សង្គម​ស៊ីវិល ព្រមាន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​អនុម័ត​ច្បាប់ NGOs

ក្រុមអង្គការសង្គមស៊ីវិលជាច្រើន មកពីតាមបណ្តាខេត្តក្រុងននា បានស្នើឲ្យគណបក្សនយោបាយទាំងពីរ ដែល​មាន​អសនៈ​ក្នុង​រដ្ឋសភា បញ្ឈប់ការអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងមិនបោះឆ្នោតឲ្យគណបក្សណា ដែលលើកដៃអនុម័តច្បាប់នេះឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 24, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការសំដែងមតិមួយ របស់តំណាងអង្គការសមាគម ប្រមាណជាង២០០នាក់ របស់ត្រូវបានធ្វើឡើង ក្នុងនាម​ជា​ប្រជាពលរដ្ឋ ឬជាម្ចាស់ឆ្នោតម្នាក់ ដោយស្នើទៅតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងអស់ ដែលជាតំណាង​របស់ខ្លួន​ថា ពួកគេនឹងមិនបោះឆ្នោត គាំទ្រតំណាងរាស្រ្ត ឬបក្សណា ដែលបានចូលរួមគាំទ្រ ទៅលើការអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមា គម និងអង្គការក្រៅរដ្ឋាភិបាលខាងលើនោះឡើយ។ ការសំដែងមតិ របស់ពួកគេបាន​ធ្វើ​ឡើង នៅមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ដោយមានការដាក់ញត្តិ សម្តែងការមិនពេញចិត្ត និងមិន​គាំទ្រ ទៅលើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះផង។

ក្រុមមន្ត្រីមកពីអង្គការសមាគមន៍ទាំងនោះ សុទ្ធតែបានសំនូមពរ ទៅគណបក្សដែលមានសម្លេង នៅក្នុងរដ្ឋ​សភា​ទាំងអស់ ឲ្យធ្វើការពិចារណា និង«គិត»ឡើងវិញ ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចេញច្បាប់នេះ។ មន្ត្រីជាន់​ខ្ពស់​មួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានថ្លែងព្រមានថា គណបក្ស​ប្រជាជនកម្ពុជា បានដឹងច្បាស់ហើយថា ហេតុអ្វីបានជា កន្លងមក គណបក្សនេះទទួលការធ្លាក់ចុះយ៉ាងខ្លាំង នៃ​ប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋ លើគណបក្សរបស់ខ្លួននោះ។ ដូច្នេះបើសិនជាសេចក្តីព្រាង​ច្បាប់​មួយនេះ ចេញមកទៀតនោះ រិតតែធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កាន់តែថមថយ នូវការគាំទ្រកាន់តែខ្លាំង​ឡើង ពិសេសពីប្រជាពលរដ្ឋផ្ទាល់តែម្តង។ លោក សំអាត បានថ្លែងឡើងថា៖ «សូមកុំអនុម័តច្បាប់នេះ ដើម្បីទប់ ឬ​បង្កើន​ប្រជាប្រិយភាព។ ការគិតបែបនេះ អាចជាការគិតខុស។ ឃើញទេ ពួកគាត់បានស្រែកហើយថា បើសិន​គណបក្ស​ណាមួយ ដែលចូលរួមអនុម័តសេចក្តីព្រាងច្បាប់នេះ សូមកុំបោះឆ្នោតឲ្យ។ អានេះហើយ ដែល​វា​ពាក់​ព័ន្ធនឹងប្រជាប្រិយភាពតទៅទៀត។»

ចំណែកលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការចេញនូវសេចក្តីព្រាង​ច្បាប់​សមាគម និងអង្គការក្រៅរដ្ឋាភិបវាលពេលនេះ ព្រោះតែរដ្ឋាភិបាលខ្លាច និងព្យាយាមបំបិទសិទ្ធិសេរីភាព សង្គម​ស៊ីវិលទាំងនោះ មិនឲ្យមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមសកម្មក្នុងកិច្ចការ ការពារច្បាប់ និងសិទ្ធិមនុស្ស​នៅ​កម្ពុជា ដែលរដ្ឋាភិបាលខ្លួនឯង កំពុងព្យាយាមរំលោភបំពាន តាមរយៈអាជ្ញាធរសាធារណៈ ឬការបំពាន ដោយ​មន្រ្តី​ក្រោមឱវាទរសប់ខ្លួនជាដើម។ មានវត្តមាន នៅក្នុងចំណោមអ្នកតវ៉ារាប់រយនាក់ លោក វ៉ន ពៅ ដែលធ្លាប់​ត្រូវបានជាប់ពន្ធនាគារ ជាច្រើនខែនោះ បានថ្លែងឡើងថា៖ «អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ជាផ្នែក​មួយ​ជួយជាតិជួយសង្គម។ ជាផ្នែកមួយក្នុងការទាមទារ និងរកយុត្តិធម៌ជូនជនរងគ្រោះ និងក៏ជាចរន្តមួយ ដែលជួយ​រុញមុខមាត់រដ្ឋាភិបាល លើឆាកអន្តរជាតិ (…) ជាកម្លាំងមួយ ដែលនាំបញ្ហាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ទៅ​កាន់​តំណាងរាស្រ្ត ក៏ដូចជារាជរដ្ឋាភិបាល។ (…) យើងបានប្រកាសជំហរថា… យើងនឹងមិនបោះឆ្នោតឲ្យ​គណបក្ស​នោះទេ។ មិនមែនមានន័យថា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទេ តែមិនឲ្យបោះឆ្នោតឲ្យ​គណបក្ស​ណា ដែល​អនុម័តលើច្បាប់នេះ។»

ចេញមកជួបក្រុមអង្គការសង្គមស៊ីវិលទាំងនេះ នៅមុខរដ្ឋសភា លោក សុន ឆ័យ តំណាងរាស្រ្ត មកពី​គណបក្ស​សង្គ្រោះជាតិ បានលើកឡើងថា លោកមិនគាំទ្រចំពោះការយកច្បាប់មួយ ដែលប៉ះពាល់ដល់​ផលប្រយោជន៍​អង្គការ សង្គមស៊ីវិល សមាគម ដោយគ្មានការពិគ្រោះយោបល់ ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយដាក់ឲ្យមានការ​អនុម័ត ដោយតក់ក្រហល់នោះឡើយ។​ លោក សុន ឆ័យ នសន្យាថា និងព្យាយាម ក្នុងការពន្យាពេលច្បាប់​នោះ មិនឲ្យដាក់ក្នុងការអនុម័ត យ៉ាងលឿនដូច្នេះឡើយ។ លោកថា ច្បាប់នេះអាចនឹងអនុម័តទៅបាន លុះណាមាន​ការ​ឆ្លងកាត់ ពីការពិភាក្សា និងពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ និងទទួលយកអនុសាសន៍របស់ពួកគេ មក​បញ្ចូល​ក្នុងសេចក្តីព្រាងច្បាប់នេះ ពិសេសអង្គការសង្គមស៊ីវិល។

តំណាងរាស្ត្រមណ្ឌលភ្នំពេញ មកពីគណបក្សប្រឆាំង បានថ្លែងឡើងថា៖ «មិនមែនគ្រាន់តែយកយោបល់ គ្រាន់​តែយកយោបល់ ហើយធ្វើច្បាប់(ចាស់)ដដែលនោះទេ។ ត្រូវយកយោបល់អង្គការក្រៅរដ្ឋាភិបាល សមាគម​ទាំង​អស់ យកមកជាមូលដ្ឋាន ដើម្បីរៀបរយច្បាប់មួយ។ (…) អង្គការទាំងអស់ បានធ្វើការជួយសង្គមជាច្រើន ដែល​រដ្ឋាភិបាលមិនបានធ្វើ។»

