នៅពេល អូបាម៉ា រំភើបនឹងសំបុត្ររបស់កុមារអាមេរិកម្នាក់...
រឿងរ៉ាវ បានបង្កការរំភើបចិត្ត ដល់អង្គមហាសន្និបាតទាំងមូល នៃអង្គការសហប្រជាតិ កាលពីម្សិលម៉ិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឡើងថ្លែងរៀបរាប់ ពីរឿងនេះ នៅលើវេទិការ នៃមហាសន្និបាតនេះរួច។ បន្ទាប់ពីនោះរួច គេហទំព័ររបស់សេតវិមាន បានយកសំបុត្រនោះ មកបង្ហោះផ្សាយ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត។ តើមានរឿងអ្វីឬ?
គេត្រូវរំលឹកឡើង ពីហេតុការណ៍ដ៏រន្ធត់មួយ កាលពីខែសីហាកន្លងទៅ ខណៈពេលដែលកុមារជាតិអាមេរិកាំង ដែលមានអាយុ៦ឆ្នាំមួយរូប បាននៅពីមុខកញ្ចក់ទូរទស្សន៍ ហើយបានទស្សនារូបភាព ដ៏ខ្លោចផ្សាររបស់កុមារជាតិស៊ីរីម្នាក់ ឈ្មោះ «អ៊ុំរ៉ាន (Omran)» បន្ទាប់ពីការទម្លាក់គ្រាប់បែក ទៅលើលំនៅដ្ឋានរបស់កុមារទាំងកណ្ដាលរាត្រី ក្នុងក្រុងអាឡិប (Alep) ស្ថិតក្នុងភាគពាយ័ព្យ នៃប្រទេសស៊ីរី។ រូបភាព (ទាំងរូបថត ទាំងវីដេអូ) នោះ [...]