ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជាអ្នកបង្ហើបរឿង សម រង្ស៊ី និយាយថា ហ៊ុន ម៉ាណែត កូនយួន
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិនា ២០១៧
- កែប្រែចុងក្រោយ: March 06, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបង្ហើបជាសាធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ថាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួរគណបក្សប្រឆាំង គឺជា«ជនជិតដិត» ឬ«រនុកក្នុង» របស់លោក ហ៊ុន សែន នេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ។ នៅរសៀលថ្ងៃទី៦ ខែមិនានេះ លោក ហ៊ុន សែន បានចោទមន្ត្រីជាន់ខ្ពស់ និងជាអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិមួយរូបទៀត គឺជាអ្នកនិយាយប្រាប់លោក ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ជាអ្នកចោទប្រកាន់ថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាកូនអត់ខាន់ស្លារ កើតចេញពីការសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក និងលោក ឡេ ឌឹកថូ អតីតមេទ័ពយួន។
លោក ហ៊ុន សែន បានថ្លែងខ្លាំងៗដូច្នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ ទៅកាន់ក្រុមនិស្សិតបញ្ចប់ឆ្នាំសិក្សា នៃវិទ្យាស្ថានវ៉ាន់ដា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយបានព្រមានដោយចំមុខ ថាលោកនឹងមិនអត់អោន ឲ្យលោក សម រង្ស៊ី ដែលលោកថា ជាអ្នកលើកឡើង អំពីរឿងរ៉ាវដ៏អាស្រូវ និងដ៏ឈឺចាប់នេះឡើយ។ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំវៀតណាម ឡេ ឌឹកថូ ចោទថា កូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំវៀតណាម ឡេ ឌឹកថូ អ្នក[នោះ នឹង]មិនរួចខ្លួនទេ មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង បើអ្នកឯង មិនធ្វើសកម្មភាពណាមួយ ឲ្យខ្ញុំពេញចិត្តនោះទេ»។
«... មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង...»
នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនរង្គើពីតំណែង តាំងពីជាងបីទសវត្សន៍មកនោះ បានថ្លែងគម្រាមបន្តថា៖ «ខ្ញុំសូមប្រកាសជាសាធារណៈ ម៉ៅ មុន្នីវណ្ណ ដែលជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ បានវ៉ៃ[សារ]បញ្ជូនមកខ្ញុំ (...) នៅ[តាម] វ៉ាត់ស្អាប់ (WhatsApp) (...) នៅពេលនោះថា លោកពូ ខ្ញុំស្ដាប់ សម រង្ស៊ី និយាយផ្ទាល់ក្នុងអង្គប្រជុំ រួចហើយបានគេឲ្យគ្នាគេធ្វើ»។
