យឹម សុវណ្ណ៖ បក្សប្រជាជនកម្ពុជាមិនហ៊ានកែទម្រង់ គ.ជ.ប
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រី្តអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈពិតប្រាកដ ក្នុងការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ (រូបថត គណបក្ស)
ការបោះឆ្នោត - ដោយដឹងខ្លួនថា បានចាញ់ការបោះឆ្នោតសកលឆ្នាំ២០១៣ និងភ័យខ្លាចការលាតត្រដាង ពីការពិត គណបក្សប្រជាជនកម្ពុជា បានពន្យាពេល និងប្រើយុទ្ធសាស្រ្តគ្រប់យ៉ាង ជាមួយគណបក្សសង្រ្គោះជាតិ សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីបញ្ចៀសការកែទម្រង់ពិតប្រាកដមួយ ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ នេះជាការអះអាងរបស់លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យ របស់គណបក្សសង្រ្គោះជាតិ ចំពោះមុខសកម្មជនរបស់ខ្លួន ក្នុងពិធីសម្ពោធទីស្នាក់ការថ្មីគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ។
សម្រាប់មន្រ្តីអ្នកនាំពាក្យ គណបក្សជំទាស់ដដែលនេះ បានពន្យល់ថា បន្ទាប់ពីការចរចាជាច្រើនលើក គណបក្សសង្រ្គោះជាតិ សង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាគ្មានឆន្ទៈពិតប្រាកដ ក្នុងការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយថាគណបក្សប្រជាជនកម្ពុជា មិនចង់កែទម្រង់តែម្តង។ លោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា៖ «ឥឡូវទាំងជាតិ និងអន្តរជាតិគេដឹង ហើយទាមទារត្រូវតែកែទម្រង់។ (...) តែបក្សប្រជាជនកម្ពុជាយកហាសិបបូកមួយដដែល អត់កែអ្វីទាំងអស់។»
ដើមខែកក្កដា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា បន្តការពាររូបមន្តហាសិបបូកមួយដដែល ហើយក៏មិន«ខ្វល់» ចំពោះការធ្វើពហិការរបស់គណបក្សសង្រ្គោះជាតិ មិនចូលប្រជុំសភានោះទេ ព្រោះប្រទេសកម្ពុជានឹងដំណើរការទៅមុខជាប្រក្រតី លើគ្រប់វិស័យ និងស្ថាប័នទាំងអស់ បើទោះជាមានតែគណបក្សប្រជាជនចូលប្រជុំសភា ក៏ដោយ។
ក្នុងពេលដែលរូបលោកធ្លាប់ស្នើ ឲ្យប្រទេសជប៉ុនជួយកម្ពុជា ក្នុងការកែទម្រង់គ.ជ.ប នោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយប្រមុខការទូតជប៉ុន ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ពីពេលថ្មីៗនេះ បានថ្លែងថា កម្ពុជានៅតែអាចកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានដោយខ្លួនឯង បើទោះជាគ្មានជំនួយពីបរទេសក៏ដោយ។
ចំពោះការទាមទារសំឡេងពីរភាគបី នៃសមាជិកសភាសម្រាប់អនុម័តសមាសភាព នៃ គ.ជ.ប ដោយគណបក្សសង្រ្គោះជាតិ ត្រូវបានអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានថ្លែងប្រាប់រដ្ឋមន្រ្តីការបរទេសជប៉ុន ហ្វូមីអូ ពីដើមខែកក្កដា ឆ្នាំ២០១៤ នេះ ថា៖ «ជាការសម្លាប់លិទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»៕