដីនៅមិនទាន់ទទួលបានប្រតិកម្ម ពីសំណាក់រដ្ឋាភិបាល ឬពីក្រសួងពាក់ព័ន្ធនោះនៅឡើយ ទាក់ទងនឹងការទាមទាររបស់ក្រុមបាតុករខាងលើ ដោយទំនងជាមកពីថ្ងៃធ្វើបាតុកម្មនេះ ជាថ្ងៃអាទិត្យឈប់សម្រាកចុងសប្ដាហ៍៕
-----------------------------------------------
ដោយ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