ច្បាប់ NGO ថ្មី របស់គណបក្សសង្គ្រោះជាតិ

លោក សុន ឆ័យ បានថ្លែងឲ្យដឹងទៀតថា បើរដ្ឋាភិបាននៅតែទទូចដាច់ខាត ចង់បានច្បាប់មួយនេះនោះ គណបក្ស​សង្គ្រោះជាតិ មានពង្រាងច្បាប់មួយថ្មី ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ ដើម្បីដាក់ឲ្យ​រដ្ឋសភាអនុម័ត។ លោក បានថ្លែងថា៖ «បើកាលណាត្រូវតែធ្វើ ត្រូវតែយក(ពង្រាង)ច្បាប់យើង ទៅពិចារណា​ដែរ។ (…) គណកម្មការឥឡូវ មិនមែនសមាសភាព មកពីគណបក្សប្រជាជនទាំងអស់ទេ មានមកពីគណបក្ស​សង្គ្រោះជាតិដែរ។ យើងនឹងសាកល្បងតាមន្រ្តីរបស់យើង ក្នុងគណកម្មការទាំងឡាយដែលថា អាចទៅពិនិត្យ​សេចក្តីព្រាងនេះ។ បើធ្វើមិនបានទេ យើងនឹងស្នើឲ្យធ្វើវិសោធនកម្ម មួយទៀត។ គណបក្សសង្គ្រោះជាតិ មិន​អាច​ចូលរួមគាំទ្រច្បាប់ ដែលប៉ះពាល់ដល់សិទ្ធិពលរដ្ឋទេ។»

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ម្សិលម៉ិញនេះ នាវិមានរដ្ឋសភា ក្នុងជំនួបជាមួយអង្គការសង្គម​ស៊ីវិល លោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច នៃរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ បាន​លើក​ឡើងថា ច្បាប់នេះពុំចាំបាច់មានឡើយ។ តែបើរដ្ឋាភិបាលចង់បានច្បាប់មួយនេះ ដូច្នេះគេត្រូវធ្វើច្បាប់មួយ​ដែល​សមស្រប ហើយឆ្លើយតប ទៅនឹងសេចក្តីត្រូវការ និងភាពចាំបាច់ជា«អាទិភាព» របស់ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី បានបញ្ជាក់ដុច្នេះថា៖ «គម្រោងច្បាប់នេះ បើអនុវត្តនៅពេលនេះ ដូចជាមិនចាំបាច់។ ហើយបើ​អនុវត្ត​ចេញតាមរូបភាព ដែលគេយកមកឲ្យយើងមើលនោះ ឃើញថា ស្ថានការវាកាន់តែអាក្រក់ថែមទៀត។ យើង​មាន​បញ្ហាប៉ុណ្ណឹងហើយ មិនចាំបាច់បង្កើតបញ្ហាថ្មីទេ។ ឲ្យសង្គមស៊ីវិល គេដំណើរការដូចគេដំណើរការ មក​ទល់​នឹង​ពេលនេះទៅ។»

យ៉ាងណាក្នុងថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាបានប្រជុំ និងសម្រេចបញ្ជូនសេចក្តី​ព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅកាន់គណៈកម្មការជំនាញ បីទៀត ដើម្បីពិនិត្យ ពិភាក្សា មុននឹងសម្រេចចិត្ត បញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅសភាពេញអង្គ ដើម្បីធ្វើការអនុម័ត។ ការ​សម្រេច​នោះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំដោយបិទទ្វារ ក្រោមប្រាំបួនសម្លេង មកពីគណបក្សប្រជាជនកម្ពុជា ឯកភាព​ឲ្យ​ដាក់ច្បាប់នេះអនុម័ត និងបី(៣)សំឡេងមកពីគណបក្សសង្គ្រោះជាតិ ទាមទារឲ្យបង្វិលសេចក្តីព្រាងច្បាប់​នេះ ទៅកាន់រដ្ឋាភិបាលដើម្បីពិនិយ្យឡើងវិញ។

រីឯអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន វិញ បានលើកលើងថា កម្ពុជាល្មមដល់ពេល ដែលត្រូវមានច្បាប់មួយ សម្រាប់គ្រប់គ្រង សមាគម និងអង្គការសង្គមស៊ីវិលហើយ។ ប្រធានគណៈកម្មការទី២ នៃរដ្ឋសភារូបនេះ បាន​បន្ត​ថា ព្រោះបច្ចុប្បន្ននេះ សមាគម និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានកើនឡើង ជាងប្រាំពាន់សមាគម និង​អង្គការទៅហើយ ដូច្នេះចាំបាច់ត្រូវបានច្បាប់មួយគ្រប់គ្រង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...