អ៊ឺរ៉ុបបន្តរម្លឹករដ្ឋាភិបាលកម្ពុជា ឲ្យស្ដារលក្ខខណ្ឌសម្រាប់ការបោះឆ្នោតត្រឹមត្រូវ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 09, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សហភាពអ៊ឺរ៉ុប នៅតែបន្តជំរុញ ទៅកាន់អាជ្ញាធរកម្ពុជា ឲ្យចាត់វិធានការ ដែលចាំបាច់ ដើម្បីស្ដារលក្ខខណ្ឌនានា សម្រាប់ការបោះឆ្នោត ដែលអាចទទួលយកបាន មានតម្លាភាព និងមានភាពចម្រុះ» នេះ ជាការអះអាងសារជាថ្មី របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ប្រមុខការទូត នៃសហភាពអ៊ឺរ៉ុប ដែលជាការឆ្លើយតប ក្នុងដើមខែកុម្ភៈនេះ ទៅនឹងសំនួររបស់សមាជិកសភាអ៊ឺរ៉ុប ជុំវិញស្ថានការណ៍នយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី ដែលមានតំណែងជា អនុប្រធានគណៈកម្មការអ៊ឺរ៉ុបផង និងជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខនោះផង បានឆ្លើយតបជាលាយលក្ខណ៍អក្សរ ទៅនឹងសំនួរលេខ «E-006998/2017» របស់តំណាងរាស្ត្រអ៊ឺរ៉ុប លោក «Ramon Tremosa» ថាសហភាពអ៊ឺរ៉ុប បានបំពេញបេសកកម្មជាច្រើន សម្រាប់ការបោះឆ្នោត នៅកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំ រហូតមកដល់ឆ្នាំ២០១៧ កន្លងមកនេះ។
អ្នកស្រីបានបន្តសរសេរ សង្កត់ធ្ងន់ថា៖ «ប៉ុន្តែ ការរំលាយដោយបង្ខំ នូវគណបក្សប្រឆាំងដ៏សំខាន់ (CNRP) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧មកនោះ បានបំផ្លាញចោល នូវលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីពេលថ្មីៗ និងបានបង្កការប៉ះពាល់ ទៅដល់ភាពទទួលយកបាន នៃដំណើរការរៀបចំការបោះឆ្នោត ដែលនាំទៅដល់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ សហភាពអ៊ឺរ៉ុប បានសម្រេចចិត្តផ្អាកជំនួយរបស់ខ្លួន សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC)។»។
កាលពីចុងឆ្នាំទៅម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា លោកនិងរដ្ឋាភិបាលរបស់លោក មិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺមិនបានតម្រូវ ឲ្យប្រធានាធិបតីនៃប្រទេសដទៃ ឬអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនោះទេ តែតម្រូវឲ្យតែប្រជាជនកម្ពុជា ទទួលស្គាល់ វា«ចប់សព្វគ្រប់ហើយ»។
កាលពីម្សិលម៉ិញ ឯកអគ្គអង្គទូតសហភាពអឺរ៉ុប លោក ច្សច អេដហ្គា (George EDGAR) បានថ្លែងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន «Southeast Asia GLOBE» ថា ដើម្បីឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា មានភាពស្របច្បាប់អាចទទួលយកបាន គឺទាល់តែអនុញ្ញាត ឲ្យគណបក្សប្រឆាំងបានចូលរួមដែរ។ លោកថា ការផាត់ចោលគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្ររហូតដល់ជិត ៤៤% បែបនេះ គឺជាបញ្ហាដ៏ធំមួយ។
លោកឯកអគ្គអង្គទូត បានរម្លឹកថា ចំណុចសំខាន់ នៃគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺការផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាអ្នកសម្រេចជ្រើសរើសមេដឹកនាំ ដែលនឹងតំណាងពួកគាត់នៅរដ្ឋសភា ស្របតាមឆន្ទៈពិតប្រាកដ របស់ពួកគាត់។ លោក ច្សច អេដហ្គា បានបន្តថា គណបក្សប្រឆាំង ទោះប្រទេសណា ក៏គេចង់ផ្លាស់ប្តូររបបដឹកនាំ របស់បក្សកាន់អំណាច ដើម្បីឲ្យបក្សប្រឆាំងឡើងកាន់អំណាច ជំនួសនោះដែរ។ ដូច្នេះហើយ ទើបគេត្រូវរៀបចំឲ្យមានការបោះឆ្នោតមួយ ដែលមានរបៀបរៀបរយត្រឹមត្រូវ មានតម្លាភាព ដោយសន្តិវិធី និងមានការចូលរួមពីគណបក្សប្រឆាំង និងភាគីពាក់ព័ន្ធ។ បើមិនដូច្នេះទេ លទ្ធផលបោះឆ្នោត នឹងគ្មានភាពស្របច្បាប់នោះឡើយ៕