បន្ទាប់មកលោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹង«ឲ្យ» សារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់ថា ជាអ្នកនាំពាក្យឲ្យលោក និងរដ្ឋាភិបាលរបស់លោកនោះ ចុះផ្សាយនៅវេលាល្ងាចនេះ ពីសាររបស់លោក ម៉ៅ មុន្នីវណ្ណ ដែលបានផ្ញើរទៅលោក។ លោកនាយករដ្ឋមន្ត្រី បានថែមទាំងប្រើប្រាស់ភាសាពន្យុះ ទៅកាន់គណបក្សសង្គ្រោះជាតិទៀតថា៖ «ឥឡូវបើអ្នកឯងចិត្តសឿង អ្នកឯងដេញ ម៉ៅ មុន្នីវណ្ណ ចេញពីបក្ស។ ម៉ៅ មុន្នីវណ្ណ ពីម្សិល មកទារអាំងប៉ាវពីខ្ញុំទៀត (...) ថាលោកពូ ជំពាក់អាំងប៉ាវធំ។»។
ភ្លាមៗនេះ គេមិនឃើញប្រតិកម្ម ពីលោក ម៉ៅ មុន្នីវណ្ណ ឬពីគណបក្សសង្គ្រោះជាតិនោះទេ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅខណៈនេះ ក៏កំពុងព្យាយាម ដើម្បីសុំការឆ្លើយតបពីលោក ម៉ៅ មុន្នីវណ្ណ នោះដែរ។
លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាច្រើនដង ដើម្បីឲ្យគេឯងជឿជាក់ថា លោកមានមនុស្សរបស់លោក ឬភ្នាក់ងារចារកម្ម ឬ«រនុកក្នុង»របស់លោក នៅគ្រប់ទីកន្លែងទាំងអស់។ កាលពីប៉ុន្មានឆ្នាំមុន លោក ហ៊ុន សែន ធ្លាប់បាននិយាយថា លោក សុន ឆ័យ ដែលជាមន្ត្រីជាន់ខ្ពស់ នៅក្នុងគណបក្សសង្គ្រោះជាតិ ក៏ជាមនុស្សរបស់លោកដែរ។ តែការប្រកាសនេះ ត្រូវបានលោក សុន ឆ័យ ថ្លែងចំអកឲ្យវិញថា គ្មានមេចារកម្មណាម្នាក់ ទៅនិយាយបង្ហើបមុខបង្ហាញភ្នាក់ងាររបស់ខ្លួន ឲ្យគេឯងស្គាល់ជាសាធារណៈដូច្នេះទេ ក្រៅតែពីលោក ហ៊ុន សែន ខ្លួនលោក មានល្បិចកលអ្វីផ្សេងនោះ។
កាលពីប៉ុន្មានសប្ដាហ៍មុន លោក ហ៊ុន សែន ក៏បានប្រកាសដែរថា លោកមានមនុស្សរបស់លោក ធ្វើការនៅក្នុងសារព័ត៌មានភ្នំពេញប៉ុស្ដ៍ ដែលគេស្គាល់ថា ជាសារព័ត៌មានឯករាជ្យមួយ នៅកម្ពុជា។ ហើយថ្មីៗ ចុងក្រោយបំផុតនេះ លោកនាយករដ្ឋមន្ត្រី ថែមទាំងប្រកាសទៀតថា ការផ្លាស់ប្ដូរមេដឹកនាំ នៅក្នុងគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុន គឺជាផែនការរបស់លោក។
«... បង្វែរអារម្មណ៍ កុំឲ្យពលរដ្ឋគិតពីរឿងជាតិ... »
ចំពោះរឿងរ៉ាវដ៏អាស្រូវ ដែលលើកឡើងថា មានការលួចសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងអតីតមេទ័ពយួន រហូតបង្កើតបានលោក ហ៊ុន ម៉ាណែត នោះ ជារឿងរ៉ាវចាស់វស្សាមួយ ដែលមិនមែនទើបតែកើតមាន ក្នុងប៉ុន្មានខែនេះទេ តែគេគួររំលឹកឡើងវិញថា រឿងនេះត្រូវបានក្រុមអ្នកមិនស្រប នឹងលោក ហ៊ុន សែន លើកមកសរសេរ បង្ហោះផ្សាយជាច្រើនដង ច្រើនលើកច្រើនគ្រា តាំងពីច្រើនឆ្នាំមុនម្លេះ។ លោក សម រង្ស៊ី ខ្លួនលោក ក៏ធ្លាប់ចេញលិខិតមួយ កាលពីខែមិថុនាឆ្នាំទៅម៉ិញ សរសេរសម្ដែងការសោកស្ដាយ និងចូលរួមការឈឺចាប់ ក្នុងករណីនេះ ជាមួយលោក ហ៊ុន សែន នោះដែរ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅបាននិយាយទាក់ទងនឹងរឿងរ៉ាវនេះ នៅពេលបន្ទាប់មកទៀតថា៖ «ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ (ជាមនុស្ស)ល្ងង់ គិតស្រាល ចោទប្រកាន់គេគ្មានមូលដ្ឋានបែបនេះ មានបំណងអាក្រក់ គ្រាន់តែយករឿងបុគ្គល យកមកបាំងមុខ យកមកបង្វែរអារម្មណ៍ កុំឲ្យប្រជាពលរដ្ឋគិតពីរឿងជាតិ»៕