កម្មករ​ថា​បើ​គ្មាន​កាត ហាម​ទៅ​បន្ទប់​ទឹក នៅ​រោងចក្រ​គានធិច

តើរោងចក្រណាខ្លះ ដែលតម្រូវឲ្យបុគ្គលិក ឬកម្មករត្រូវមានកាត ទើបអាចទៅបន្ទប់ទឹកបាន ហើយមិនត្រូវប្រើពេល លើសពី០៥នាទីនោះ?
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញថ្ងៃទី ២៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 24, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រោងចក្រហ្នឹង ទាល់តែមានកាត បានទៅបន្ទប់ទឹកបាន បើគ្មានទៅមិនបានទេ បើទៅ សន្តិសុខ​ឃើញចាប់​ទៅ​ព្រមាន បីដងដេញចេញពីរោងចក្រតែម្តង។ ចំងាយ ពីកន្លែងធ្វើការទៅបន្ទប់ទឹក ប្រមាណ១០០ម៉ែត្រ ថៅកែ​កំណត់​ម៉ោង ឲ្យទៅតែ០៥នាទីប៉ុណ្ណោះ» ទាំងនេះជាកាលើកឡើង របស់ ស្រីនឿន ដែលជាកម្មការនី​រោងចក្រ​«គានធិច» នៅឯស្រុកត្រាំកក់ ខេត្តតាកែវ។

នៅក្នុងទឹកមុខមិនសូវស្រស់ ដែលកំពុងឈរកាន់បដា តវ៉ានៅពីមុខវិមានរដ្ឋសភា ស្រីនឿន បានស្រដីថា ថៅកែ​រោងចក្ររបស់នាង មិនព្រមគោរពតាមពាក្យសន្យានោះទេ ដែលនៅក្នុងកិច្ចសន្យាការងារនោះ បានសរសេរ​ពី​ប្រាក់ខែគោល បន្ទាប់ពីធ្វើបានពីរខែ នឹងក្លាយជាបុគ្កលិកពេញសិទ្ធ ទទួលបានប្រាក់ខែ១២៨ ដុល្លាក្នុងមួយខែ។ តែបច្ចុប្បន្ន នាងធ្វើបាន០៥ខែហើយ បានតែ១២៣ដុល្លាប៉ុណ្ណោះ។ នាងបានបន្តថា មិនដូចអ្វី ដែលមាននៅក្នុង​កិច្ចសន្យាទេ លុយអាហារក៏គ្មាន សិទ្ធសេរីភាពក៏លំបាក សូម្បីតែទៅបន្ទប់ទឹក ក៏កំណត់ម៉ោងដែរ។

បញ្ហាលំបាកទាំងអស់នេះ មិនមែនមានតែនៅក្នុងរោងចក្រ «គានធិច» នោះទេ ដែលមានថៅកែ ជាជនជាតិ​ចិន​តៃវ៉ាន់នោះ ស្រីពេជ្រ ដែលកំពុងតែតវ៉ា និងធ្វើការដាក់ញត្តិ នៅមុខរដ្ឋសភា ជាមួយក្រុមសហជីពរបស់ខ្លូន ក៏​បាន​ថ្លែងឡើងដែរថា ការធ្វើកូដកម្មនេះ អស់រយៈពេល១២ថ្ងៃមកហើយ គោលបំណង សុំឲ្យថៅកែតម្លើងប្រាក់​ខែគោល១២៨ ដុល្លាដល់បុគ្គលិកពេញសិទ្ធ ចាប់ពី២ ខែឡើងទៅ និងទទួលយកប្រធានសហជីព ០៥រូប ដែល​ថៅកែបានបញ្ឈប់ និងផ្តល់លុយអាហារថ្ងៃត្រង់១ថ្ងៃ ២០០០រៀល ព្រមទាំងទាមទារ ឲ្យថៅកែរោងចក្រ​ឈប់​ប្រើច្បាប់ គាបសង្កត់លើកម្មករ នៅពេលធ្វើការ (ទាំងកាយវិការ និងពាក្យសម្តី)។

យ៉ាងណាក៏ដោយ ក៏អគ្គលេខាធិការសហព័ន្ធ សហជីពការងារកម្មករកម្ពុជា លោក ហៀក បូរី កាលពីព្រឹក​ថ្ងៃ​ទី២៣ ខែមិថុនា បានឲ្យដឹងថា ក្រុមកម្មករប្រមាណ ជាង២០០នាក់ខាងលើ ជាអ្នកធ្វើការ នៅក្នុងរោងចក្រ​ពីរ​ផ្សេងគ្នា ដែលកំពុងដាក់ញត្តិ នៅមុខរដ្ឋសភាទាមទារលក្ខខ័ណ មួយចំនួនពីរថៅកែរោងចក្រ ដែលតែងតែ​គម្រាម​ក្រុមកម្មករ មិនឲ្យផ្ទុះការតវ៉ាតម្លើងប្រាក់ខែ។ លោកថា កាលពីថ្ងៃទី២២ម្សឹលម៉ិញ ប្រធានផ្នែក​ជនជាតិ​ចិនទាំងនោះ បានទាំងប្រើរបងលួស និងបំពង់ពន្លត់អគ្គិភ័យ បាញ់រះទៅលើក្រុមកម្មករទៀតផង។

តែហេតុការណ៍ទាំងនោះ ត្រូវបានស្ងាត់ទៅវិញភ្លាមៗ ដោយមានកងកម្លាំងអាជ្ញាធរ ពីទីរួមខេត្តតាកែវ ដែល​ដឹកនាំ​ដោយលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចុះមកជួយធ្វើអន្តរាគមន៍ទាន់ពេល។ ការចុះផ្ទាល់នេះ លោកក៏បានដោះស្រាយ ជាមួយថៅកែរោងចក្រដែរ តែកម្មករថា នៅមិនទទួលបានលទ្ធផលសោះ ព្រោះ​ថៅកែ​រោងចក្រនោះ និយាយតែមាត់ មិនព្រមបោះត្រា នៅលើឯកសាររបស់កម្មករនោះទេ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងស្វែងរកទាក់ទង អ្នកទទួលខុសត្រូវ ពីរោងចក្រទាំងពីរខាងលើ ដើម្បីបក​ស្រាយពីការចោទប្រកាន់នេះ តែនៅមិនទាន់មានការឆ្លើយតប នៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...