បុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី ផ្ទុះកូដកម្មជាថ្មី
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ មានបុគ្គលិកផ្នែកបើកបររថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន៥៥នាក់ បានធ្វើកូដកម្មមិនចូលធ្វើការនៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ ការមិនចូលធ្វើការ ដោយសាររមានការបំភិតបំភ័យ ពីភាគីក្រុមហ៊ុនស៊ីនទ្រី និងការចោទប្រកាន់បុគ្គលិកថា បានលួចបូមប្រេងរបស់ក្រុមហ៊ុនលក់។
សកម្មភាពកូដកម្ម (រាំកំសាន្ដ) លើកមុន របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - រហូតមកដល់ពេលនេះ បើទោះជាភាគីក្រុមហ៊ុន បានសន្យាថានឹងដោះស្រាយបញ្ហា ជាមួយភាគីក្រុមកម្មករក៏ដោយ ក៏កម្មករដែលមានការភិតភ័យ ពីលទ្ធភាពចាប់ខ្លួន នៅមិនទាន់សម្រេចចូលធ្វើការនៅឡើយ ខណៈកម្លាំងកងរាជអាវុធសហត្ថ ដែលត្រូវបានដាក់ពង្រាយនៅជុំវិញក្រុមហ៊ុន ក៏មិនទាន់ត្រូវបានដកចេញដែរនោះ។ នេះជាការអះអាងរបស់លោក ប្រាក់ សុខា តំណាងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ នេះ។
តំណាងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីដដែលនេះ បានពន្យល់ថា បញ្ហាបូមប្រេងក្រុមហ៊ុនលក់ បញ្ហាដាក់ពង្រាយកម្លាំងកងរាជអាវុធហត្ថ បញ្ហាប្រាក់បំណាច់ឆ្នាំ និងបញ្ហាផ្សេងៗទៀតដែលនៅសេសសល់ គឺជាមូលហេតុដែលជំរុញឲ្យបុគ្គលិកធ្វើកូដកម្ម។ លោកប្រាក់ សុខា បញ្ជាក់ថា ៖ «គេ(ក្រុមហ៊ុនស៊ីនទ្រី)ព្រមព្រៀងដោះស្រាយឲ្យហើយ តែមិនទាន់ធ្វើ។ (... ) យើងកំពុងរង់ចាំគាត់ដើម្បីចូលទៅដោះស្រាយ។»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង តំណាងក្រុមហ៊ុនស៊ីនទ្រីលោក សេង សារី សុំធ្វើការអត្ថាធិប្បាយបានទេ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ ព្រោះទូរសព្ទហៅចូលហើយ តែគ្មានអ្នកទទួល។
សូមរម្លឹកថាកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យប្រសើរឡើង ក្រុមបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីប្រមាណជា៣០០ បានធ្វើកូដកម្មទ្រង់ទ្រាយធំ ដែលបន្យល់សំរាមស្ទើរពេញតាមដងផ្លូវនានា នៅរាជធានីភ្នំពេញ ម្តងរួចហើយ។ កាលនោះក៏មានការប្រឈមមុខគ្នារវាងក្រុមកម្មករ និងកម្លាំងកងរាជអាវុធហត្ថផងដែរ តែគ្មានការផ្ទុះអំពើហិង្សានោះទេ ខណៈបញ្ហាត្រូវបានដោះស្រាយ នៅពេលបន្ទាប់មក៕